ការវិវឌ្ឍ​ន៍​រប​ស់ទា​រក​នៅក្នុង​គភ៌

0
1

9 ខែ​ពេញ ដែល​អ្នក​ម្តាយ​មានគភ៌ និង​កូនតូច​ជា​ផ្នែក​មួយ​នៃ​គ្នា​ទៅវិញទៅមក យើង​នាំគ្នា​មក​មើ​លពី​ការ​ចំរើន​ធំធាត់ និង​ការ​វិវឌ្ឍន៍​ដ៏​អស្ចារ្យ​របស់​ទារក​នៅក្នុង​គភ៌​ដូចតទៅ ៖

 

. មានគភ៌​ខែ​ទី 1 : ចាប់ផ្តើម​ក​កំណើត
ខែ​តំបូង​នៅក្នុង​គភ៌​ម្តាយ កូន​គ្រាន់តែ​ជា តួ​កំណើត​តូច​មួយ មើលទៅ​ដូចជា​កូន​បង្គា​តូច​មួយ​ច្រើនជាង​រូប​ទារក មាន​ប្រវែង​ត្រឹមតែ 4 មិល្លីម៉ែត្រ មានតែ​ក្បាល ចំណែក​ដងខ្លួន​មាន​លក្ខណ:ស្រដៀង​កូន​ក្អុក ដែល​ក្រោយមក​នឹង​ក្លាយទៅជា​ឆ្អឹង​កង​ខ្នង តែ​ក្នុងអំឡុង​ពេលនេះ កូន​ចាប់ផ្តើម​កកើត​អវយវ:សំខាន់ៗហើយ រួមទាំង​បេះដូង​ផង…ជា​សញ្ញា​បញ្ជាក់​ពី​ការចាប់​កំណើត​នៃ​ជីវិត​មួយ​នៅលើ​ផែនដី​នេះហើយ ។

. គភ៌​ខែ​ទី 2 : ទារក​នៅក្នុង​គភ៌​ចាប់ផ្តើម​កំរើក
កូន​ធំធាត់​ជាង​ពី​ខែ​តំបូង ឆ្អឹង​មុខនីមួយៗចាប់ផ្តើម​លេចចេញ​ជា​រូបរាង ចំណុចខ្មៅៗដែល​មើលឃើញ​នៅ​ចំ​កណ្តាល គឺ​ប្រ​ស្រី​ភ្នែក​របស់​កូន ចំណែកឯ​ផ្ទៃមុខ​ចាប់ផ្តើម​មើលឃើញ​ជា​រាងរៅ​របស់​ច្រមុះ បបូរមាត់ និង​ត្រចៀក ។ កូន​ចាប់ផ្តើម​មាន​អវយវ:សំខាន់ៗគ្រប់​អស់ហើយ ដៃជើង​ចាប់ផ្តើម​ដុះ ហើយដោយ​សារ​ទំហំ​ដែល​តូច​ល្អឹ​ត អ្នក​ម្តាយ​អាច​នៅ​មិនទាន់មាន​អារម្មណ៍​ដឹងថា កូន​រើ​ឡើយ តែ​ការពិត​វិញ កូន​កំរើកខ្លួន​បាន​ហើយ និង​បេះដូង​របស់​កូន​ចាប់ផ្តើម​លោត​ហើយ ។

 

 

. គភ៌​ខែ​ទី 3 : ពី​តួ​កំណើត ក្លាយជា​ទារក​នៅក្នុង​គភ៌
ពី​តួ​កំណើត​ដ៏​តូច​ល្អឹ​ត កូន​ក្លាយ​មកជា​ទារក​នៅក្នុង​គភ៌​ដែល​កាន់តែ​ដូច​មនុស្ស​ខ្លាំង​ឡើង មាន​អវយវ:គ្រប់ 32 មុខ​ហើយតែ​នៅ​មិនទាន់​ពេញ​រូបរាង​នៅឡើយ និង​ចាប់ផ្តើម​តបស្នង​នឹង​អ្វីដែល​ជំរុញ​ពី​ខាងក្រៅ​បាន​ហើយ ដូចជា បើ​មាន​អ្វី​មក​ប៉ះ​ពោះ​ម្តាយ នឹង​ងាកខ្លួន​គេច ជាដើម ។ ផ្ទៃមុខ​ចាប់ផ្តើម​ឃើញ​កាន់តែច្បាស់​ឡើង រហូត​អាច​មើលឃើញថា មាន​ចង្កា ថ្ងាស់​លាត​ធំ​ឡើង ក្បាល​និង​ក​បញ្ឈរ​ឡើង​ត្រង់ ច្រមុះ​ចាប់ផ្តើម​មាន​ក្តោង​រហូត​មើលឃើញ​បាន​យ៉ាងច្បាស់ ត្របកភ្នែក​មាន​រូបរាង​ច្បាស់លាស់ ហើយ​កូន​ថែមទាំង​ចាប់ផ្តើម​ជញ្ជក់មាត់ ពេលខ្លះ​បូញ​មាត់​បាន​ទៀតផង ។

