ផ្លែឈើគួរតែត្រូវបានរួមបញ្ចូលទៅក្នុងពេលអាហារចម្បងៗរបស់ស្ត្រីមានគភ៌ផងដែរ ព្រោះសារធាតុអាហារសំខាន់ៗដែលមាននៅក្នុងផ្លែឈើ ដូចជា បេតាឃែរ៉ូធីន មានចំណែកសំខាន់ក្នុងការអភិវឌ្ឍសាច់ភ្នាស និងកោសិកាសម្រាប់ប្រព័ន្ធការពារជំងឺរបស់ទារក រួមទៅដល់ការជួយសាងធ្មេញ និងឆ្អឹងឱ្យរឹងមាំ ព្រមទាំងផ្លែឈើដែលសម្បូរទៅដោយអាស៊ីតហ្វូលិក ដែលនឹងជួយការពារអាការខុសប្រក្រតីរបស់ទារកនៅក្នុងគភ៌បានទៀតផង។ តើផ្លែឈើអ្វីខ្លះដែលស្ត្រីមានគភ៌គួរតែទទួលទាន សូមតាមដានជាបន្ត៖
– ផ្លែ អេព្រីខត់ (Apricot) សម្បូរទៅដោយវីតាមីន A, C, E, បេតាឃែរ៉ូធីន, ហ្វូស្វ័រ, ស៊ិលិខន, កាល់ស្យូម និងប៉ូតាស្យូម មានចំណែកជួយក្នុងការអភិវឌ្ឍសុខភាពរបស់ទារកក្នុងគភ៌និងធាតុដែកដែលជួយការពារជំងឺស្លេកស្លាំងទៀតផង។ ស្ត្រីមានគភ៌គួរទទួលទានផ្លែអេព្រីខត់ 2-4ផ្លែក្នុងមួយថ្ងៃ។
– ផ្លែប៉ោម សម្បូរទៅដោយវីតាមីន A, E, D និងជាតិស័ង្កសី(Zinc) ជួយបង្កើនប្រព័ន្ធការពារជំងឺ និងភាពរឹងប៉ឹងមាំមួនរបស់ទារកក្នុងគភ៌កាត់បន្ថយភាពប្រថុយប្រថានពីការកើតរោគហឺត និងរោគឃ្លង់នៅលើក្មេងបានល្អទៀតផង។
– ផ្លែស្វាយទុំ សម្បូរទៅដោយវីតាមីន C ជួយគ្រប់គ្រងប្រព័ន្ធការរំលាយអាហាររបស់ស្ត្រីមានគភ៌ កាត់បន្ថយអាការទល់លាមក និងសម្រាលអាការឆ្លងមេរោគក្នុងអំឡុងពេលមានគភ៌។
– ផ្លែស្ត្រប៊ើរី សម្បូរទៅដោយវីតាមីន C, A, B1, B2, ហ្វូលេត, ធាតុដែក, ម៉ាញេស្យូម, ហ្វ្លាវ៉ូណយដ៍, ស័ង្កសី និងកាកសរសៃអាហារ ជួយបញ្ចុះសម្ពាធឡើងខ្ពស់របស់ស្ត្រីខណៈមានគភ៌ ការពារអាការខុសប្រក្រតីខាងខួរក្បាលរបស់ទារក។
– ផ្លែចេកទុំ សម្បូរទៅដោយវីតាមីន C, B6,ហ្វូលេត, ប៉ូតាស្យូម និងម៉ាញេស្យូមដែលជួយការពារការប្រសូតមុនកំណត់របស់ទារក និងជួយការពាររោគសរសៃឈាមក្នុងខួរក្បាល និងសភាវជ្រៀតជ្រែកដែលពាក់ព័ន្ធនឹងការតាំងគភ៌ផ្សេងៗ។
ចុងក្រោយគេគឺ ផ្លែក្រូច ជាផ្លែឈើសម្រាប់ស្ត្រីមានគភ៌ ព្រោះសម្បូរទៅដោយវីតាមីន C និងហ្វូលេតដែលជួយបំប៉នឱ្យស្ត្រីមានគភ៌មានទឹកដោះដែលពេញទៅដោយសារធាតុអាហារ និងជួយសាងគ្រាប់ឈាមក្រហម និងជួយការពាររោគផ្សេងៗដែលធ្វើឱ្យទារកពិការតាំងពីកំណើតបានទៀតផង៕