ជាស្ថានភាពមួយ ដែលការលូតលាស់នៃទារកជួបឧបសគ្គ។ ជាទូទៅមានសភាពធ្ងន់ធ្ងរ ដែលពេលខ្លះស្រួចស្រាវ ឬ រ៉ាំរ៉ៃ ដែលត្រូវការការព្យាបាលជាបន្ទាន់។ ភាពចុះខ្សោយនៃទារកក្នុងផ្ទៃមាន ២ សំខាន់៖
– ភាពចុះខ្សោយរ៉ាំរ៉ៃ:
• កើតឡើងពេលមានផ្ទៃពោះ
• រកឃើញដោយអេកូសាស្រ្ត
– ភាពចុះខ្សោយស្រួចស្រាវ:
• កើតមានក្នុងពេលសម្រាល
• កើតមានពេលដែលទារកខ្វះអុកស៊ីហ្សែនធ្ងន់ធ្ងរ
ក) ការសង្ស័យ ពេលទារកចុះខ្សោយ៖
– ករណីភាពចុះខ្សោយរ៉ាំរ៉ៃ:
• សញ្ញាអាយុជីវិតរបស់ទារកមិនល្អគ្រប់គ្រាន់
• ការលូតលាស់មិនគ្រប់គ្រាន់ឬមានវត្តមាននៃកង្វះទឹកភ្លោះ ដែលយើងអាចដឹងតាមរយៈអេកូសាស្រ្ត
• មានភាពមិនប្រក្រតីនៃសរសៃឈាមនិងទារកក្នុងផ្ទៃ តាមរយៈ Doppler។
– ភាពចុះខ្សោយស្រួចស្រាវ នៅពេលឈឺពោះសម្រាល:
• មានការប្រែប្រួលចង្វាក់បេះដូងទារក
• មានការចេញលាមកព្រៃក្នុងទឹកភ្លោះ
• កម្រិតអុកស៊ីហ្សែនក្នុងឈាមរបស់ទារកចុះទាប (Acidose métabolique)
– ភាពចុះខ្សោយស្រួចស្រាវ បន្ទាប់ពីពេលកើត:
• ភាពចុះខ្សោយនៃពហុសរីរៈ (ថ្លើម តំរង់នោម)
• ភាពចុះខ្សោយនៃខួរក្បាល
ខ) មូលហេតុនៃភាពចុះខ្សោយ៖
– ជំងឺរបស់ម្តាយ (ឧ. លើសឈាម…)
– ភាពមិនធម្មតានៃការកន្រ្តាក់ស្បូន (ឧ. ឈាមកកក្រោយសុក…)
– បណ្តាលមកពីសុក ឬទងសុក (ឧ. សុកពាំងបាំងមុខស្បូន, ទងសុករុំកូន…)
– បណ្តាលមកពីទារក (ឧ. ទារកប្រឈមនឹងការឆ្លងមេរោគ…)
គ) រោគសញ្ញានៃភាពចុះខ្សោយ៖
– ការមានលាមកព្រៃរបស់ទារកនៅក្នុងទឹកភ្លោះ
– ការថយចុះនៃសំលេងចង្វាក់បេះដូង
– កម្រិត pH < 7,5 (ឈាមដែលបូមចេញពីសរសៃឈាមនៃទងសុកទារក)
ឃ) ការវិវត្តន៍នៃភាពចុះខ្សោយ៖
– ការវិវត្តន៍ធំសំខាន់ជាងគេ គឺប៉ះពាល់ទៅលើប្រព័ន្ធប្រសាទរបស់ទារក
– ការវិវត្តិន៍មាន ៣ដំណាក់កាល:
• ដំណាក់កាលទី១: ដែលវិវត្តនៃភាពខ្សោយរបស់ទារកនឹងបាត់ក្នុងរយៈពេល ២៤ម៉ោង ទៅ ៤៨ម៉ោង។ ដំណាក់កាលនេះមិនប៉ះពាល់ដល់ខួរក្បាលទារកទេ។
• ដំណាក់កាលទី២: វិវត្តនៃបញ្ហាភាពខ្សោយរបស់ទារកនឹងបាត់ក្នុងរយៈពេល ១សប្តាហ៍។ ទារកអាចប៉ះពាល់ដល់ខួរក្បាលក្នុងកម្រិតតិច។
• ដំណាក់កាលទី៣: ដែលវាមានលក្ខណៈធ្ងន់ធ្ងរជាមួយអត្រាស្លាប់ខ្ពស់។
ដូច្នេះយើងត្រូវតាមដានពេលមានផ្ទៃពោះនិងពេលសម្រាល ដើម្បីធ្វើអន្តរាគមន៍ជាបន្ទាន់ពេលមានរោគសញ្ញាទាំងនេះ។
ង) ការព្យាបាល៖
ការព្យាបាលនៃភាពចុះខ្សោយ ត្រូវធ្វើទៅតាមមូលហេតុនិងរោគសញ្ញារបស់ទារក។ ប្រសិនបើមានសង្ស័យដែលបង្ហាញពីភាពចុះខ្សោយរបស់ទារកដូចបានរៀបរាប់ខាងលើ ត្រូវប្រញាប់មកជួបពិគ្រោះ និងធ្វើការសង្គ្រោះជាមួយវេជ្ជបណ្ឌិតជំនាញនៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីការពារអាយុជីវិតទារកបាន។ ការតាមដាន និងការពិនិត្យផ្ទៃពោះ ការកម្រើករបស់ទារកឲ្យបានទៀងទាត់តាមដំបូន្មានរបស់គ្រូពេទ្យ គឺជាការតាមដានសុខភាពរបស់ទារក ជាពិសេសអំឡុងពេលជិតសម្រាល។
ប្រភព៖ Calmette Hospital