រឿង​ដែល​ស្វាមី​គួរ​ដឹង មុន​នាំ​ភរិយា​គ្រប់​ខែ​ទៅ​ប្រសូត​

0
436

ការមើល​ថែទាំ​សុខភាព​ខណៈ​តាំង​គភ៌​ក្នុងអំឡុងពេល​ជិត​ប្រសូត ស្ត្រី​មានគភ៌​អាច​នឹងមាន​អារម្មណ៍​ធុញថប់​តានតឹង និង​កង្វល់​ក្នុង​ចិត្តជា​ច្រើន​រឿង តែ​រឿងនេះ​លោក​ប្តី​អាចជួយ​បាន។ ថ្ងៃនេះ យើងមាន​គន្លឹះល្អៗក្នុងការ​មើលថែ​ភរិយា​ដែលមាន​ផ្ទៃពោះ​គ្រប់​ខែ​ជិត​ប្រសូត 9ចំណុចងាយៗ ដែល​ស្វាមី​អាចធ្វើ​បាន​យ៉ាងពិត​ប្រាកដ។

1 ចំណីអាហារ ៖ ស្វាមី​ត្រូវ​មើលថែទាំ​រឿង​អាហារ​ការហូបចុក​សម្រាប់​ភរិយា​មានគភ៌​តាំងពី​អំឡុងពេលដំបូងៗ ជាពិសេស​ការជួយ​ឱ្យ​ភរិយា​បាន​ញ៉ាំ​អាហារ​គ្រប់5ប្រភេទ​ក្រុម​យ៉ាង​គ្រប់គ្រាន់ ហើយ​ក្នុងអំឡុង​ត្រីមាស​ចុងក្រោយ ត្រូវ​មើលថែទាំ​រឿង​អាហារ​យ៉ាង​ស័ក្តិ-សម ព្រោះ​អំឡុងពេល​ចុងក្រោយ​នៃ​ការតាំង​គភ៌ ស្ត្រី​មានគភ៌​ត្រូវ​ប្រយ័ត្ន​រឿង​ទម្ងន់​ខ្លួន​ឡើង​ខ្លាំង​ជ្រុល។ គួរ​ញ៉ាំ​អាហារ​ដែល​ស្អាត ប្រយ័ត្ន​មេរោគ និង​ការឆ្លង​មេរោគ រឹត​តែបើ​ឆ្លង​មេរោគ​ខាង​ផ្លូវអាហារ​ផង​នោះ វា​អាច​នឹង​ជំ​រុញឱ្យ​ប្រសូត​មុន​កំណត់​បាន។

2 ការហាត់​ប្រាណ ៖ មុនពេល​ប្រសូត​ស្ត្រី​មានគភ៌​អាច​មិនសូវ​ជា​ស្រួល​សប្បាយខ្លួន​ប៉ុន្មាន​ឡើយ តែ​ក៏​នៅតែ​អាច​ហាត់ប្រាណស្រាលៗ ដើម្បី​សម្រាល​អាការ​ចុក​រួយ​បានដែរ​ដោយ​ស្វាមី​អាច​នឹង​ហាត់ប្រាណ​កំដរ​ជាមួយ ឬ​នៅចាំ​ធ្វើ​ម៉ាស្សា​ខ្នង​ផ្នែក​ខាងក្រោម ធ្វើ​ម៉ាស្សា-ក​ស្មា ដើម្បី​សម្រាល​ភាព​តានតឹង​របស់​សាច់ដុំ ជួយ​ត្រៀម​ទឹក​ក្តៅឧណ្ហៗសម្រាប់​ត្រាំ​បាតជើង ធ្វើ​ម៉ាស្សា​ជើង ក៏​នឹង​ជួយ​កាត់បន្ថយ​អាការ​ហើមជើង​របស់​ភរិយា​បាន​យ៉ាង​ល្អ​ដែរ។

3 នៅចាំ​សង្កេតមើល​អា​ការខុស​ប្រក្រតី​ដែល​ត្រូវ​ប្រញាប់​នាំទៅ​មន្ទីរពេទ្យ ៖ ស្ត្រី​មានគភ៌​ថ្មីថ្មោង​ដែល​នៅ​មិនទាន់មាន​បទពិសោធ ត្រូវ​អាស្រ័យ​ការសង្កេតមើល​ពី​សំណាក់​ស្វាមី​ផងដែរ ដោយ​អាការ​ខុស​ប្រក្រតី​ដែល​បញ្ជាក់ប្រាប់​អំពី​ការ​ប្រសូត​មានដូចជា ពោះ​ឡើង​រឹង ឈឺពោះ​ជិត​ប្រសូត និង​បែក​ទឹកភ្លោះ​ជាដើម។ ស្វាមី​អាច​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​ឱ្យដឹង​ច្បាស់​ថា តើអាការ​បែបណា​ទើប​ហៅថា បែក​ទឹកភ្លោះ ឬ​មាន​ទឹករំអិល​ឈាម​ចេញ​តាម​រន្ធ​ស្បូន បញ្ជាក់​ពីស​ភាវ​ដែល​មាត់ស្បូន​បើក​ជាដើម។ ក្រៅពីនេះ​ស្វាមី​ត្រូវ​នៅចាំ​សង្កេតមើល បើ​កូន​ក្នុង​ផ្ទៃមិនសូវ​រើ ឬ​មិន​រើ​តែម្តង ឬ​ភរិយា​មាន​អា​ការខុស​ប្រក្រតី​ពាក់ព័ន្ធ​នឹង​រោគ​ជ្រៀតជ្រែក ឬ​ជំងឺ​ប្រចាំកាយ​ផង ព្រោះ​អំឡុងពេល​ចុងក្រោយ​របស់​ការ​មានគភ៌​នេះ​មាន​ភាព​ប្រថុយប្រថាន​ខ្ពស់ ការប្រែប្រួល​ខាង​រាងកាយ ឬ​អ័រម៉ូន​ប្រែប្រួល បើ​រោគ​ទាំងនោះ​កម្រើក​ឡើង​អាច​ហុច​ផលប៉ះពាល់​ដល់​ជីវិត​របស់​ភរិយា និង​កូន​បាន។

