ការធ្លាក់ឈាមកំឡុងពេលមានគភ៌ ជាក្តីបារម្ភរបស់ស្ត្រីជាមាតាទាំងឡាយ ។ ២០% ទៅ ៣០% នៃគភ៌សរុបអាចជួបប្រទះបញ្ហានេះនៅកំឡុងពេលត្រីមាសដំបូង (តិចជាង ៣ខែ ឬតិចជាង ១២សប្តាហ៍)។ បញ្ហានេះអាចជាសញ្ញាអាសន្ន ដែលស្ត្រីចាំបាច់ត្រូវត្រួតពិនិត្យនិងតាមដានជាបន្ទាន់នៅមន្ទីរពេទ្យ។
ក) ប្រភេទនៃការធ្លាក់ឈាម៖
– ការធ្លាក់រំអិលឈាមក្រហម ឬក្រម៉ៅ (កករ ឃ្លោក ឬកាកកាហ្វេ)
– ការធ្លាក់ឈាមដូចកណ្តាលរដូវ ពណ៌ក្រហម ឬ ក្រម៉ៅ
– ការធ្លាក់កំណកឈាម ក្រហម ឬក្រម៉ៅ
ខ) រោគសញ្ញាផ្គួបផ្សំ៖
– ឈឺពោះ ឬឈឺលើថ្ងាសផ្នែកខាងក្រោមនៃពោះ
– កម្រិតឈឺ តិច ឬខ្លាំង
– រោយចង្កេះ
– អស់កម្លាំង ល្ហិតល្ហៃ
– បាត់បង់ស្មារតី
គ) មូលហេតុ ដែលអាចជួបប្រទះ (ពីស្រាលទៅធ្ងន់)មាន៖
– ការប៉ះទង្គិច ឬកកិតមាត់ស្បូន (ការរួមភេទ, ការពិនិត្យមាត់ស្បូន)
– ការបង្កកំណើតរបស់គភ៌ក្នុងស្បូន (ការកាច់សំបុក)
– ការគម្រាមរលូត ឬរលូត
– កូនក្រៅស្បូន
– កូនពង
– ការរលាកមាត់ស្បូន
ឃ) ដំបូន្មាន៖
– ប្រការគួរជៀសវាងមាន ការរួមភេទ ការហែលទឹក ការធ្វើដំណើរឆ្ងាយ និងការធ្វើការងារធ្ងន់។
– សូមរក្សាអនាម័យដោយការផ្លាស់ប្តូរសំឡីទ្រនាប់ និងការសំអាតប្រដាប់ភេទ។
– សូមស្ត្រីយកចិត្តទុកដាក់ និងវាយតំលៃលើបរិមាណនៃការបាត់បង់ឈាមតាមទ្វាមាស ដោយត្រួតពិនិត្យលើការប្រើប្រាស់សំឡីអនាម័យ ចំនួននៃការផ្លាស់ប្តូរសំឡី និងកម្រិតឈាមដែលជ្រាបជោគលើសំឡីរបស់ស្ត្រី។
– គ្រូពេទ្យជំនាញ ឬឆ្មបជំនាញ នឹងសួរបញ្ជាក់សុំឲ្យស្ត្រីរៀបរាប់នូវសភាព និងលក្ខណៈនៃឈាម ដែលហូរតាមទ្វាមាសរបស់ស្ត្រី។ ស្ត្រីអាចថតរូបភាពបង្ហាញជូនគ្រូពេទ្យ ឬឆ្មបជំនាញក៏បាន។
“សូមស្ត្រីយកចិត្តទុកដាក់លើថ្ងៃខែមករដូវជាប្រចាំរបស់ខ្លួន។ បើសិនមានការរាំងរដូវ សញ្ញាធ្លាក់ឈាម ឬឈឺចាប់លើផ្ទៃពោះផ្នែកណាមួយសូមប្រញាប់មកពិនិត្យសុខភាពកុំបីខាន ជាមួយក្រុមគ្រូពេទ្យជំនាញផ្នែកសម្ភព នៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីកំណត់បាននូវរោគវិនិច្ឆ័យ និងធ្វើការព្យាបាលបានទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព”។
ប្រភព៖Calmette Hospital