. គភ៌​ខែ​ទី 4 : មុខមាត់​ដូច​នរណា​គេ​ហ្ន៎?
ទារក​នឹង​រីក​ធំធាត់​លំ​អឹ​ត​តាម​ផ្នែកផ្សេងៗ រហូត​ស្រដៀង​ឪពុកម្តាយ ថែមទាំង​ចេះ​សម្តែង​ទឹកមុខ​បាន​ទៀតផង ។ កូន​ចាប់ផ្តើម​ដុះ​ចិញ្ចើម និង​រោមភ្នែក សរសៃសក់​ចាប់ផ្តើម​ដុះ​ច្រើន និង​មាន​ពណ៌ ប្រព័ន្ធ​ប្រសាទ​ក៏​វិ​វ​ឌ្ឍ​ច្រើនឡើង​ដែរ ។ កូនតូច​ចាប់ផ្តើម​ស្តាប់ឮ​សម្លេង​ខាងក្នុង​ពោះ​ម្តាយ ទាំង​សម្លេង​បេះដូង​របស់​ម្តាយ និង​សម្លេង​គ្រូក​គ្រាក់ ឬ​ក្រចៗនៃ​ប្រព័ន្ធ​រំលាយ​អាហារ​របស់​ម្តា​យខណ:ពេល​ជាមួយគ្នា ភ្នែក​ក៏​ចាប់ផ្តើម​ដឹង​ពី​ពន្លឺ អវយវ:ខាងក្រៅ​នឹង​បញ្ជាក់​ពី​ភេទ​បាន​កាន់តែច្បាស់​ឡើង ធ្វើ​ឲ្យ​ដឹង​ច្បាស់​ហើយ​ថា​ពេលនេះ​កូន​ជា កូនប្រុស ឬ​កូនស្រី​នោះ ។

 

 

. គភ៌​ខែ​ទី 5 : កូន​ចាប់ផ្តើម​ស្តាប់ឮ​សម្លេង
កូន​ចេះ​ប៉ះ​ម្តាយ​ហើយ ព្រោះ​ប្រព័ន្ធ​ប្រសាទ​វិ​វ​ឌ្ឍ​ឡើង​យ៉ាង​ល្អ រហូត​អាច​គ្រប់គ្រង​ការធ្វើការងារ​របស់​សាច់ដុំ រហ័ស​នឹង​ការប៉ះពាល់ និង​រំ​កឹ​ល​ខ្លួន​គេច​កាន់តែ​ច្រើនឡើង​ពេល​មាន​អ្វី​មក​ប៉ះ​ពោះ​ម្តាយ ។ ធ្មេញទឹកដោះ​ចាប់ផ្តើម-ក​ខ្លួន​ឡើង​នៅក្នុង​អញ្ចាញ តាម​ដងខ្លួន​មាន​ដុះ​រោមខ្ចី(រោម​ត្រឡាច) ។ បើ​ចង់​អ្នក​ម្តាយ​ចង់​និយាយ​ជាមួយ​កូន ឬ​ច្រៀង​ឲ្យ​កូន​ស្តាប់​នោះ អំឡុង​ពេលនេះ​សក្តិសម​ល្អជា​ទីបំផុត ព្រោះ​កូន​ចាប់ផ្តើម​បានឮ​សម្លេង​ពី​ខាងក្រៅ និង​តបស្នង​បាន​ហើយ ។

. គភ៌​ខែ​ទី 6 : រូបភាព​តំបូង​នៅក្នុង​ពោះ​ម្តាយ
រូបរាង​មុខមាត់​របស់​កូន​ពេលនេះ​រាងដូចជា​ពេញបរិបូរណ៍​ប្រហាក់ប្រហែល​នឹង​ពេល​ជិត​កើត​ហើយ ឯ​ខួរក្បាល​ក៏​វិ​វ​ឌ្ឍ​ឡើងរហូត​ចាប់ផ្តើម​ចេះ​ចងចាំ និង​រៀន​យល់ដឹង​អ្វីផ្សេងៗបាន​ហើយ ព្រោះ​កោសិកា​ខួរក្បាល​ផ្នែក​ដែលមាន​នាទី​ក្នុង​ការដឹង​ចាប់ផ្តើម​ធ្វើការ​ហើយ ។ ការ​រើ​របស់​កូន​ក្នុងអំឡុង​ពេលនេះ​ក៏​កើតឡើង​យ៉ាង​មាន​ចេតនា​ច្រើនឡើង​ដែរ ដូចជា នៅពេល​មាន​អារម្មណ៍​ខឹង ឬ​មាន​តំរូវការ​អ្វីមួយ​ជាដើម ។ ប្រព័ន្ធ​ប្រសាទ​ខាង​ការ​ឮ​ក៏​វិ​វ​ឌ្ឍ​ឡើង​ច្រើន​រហូត​ចាំ​សម្លេង​របស់​ឪពុកម្តាយ​បានដែរ ។