4 យកចិត្តទុកដាក់​យ៉ាង​ល្មម​សមរម្យ ៖ ក្រៅពី​នៅចាំ​សង្កេតមើល​អាការ​ខុស​ប្រក្រតី​ហើយ​នោះ គួរ​សួរនាំ​ពី​អាការ និង​បបួល​ភរិយា​ធ្វើ​កិច្ចការងារ​រួមគ្នា ដើម្បី​បន្ធូរបន្ថយ​ខាងអារម្មណ៍ ដូចជា ធ្វើ​ម្ហូបម្ហា មើល​កុន ស្តាប់ភ្លេង​ជាមួយគ្នា​នៅ​នឹង​ផ្ទះ ព្រោះ​ភរិយា​អាច​នឹងមិន​ងាយស្រួល​ក្នុងការ​ចេញទៅ​ក្រៅ​ជាដើម។

5 និយាយ​លេង​ជាមួយ​ភរិយា និង​កូន​ក្នុង​ផ្ទៃ​ភរិយា ៖ ក្រៅពី​បន្ធូរបន្ថយ​អារម្មណ៍​ភរិយា​ហើយ នៅ​ជា​វិធី​ជំរុញ​វិវឌ្ឍនាការ​របស់​កូនតូច​បាន​ទៀតផង។

6 ត្រៀមខ្លួន​មុន​ប្រសូត ៖ ចាប់ផ្តើម​ពី​ការប្រឹក្សា​ជាមួយ​គ្រូពេទ្យ​ពាក់ព័ន្ធ​នឹង​វិធី​ការ​ប្រសូត ទោះជា​ភរិយា​ចង់​ជ្រើស​រើសយក​ការ​វះ​ប្រសូត ឬ​ប្រសូត​តាម​ធម្មជាតិ​ក៏ដោយ ព្រោះ​ទាំង2បែប​មានការ​ត្រៀមខ្លួន និង​ការមើល​ថែទាំ​ខុសប្លែក​ពីគ្នា។

7 ស្វាមី​គួរ​មាន​ចំណែក​រួម​ក្នុងការ​ពិចារណា​ជ្រើសរើស​មន្ទីរពេទ្យ ៖ មិនថាតែ​រឿង​របស់​ភរិយា​ដែលមាន​ជំងឺ​ប្រចាំកាយ ឬ​រឿង​របស់​កូនតូច​ក្រោយពេល​ប្រសូត​នោះឡើយ។ ការពិចារណា​ពី​មន្ទីរពេទ្យ​ដែលមានអ្វីៗគ្រប់ ជ្រើសរើស​ក្រុមគ្រូពេទ្យ​ដែលមាន​អារម្មណ៍​ជឿជាក់​ក្នុង​ចិត្ត នឹង​ជួយ​ឱ្យមាន​អារម្មណ៍​សប្បាយ​នឹង​ធូរស្រាល​បាន។

8 ជា​អ្នក​មើលថែទាំ​ភរិយា​ពេល​ជិត​ប្រសូត ៖ ស្វាមី​គួរ​នៅ​មើលថែទាំ​ភរិយា​យ៉ាង​ជិតដិត​គ្រប់ពេលវេលា តែបើ​មានធុរៈ​ប្រញាប់​បន្ទាន់​ឬ​មិនអាច​នៅ​មើល​បាន គួរឱ្យ​សាច់ញាតិ​ជិតស្និទ្ធ ដូចជា ឪពុកក្មេក​ម្តាយក្មេក បងប្អូន​ខាង​ខ្លួនឯង ឬ​សាច់ថ្លៃ មកជួយ​មើលថែទាំ​ភរិយា​យ៉ាង​ជិតដិត​ផង។

9 រៀបចំ​ចាត់​ត្រៀម​សភាព​បរិស្ថាន​ជុំវិញខ្លួន​សម្រាប់​កូនតូច ៖ មិន​ថា​ជា​ឧបករណ៍ របស់របរ​ប្រើប្រាស់​សម្រាប់​កូនតូច​បន្ទប់​គេង​របស់​កូន ទីកន្លែង​សម្រាប់​កូនតូច ចាត់ចែង​រៀបចំ​សភាព​ខាង​ក្នុងផ្ទះ​ឱ្យ​រួចជាស្រេច2ខែ​មុននឹង​ដល់កំណត់​ប្រសូត៕

LEAVE A REPLY

Please enter your comment!
Please enter your name here