អ្នកជំនាញការបានចង្អុលបង្ហាញថា ហ្វូលិក អាស៊ីត ឬ ហ្វូលែត (Folic acide or Folate = គឺ វីតាមីនក្នុងក្រុមវិតាមីន Bដែលរលាយក្នុងទឹក) ចាំបាច់ចំពោះរាងកាយមនុស្សគ្រប់អំឡុងវ័យ និងបានណែនាំឱ្យទទួលទានផ្លែឈើខ្មែរយើង ទាំងទុរេន ចេកពងមាន់ ខ្នុរ គូលែន -ល- ព្រោះសម្ពូរណ៍ទៅដោយហ្វូលែតច្រើន ដែលជួយការពារភាពពិការនៅលើទារក បង្អាក់សភាវៈអាល់ហ្សៃមើរ៍ តែត្រូវញ៉ាំអាហារឱ្យបានច្រើនយ៉ាង និងស័ក្តិសម មានតុល្យការ។
អ្នកស្រីវេជ្ជបណ្ឌិត Rachhanee សាស្រ្តាចារ្យប្រចាំស្ថាប័នភោជនាហារ និងសុខភាពប្រចាំប្រទេសថៃ បានរៀបរាប់ថា ហ្វូលែតជាសារធាតុអាហារដែលមានភាពសំខាន់ចំពោះមនុស្សគ្រប់ក្រុមអាយុ តាំងពីមុនតាំងគភ៌ អ្នកម្តាយក៏ត្រូវការហ្វូលែតច្រើនដែរព្រោះជាអាហារដែលជួយបញ្ឈប់សភាវៈពិការតាំងពីកំណើតរបស់ទារកបាន ធ្វើឱ្យកោសិកាចាប់កំណើតរបស់ទារកចម្រើនធំធាត់បានយ៉ាងប្រក្រតី កាត់បន្ថយសភាវៈមាត់ឆែប និងឆ្អឹងកងខ្នងមិនបិទជិតបាន ខណៈដែលទារកក៏ត្រូវការហ្វូលែតដើម្បីអភិវឌ្ឍន៍កោសិកាខួរក្បាលដែរ ចំណែកមនុស្សចាស់វិញនឹងជួយកាត់បន្ថយសភាវៈអាល់ហ្សៃមើរ៍(Alzheimer=រោគខួរក្បាលចុះខ្សោយ)បាន ក្រៅពីនេះ ហ្វូលែតនៅជួយបង្ហូរសារធាតុស៊ីរ៉ូថូនីន ដែលជួយគ្រប់គ្រងការគេង ការឃ្លាន ការចង់ និងអាការសោកសៅបានទៀតផង។ ហ្វូលែតដែលមាននៅក្នុងបន្លែស្លឹកបៃតង នឹងត្រូវបំផ្លាញបានយ៉ាងងាយដោយកំដៅ ដូច្នេះទើបការទទួលទានឱ្យបានហ្វូលែតតាមបរិមាណដែលរាងកាយត្រូវការ គឺមួយថ្ងៃ 300 ម៉ៃក្រូក្រាមនោះក្លាយជារឿងពិបាក តែ តាមរយៈការស្រាវជ្រាវវិភាគដើម្បីរកកម្រឹតសារធាតុអាហារនៅក្នុងអាហារប្រភេទនីមួយៗនោះ បានរកឃើញថា ហ្វូលែតក្រៅពីមាននៅក្នុងបន្លែស្លឹកបៃតងហើយនោះ នៅមាននៅក្នុងផ្លែឈើក្នុងតំបន់ផងដែរ ដូចជា ទុរេន ចេកពងមាន់ ខ្នុរ ល្ហុង និងគូលែន -ល- ដែលផ្លែឈើទាំងអស់នេះយើងអាចញ៉ាំបានស្រស់ៗដោយមិនចាំបាច់ឆ្លងកាត់ការចម្អឹនឡើយ ធ្វើឱ្យទទួលបានបរិមាណហ្វូលែតយ៉ាងពេញទំហឹង ដូចជាផ្លែទុរេន គឺជាប្រភពដែលមានហ្វូលែតច្រើនបំផុត អាចញ៉ាំត្រឹមតែ 2 គ្រាប់ ក៏ស្មើនឹង 50% របស់បរិមាណដែលបានណែនាំក្នុងមួយថ្ងៃទៅហើយ។
អ្នកម្តាយមានគភ៌អាចបរិភោគផ្លែទុរេនបាន តែក្នុងបរិមាណដែលស័ក្តិសម និងមានតុល្យភាពជាមួយរាងកាយ និងរឿងដែលសំខាន់នោះគឺ អ្នកម្តាយមានគភ៌គួរញ៉ាំអាហារដែលមានគុណប្រយោជន៍ឱ្យបានសម្បូរណ៍បែប ច្រើនយ៉ាង ច្រើនប្រភេទដើម្បីសុខភាពដ៏ល្អរបស់ទាំងខ្លួនឯង និងកូនក្នុងផ្ទៃ៕