 

 

. គភ៌​ខែ​ទី 7 : ទារក​ចាប់ផ្តើម​ចេះ​បញ្ចេញ​អារម្មណ៍
កូន​នៅក្នុង​ផ្ទៃ​ចាប់ផ្តើម​បង្ហាញ​ពី​តំរូវការ និង​អារម្មណ៍​ឆ្លើយតប​នឹង​ម្តាយ​បាន​ហើយ ដូចជា បើ​ម្តាយ​ញ៉ាំ​បាយ​ខុសពេល​វេលា ឬឮ​សូរសម្លេងខ្លាំងៗជុំវិញខ្លួន​ច្រើនពេក​នោះ គេ​នឹង​ធាក់ ហើយ​រើ​ខ្លាំង​ដើម្បី​តវ៉ា​ម្តាយ ។ កូន​ចាប់ផ្តើម​ចេះ​ព្រិច​ភ្នែក និង​មើលឃើញ​ហើយ តែ​បានត្រឹមតែ​ចម្ងាយ 20 – 25 សង្ទីម៉ែត្រ​ប៉ុណ្ណោះ ស្មើនឹង​ពេល​កើតមកភ្លាមៗដែរ ។ អំឡុង​ពេលនេះ កូន​ចាប់ផ្តើម​ចេះ​នោម​ហើយ ដោយ​នោម​នៅក្នុង​ទឹកភ្លោះ​ហ្នឹងឯង ។

. គភ៌​ខែ​ទី 8 : ទារក​ចាប់ផ្តើម​ត្រឡប់​ខ្លួន
មិនយូរប៉ុន្មាន​ទៀត​ទេ កូន​នឹង​បើកភ្នែក​មើល​ពិភពលោក​ហើយ ក្នុងអំឡុង​ពេលនេះ​រូបរាង​របស់​កូន​ប៉ុន​នឹង​ទារក​ដែល​គ្រប់​កំណត់​កើត​ហើយ តែ​នៅ​ត្រូវការ​ពេលវេលា​ដើម្បី​វិ​វ​ឌ្ឍ​ថែម​បន្តិចទៀត ។ រយ:ពេលនេះ​កូន​នឹង​រំ​កឹ​ល​ខ្លួន សណ្តូក​ដៃ និង​ជើង​ប៉ះ​នឹង​សាច់​ស្បែក​ពោះ​របស់​អ្នក​ម្តាយ​ឡើង​មើលឃើញ​ស្នាម​ទល់​ឡើង​យ៉ាងច្បាស់ ។ ស្បែក​កូនចាប់​ផ្តើមឡើង​ពណ៌​ផ្កាឈូក សក់​ក្បាល​ចាប់ផ្តើម​ដុះ​ក្រាស់​ឡើង ព្រិច​ភ្នែក​កាន់តែ​ញាប់​ឡើង និង​ដល់ពេល​ត្រឡប់​ក្បាល​ចុះ​ទៅរក​មាត់ស្បូន​ហើយ ។

 

 

. គភ៌​ខែ​ទី 9 : ទារក​ត្រៀមខ្លួន​ចេញមក​ពិភព​ខាងក្រៅ
កូន​មាន​រូបរាងកាយ​ពេញ​បរិរ​បូរ​ណ៍ហើយ អ​វ​យេះ:ផ្សេងៗត្រៀមខ្លួន​នឹងធ្វើ​ការ​ក្រោយពេល​ប្រសូត​រួចជាស្រេច កូន​នឹង​ជំ​រុះរោមខ្ចីៗនៅតាម​រាងកាយ​ចេញ​ស្ទើរតែ​អស់ នៅសល់តែ​ម្តុំ​ស្មា ដៃ ជើង និង​ស្នាម​ផ្នត់​តាម​ដងខ្លួន​ប៉ុណ្ណោះ ។ ខែ​ចុងក្រោយ​នៅក្នុង​ពិភព​ដ៏​តូច​មួយ​នេះ កូន​មាន​មាឌ​ធាត់​មូល​ក្នុង​ឥរិយាបថ​ចំកោងខ្លួន​នៅក្នុង​ស្បូន ក្បាល​ត្រឡប់​ចុះក្រោម​តំរង់​មាត់ស្បូន ដើម្បី​ត្រៀមខ្លួន​ចេញមក​ពិភព​ខាងក្រៅ​ហើយ ។

 

LEAVE A REPLY

Please enter your comment!
Please enter your name here