រឿងដែលនឹកស្មានមិនដល់តែងតែកើតឡើងគ្រប់ពេលវេលា…ដូច្នេះអ្នកម្តាយមានគភ៌គួរតែមានការប្រុងប្រយ័ត្នជាប់ជានិច្ច ព្រោះធ្លាប់បានឃើញឧទាហរណ៍ជាច្រើនមកហើយ ដូចជា មានមិត្តភក្តិជិតដិតម្នាក់ នាងមានផ្ទៃពោះ 5 ខែទៅហើយ តែក៏នៅតែចូលចិត្តធ្វើការងារប្រចាំថ្ងៃដូចមនុស្សទូទៅធម្មតាអញ្ចឹង រហូតមកដល់ថ្ងៃមួយក៏បានដឹងថា…រឿងដែលនឹកស្មានមិនដល់ និងធ្លាប់តែធ្វើជាប្រចាំនោះ បានហុចផលមិនល្អដល់ខ្លួន ហើយថែមទាំងមានផលអាក្រក់ទៅដល់កូននៅក្នុងផ្ទៃទៀតផង រឿងទាំងនោះគឺ…
គ្រាន់តែការទំពាអាហារសោះ…
ដឹងទេថា រឿងដ៏តូចតាចមួយនេះ បើអ្នកម្តាយមើលរំលង រឿងនេះអាចនាំមកនូវផលអាក្រក់ជាច្រើនដល់អ្នកម្តាយនិងកូនតូចបាន ។ អ្នកម្តាយមានគភ៌ដែលទទួលទានអាហារបែបប្រញាប់ៗ ទំពាអាហារតែមួយភ្លែតហើយលេបនោះ ផលអាក្រក់ដែលតាមមកគឺ អាហារដែលអ្នកម្តាយលេបចូលទៅក្នុងក្រពះនោះនឹងមិនរំលាយ ធ្វើឲ្យមានអាការណែនឆ្អល់ក្នុងពោះ អាចបណ្តាលឲ្យការទទួលទានអាហារលើកក្រោយថយចុះ កូនតូចនៅក្នុងផ្ទៃក៏ទទួលរងនូវផលប៉ះពាល់នេះតាមដែរ ។
ដូច្នេះក្នុងការទទួលទានអាហារ ទោះជាពេលណាក៏ដោយ សូមអ្នកម្តាយនឹកក្នុងចិត្តជាប់ជានិច្ចថា ត្រូវទទួលទានឲ្យបានទៀងទាត់ពេលវេលា ហើយត្រូវទំពាអាហារឲ្យបានល្អិត ព្រោះនេះគឺជារឿងល្អមួយ ដើម្បីឲ្យកូនតូចរបស់អ្នកបានទទួលសារធាតុអាហារបានពេញលេញតាមនោះដែរ។
រហ័សទាន់ចិត្ត ដល់ណាដល់ហ្នឹងដែរ…
អ្នកម្តាយមានគភ៌ខ្លះច្រើនតែភ្លេចថា ខ្លួនឯងកំពុងពពោះ ធ្វើឲ្យការដើរ ក្រោក អង្គុយ រត់ រួមទាំងការធ្វើចលនាផ្សេងៗប្រព្រឹត្តទៅតាមធម្មតា ចំពោះរឿងនេះ សូមជំរាបថា បើអ្នកម្តាយដែលមានអាយុគភ៌នៅតិច អាចគ្មានគ្រោះថ្នាក់អ្វីធ្ងន់ធ្ងរទេ តែបើជាអ្នកម្តាយដែលអាយុគភ៌ស្ថិតក្នុងអំឡុងខែក្រោយៗ ហើយមានការធ្វើចលនា ដូចជា ក្រោក ដើរ រត់ បែបរហ័សៗនោះ ប្រាកដណាស់ ពិតជាមានផលប៉ះពាល់ដល់កូនតូចដែលនៅក្នុងផ្ទៃមិនខាន អាចដល់ថ្នាក់មានកាបុកប៉ះនឹងសាច់ជញ្ជាំងស្បូនក្នុងពោះ ទៅជំរុញឲ្យស្បូនបង្រួញខ្លួន ធ្វើឲ្យអ្នកម្តាយមានអារម្មណ៍ឈឺពោះ និងបើសិនជាស្បូនកើតការបង្រួញខ្លួនខ្លាំងៗនោះ កូនអាចនឹងប្រសូតចេញមកមុនពេលកំណត់បាន ។ ដូច្នេះអ្នកម្តាយត្រូវធ្វើចលនាឲ្យយឺតៗ ដើម្បីឲ្យកូនតូចក្នុងផ្ទៃមានសុវត្ថិភាព មិនដូច្នោះទេ បេះដូងនឹងធ្វើការខ្លាំង អុកស៊ីហ្ស៊ែនដែលត្រូវបញ្ជូនទៅកូនតូចនឹងត្រូវថយចុះ តែផលអាក្រក់ដែលខ្លាំងជាងហ្នឹងទៅទៀតនោះគឺ កូនតូចនៅក្នុងគភ៌អាចនឹងមិនសូវរឺងមាំ និងធំធាត់យឺត ។
សត្វចិញ្ចឹមគួរឲ្យស្រឡាញ់…
