ការ​លើស​អរ​ម៉ូ​នទី​រ៉ូ​អ៊ី​ត លើ​ស្ត្រី​មាន​ផ្ទៃពោះ! (Hyperthyroïdie et la grossesse)

0
1

អរ​ម៉ូ​នទី​រ៉ូ​អ៊ី​ត​ត្រូវបាន​បញ្ចេញ​ពី​ក្រ​ពេញទី​រ៉ូ​អ៊ី​ត ដែលមាន​រាង​ដូច​មេអំបៅ ស្ថិតនៅ​ផ្នែក​ខាងមុខ​នៃ​ដើម​ក ដើម្បី​ទ្រទ្រង់​ជីវិត​មនុស្ស។ ការកើនឡើង​លើសពី​ប្រក្រតី​នៃ​អរ​ម៉ូ​ន​នេះ បង្ក​ឲ្យ​មាន​វិបត្តិ​សុខភាព​ធ្ងន់ធ្ងរ។ ការកើនឡើង​លើស​ប្រក្រតី​នៃ​អរ​ម៉ូ​នទី​រ៉ូ​អ៊ី​ត​លើ​ស្ត្រី​មាន​ផ្ទៃពោះ មាន​អត្រា​រហូតដល់ ០,២%នៃ​ស្ត្រី​មាន​ផ្ទៃពោះ ហើយ​វា​អាច​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​ម្តាយ និង​ទារក​ក្នុង​ផ្ទៃ​បើ​ពុំ​បានទទួល​ការព្យាបាល​ឲ្យ​បាន​ត្រឹមត្រូវ និង​ទាន់ពេលវេលា​ទេនោះ។

 

 

ក) រោគសញ្ញា៖

– ការ​ស្រក​ទម្ងន់ ឬ​មិន​ឡើង​ទម្ងន់​ក្នុងកំឡុងពេល​មាន​ផ្ទៃពោះ ជា​សញ្ញា​មួយ​ដែល​ធ្វើ​ឲ្យ​យើង​គិតដល់​ជំងឺ​នេះ

– ការ​ក្អួត​ខ្លាំង (ចាញ់កូន​ខ្លាំង)

– អស់កំលាំង

– បេះដូង​ដើរ​ញាប់

– ហត់

– ឆាប់​ខឹង ឆាប់​មួម៉ៅ

 

 

ខ) មូលហេតុ៖

– ជំងឺ Basedow ជា​មូល​ហេតុដែល​ជួបប្រទះ​ញឹកញាប់​ជាងគេ វា​កើតឡើង​ដោយសារ​ការបញ្ចេញ​អង់​ទីករ ភ្ញោ​ច​ទៅលើ​ក្រ​ពេញទី​រ៉ូ​អ៊ី​ត (Anticorps Anti-Récepteur de la TSH)

– ការកើនឡើង​អ័រម៉ូន​ទី​រ៉ូ​អ៊ី​ត​ក្នុង​រយៈពេល​ខ្លី កើតឡើង​ដោយ​ការ​ភ្ញោ​ច​អ័រម៉ូន​របស់​គ៌​ភ (β-HCG) ទៅលើ​ក្រ​ពេញទី​រ៉ូ​អ៊ី​ត ហើយ​វា​ត្រលប់​ទៅរក​ភាពប្រក្រតី​វិញ​នៅ​ទ្រី​មាស​ទី២ និង​ទី៣

– ដុំ​ពក​ក​ច្រើន (Goitre multinodulaire toxique)

– ដុំ​ពក​ក (Adénome toxique)

– ការ​រលាក​ក្រ​ពេញទី​រ៉ូ​អ៊ី​តផ្សេងៗទៀត (Thyroïdites)

 

 

គ) ផលវិបាក៖

– ផលវិបាក​លើ​ម្តាយៈ

  • រលូត​កូន (Fausses couches spontanées)
  • កូន​កើត​មិន​គ្រប់​ខែ (Prématurité)
  • ការឡើង​សំពាធ​ឈាម​ពេល​មាន​ផ្ទៃពោះ (HTA gravidique)
  • ក្រលាភ្លើង (Pré-éclampsie)
  • ខ្សោយបេះដូង (Insuffisance cardiaque)

 

– ផលវិបាក​លើ​ទារក​ក្នុង​ផ្ទៃៈ

  • រូបរាង​មិន​ប្រក្រតី (Malformation congénitale)
  • ការលូតលាស់​យឺតយ៉ាវ (Retard de Croissance)
  • កូន​ស្លាប់​ក្នុង​ផ្ទៃ (Mort in utéro)
  • ការ​លើស​អរ​ម៉ូ​នទី​រ៉ូ​អ៊ី​ត​លើ​កូន (Hyperthyroïdie foetale)

 

 

ឃ) រោគវិនិច្ឆ័យ៖

ការធ្វើ​រោគវិនិច្ឆ័យ​ជំងឺ​នេះ គឺ​ផ្អែកលើ​ការពិនិត្យ​ឈាម​មើល​កំរិត​អរ​ម៉ូ​ន​ក្នុង​ឈាម

– ការកើនឡើង​នៃ T4 libre

– ការថយចុះ​នៃ TSH

– ការស្វែងរក​មូលហេតុ​តាមរយៈ​ការធ្វើ​អេកូ​សាស្ត្រ​លើ​ក្រ​ពេញទី​រ៉ូ​អ៊ី​ត និង​ការពិនិត្យ​ឈាម​រក​អង់​ទីករ ដែល​ភ្ញោ​ច​ទៅលើ​ក្រ​ពេញទី​រ៉ូ​អ៊ី​ត (TRAK)

 

 

ង) ការព្យាបាល ៖

ចំពោះ​ការព្យាបាល ត្រូវបាន​ធ្វើឡើង​ដោយ​ប្រើ​ថ្នាំ ដើម្បី​បន្ថយ​អរ​ម៉ូ​នទី​រ៉ូ​អ៊ី​ត ទៅតាម​កម្រិត​របស់​វា។

 

ច) ដំបូន្មាន៖

– ស្ត្រី​មាន​ផ្ទៃពោះ​គ្រប់រូប​គួរតែ​តេស្ត​ឈាម​មើល​កំរិត​អរ​ម៉ូ​នទី​រ៉ូ​អ៊ី​ត​ឲ្យ​បាន​ឆាប់រហ័ស និង​ទាន់ពេលវេលា

– ស្ត្រី​ដែល​ត្រូវបានធ្វើ​រោគវិនិច្ឆ័យ​ថា មាន​លើស​អ័រម៉ូន​ទី​រ៉ូ​អ៊ី​ត ត្រូវ​ប្រញាប់​មក​ពិគ្រោះ និង​ព្យាបាល​ជំងឺ​ជាមួយ​គ្រូពេទ្យ​ឯកទេស​ផ្នែក​ជំងឺ​ក្រពេញ​ឲ្យ​បាន​ឆាប់​ជាទីបំផុត និង គោរព​តាម​ដំបូន្មាន​គ្រូពេទ្យ​ជំនាញ​ឲ្យ​បាន​ខ្ជាប់​ខ្ចួ​ន ដើម្បី​សុ​វត្តិភាព​ម្តាយ និង​កូន។

 

ប្រភព៖Calmette Hospital

LEAVE A REPLY

Please enter your comment!
Please enter your name here