ជាពិសេសឆ្កែ និងឆ្មា អ្នកម្តាយខ្លះកើតរោគប្រត្តិកម្មចាញ់ជាមួយ រោមសត្វ ល្អងធូលី កេសរផ្កា តែក៏នៅតែចូលចិត្តចិញ្ចឹមសត្វនៅក្នុងផ្ទះ និងចូលចិត្តលេងជាមួយពួកវា ដោយមិនបានគិតដល់ សត្វចៃដែលនឹងនាំមេរោគចូលមករកទាំងអ្នកម្តាយ និងកូនតូចដោយមិនបានដឹងខ្លួនឡើយ។ ដូច្នេះអ្នកម្តាយមានគភ៌គួរមើលថែរទាំសម្អាតសត្វចិញ្ចឹមដែលក្នុងផ្ទះឲ្យបានកាន់តែខ្លាំងឡើង ដើម្បីសុខភាព និងអនាម័យដ៏ល្អរបស់អ្នក និងកូនក្នុងផ្ទៃ។
ធ្មេញពុក…
អ្នកម្តាយខ្លះ អាចគិតថាជារឿងតូចតាច រហូតបណ្តោយឲ្យកើតអាការអញ្ចាញធ្មេញឡើងហើម មានខ្ទុះ ឬមិនព្រមព្យាបាល ព្រោះគិតថា អនាម័យ និងភាពស្អាតក្នុងប្រអប់មាត់មិនចាំបាច់យកចិត្តទុកដាក់ខ្លាំងពេកទេ រហូតធ្វើឲ្យកើតមានមេរោគបាក់តេរីកើនឡើងច្រើន រាលដាលទៅដល់ឬសធ្មេញ ធ្វើឲ្យអញ្ចាញឡើងខ្ទុះជាដើម។ រឿងតូចតាចក៏ក្លាយជារឿងធំឡើង ផលប៉ះពាល់ដែលតាមមក គឺមេរោគឆ្លងចូលទៅក្នុងក្រសែឈាម ហើយឆ្ពោះទៅរកកូនតូច រហូតដល់ថ្នាក់អាចធ្វើឲ្យបាត់បង់ជីវិតបានទៀតផង។ ដូច្នេះអ្នកម្តាយមានគភ៌ត្រូវតែថែរក្សាអនាម័យ និងភាពស្អាតក្នុងប្រអប់មាត់ឲ្យបានល្អជាប់ជានិច្ច ព្រោះនេះគឺជារឿងតូចតាចដែលអាចធ្វើឲ្យកើតទៅជារឿងធំបាន ។
យួរ ឬលើករបស់ធ្ងន់…
អ្នកម្តាយមានគភ៌ ត្រូវប្រុងប្រយ័ត្នជាប់ជានិច្ចថា ខ្លួនអ្នកកំពុងតែមានគភ៌!! ចូរកុំលើករបស់ធ្ងន់ៗជាដាច់ខាត តែមានពេលខ្លះ អ្នកម្តាយមួយចំនួនអាចភ្លេចខ្លួនពេលទៅដើរទិញឥវ៉ាន់ ដែលត្រូវយួររបស់របរឡើងជ្រែកដៃ ពេលនោះសាច់ដុំខ្នង សាច់ដុំជើង និងសន្លាក់ផ្សេងៗត្រូវតែធ្វើការធ្ងន់ទាំងអស់ រហូតជំរុញឲ្យកើតរោគផ្សេងៗឡើង ដូចជា សម្ពាធលោហិតឡើងខ្ពស់ ដោយសារតែបេះដូងខំធ្វើការខ្លាំងពេក ឈឺខ្នង ឈឺស្មា និងសន្លាក់ជាដើម ។
បើកសំឡេងបទភ្លេង ឮខ្លាំងៗពេក…
ក្នុងចំណុចនេះចង់បានន័យថា អ្នកម្តាយមានគភ៌ចូលចិត្តបើកបទចម្រៀងឮៗខ្លាំងជាងប្រក្រតី ព្រោះតែយល់ច្រឡំថា កូនតូចនៅក្នុងផ្ទៃនឹងបានឮច្បាស់ ដែលការពឹតទៅ នេះជាគ្រោះថ្នាក់សម្រាប់កូនតូចទៅវិញទេ ព្រោះជាការរុកគួនរំខានកូនតូចនៅក្នុងផ្ទៃដោយត្រង់តែម្តង ដោយសារតែសសៃប្រសាទត្រចៀករបស់កូនមិនទាន់វិវឌ្ឍបានពេញទំហឹងនៅឡើយទេ អាចធ្វើឲ្យកូនតូចកើតក្តីធុញថប់មួម៉ៅ មានផលធ្វើឲ្យការវិវឌ្ឍន៍របស់កូនថមថយចុះបាន។ ការបើកបទចម្រៀងដើម្បីជួយជំរុញការវិវឌ្ឍន៍របស់កូនតូចនៅក្នុងផ្ទៃនោះ គ្រាន់តែចាក់បទភ្លេងដែលមានចង្វាក់ស្រាលៗ ពីរោះៗ ដូចជាបទភ្លេងក្លាស៊ីក ឬក៏បទចម្រៀងធម្មតាទូទៅណាដែលមានចង្វាក់ និងទំនុកភ្លេងងាយស្រួលស្តាប់ មានទំនុកច្រៀង និងអត្ថន័យល្អៗ ប៉ុណ្ណឹងក៏គ្រប់គ្រាន់ណាស់ទៅហើយ៕