គ្រាន់តែបានដឹងពីការចាប់ផ្តើមបង្កកំណើតរបស់ទារកនៅក្នុងផ្ទៃភ្លាមអ្នកម្តាយក៏នឹកគិតដល់រឿងរ៉ាវជាច្រើនដែលត្រូវធ្វើក្នុងអំឡុងពេល9ខែទៅមុខទៀត ដើម្បីឲ្យកូនដែលនឹងប្រសូតមកមានសុខភាពល្អបរិបូរ។ខាងក្រោមនេះគឺជាតារាង To-Do List សម្រាប់ឲ្យអ្នកម្តាយគ្រប់រូបអាចអនុវត្តបាននៅពេលមានផ្ទៃពោះពីក្នុងអំឡុងខែទី1 រហូតដល់ពេលកើត ជាពិសេសមាតាថ្មោងថ្មីគ្រប់រូបកាន់តែមានភាពងាយស្រួលក្នុងការថែរក្សាទារកនៅក្នុងផ្ទៃឲ្យប្រកបទៅដោយសុវត្ថិភាពនិងមានសុខភាពមាំមួនល្អ។
ខែទី1
កត់ត្រាទុកថ្ងៃរដូវចុងក្រោយរបស់អ្នក,ប្រាប់ស្វាមីរបស់អ្នកអំពីដំណឹងមានផ្ទៃពោះនេះ និងចាប់ផ្តើមធ្វើការណាត់ជួបជាមួយគ្រូពេទ្យឲ្យបានទៀងទាត់, ចាប់ផ្តើមទទួលយកថ្នាំជាតិដែក, ប្រាប់សាច់ញាតិឬក្រុមការងារពីការមានផ្ទៃពោះរបស់អ្នក ដើម្បីឲ្យពួកគេអាចជួយសម្រួលការងារធ្ងន់ៗមួយចំនួន, ចាប់ផ្តើមបង្កើតសកម្មភាព ដើម្បីសុខភាពល្អជាមួយស្វាមីរបស់អ្នកដូចជា បោះបង់ចោលការជក់បារី និងទម្លាប់មិនល្អដែលនាំឲ្យប៉ះពាល់ដល់សុខភាព។ កាត់បន្ថយការទទួលទានជាតិកាហ្វេអីុន, ពិភាក្សាជាមួយគ្រូពេទ្យអំពីឱសថដែលអាចមានផលប៉ះពាល់ដល់សុខភាពនៅក្នុងអំឡុងពេលមានផ្ទៃពោះ, ទទួលទានអាហារដែលមានប្រយោជន៍ និងមានជីវជាតិគ្រប់គ្រាន់, កុំធ្វើលំហាត់ប្រាណណាដែលបញ្ចេញកម្លាំងខ្លាំងពេក, សិក្សាឲ្យច្បាស់ថាតើអាហារណាខ្លះ ដែលអ្នកគួរចៀសវាង។
ខែទី2
ស្វែងរកចំណេះដឹងអំពីការមានគភ៌បន្ថែមទៀតតាមរយៈការអានឯកសារផ្សេង,ទទួលទានទឹកឲ្យបានគ្រប់គ្រាន់,ស្វែងយល់អំពីវិធីកាត់បន្ថយ និងសម្របខ្លួនជាមួយនឹងអាការចាញ់កូន, ផ្អាកការប្រើផលិតផលគីមី ដូចជា ថ្នាំសម្លាប់សត្វល្អិតជាដើម, កត់សំនួរទុកសម្រាប់សួរនៅពេលទៅជួបគ្រូពេទ្យលើកក្រោយ,ទិញអាវទ្រនាប់ខោទ្រនាប់ថ្មី ដែលមានសភាពទន់ ហើយមានទំហំធំជាងមុន។
ខែទី3
ចាប់ផ្តើមសន្សំប្រាក់ទុកសម្រាប់កូនតូច, ទទួលទានបន្លែ និងផ្លែឈើឲ្យបានច្រើន, ធ្វើអនាម័យ ដើម្បីការពារកុំឲ្យកើតជំងឺផ្សេង, ព្យាយាមចេញឲ្យឆ្ងាយពីការប្រើថ្នាំផ្សេងៗ តែបើអ្នកចាំបាច់ត្រូវតែប្រើនោះ គួរសាកសួរគ្រូពេទ្យឲ្យបានច្បាស់ពីប្រភេទថ្នាំទាំងនោះជាមុនសិន,បន្ថែមសំណើមឲ្យស្បែកពោះដើម្បីការពារអាការរមាស់ ឬស្ងួត, ចៀសវាងការងូតទឹកក្តៅបែបសូណាឬស្ទីមជាដើម។
ខែទី4
ពិនិត្យមើលភេទកូន(ប្រុស, ស្រី), ចាប់ផ្តើមប្តូរពីទម្លាប់គេងផ្កាប់ ឬត្រង់មកជាការគេងផ្អៀងវិញ, ទទួលទានអាហារក្រៅពេល(អាហារសម្រន់)ឲ្យបានញឹកញាប់,ទទួលទានជាតិកាល់ស្យូមឲ្យបានគ្រប់គ្រាន់។
ចំណែកឯខែបន្តបន្ទាប់ទៀត អ្នកក៏ត្រូវបន្ថែមសកម្មភាពជាច្រើនដូចជា បង្កើតទម្លាប់ដើរលេងៗជារៀងរាល់ព្រឹក ឬរាល់ល្ងាច, ចាប់ផ្តើមធ្វើលំហាត់ប្រាណបែបស្រាលៗ ការដើរទិញសម្លៀកបំពាក់សម្រាប់ស្ត្រីមានផ្ទៃពោះ, រកឈ្មោះដាក់ឲ្យកូន, ស្វែងរកគ្រូពេទ្យ និងមន្ទីរពេទ្យដែលអ្នកនឹងត្រូវទៅសម្រាលកូន, ដោះចិញ្ចៀនខ្សែដៃឬ នាឡិកាទុក ចៀសវាងការតឹងណែននៅពេលដែលអ្នកឡើងទម្ងន់ឬមានអាការហើម, ទិញសម្ភារៈប្រើប្រាស់ទុកសម្រាប់ទារកពេលកើត, បោកអ៊ុតសម្លៀកបំពាក់ ឬរបស់ប្រើប្រាស់សម្រាប់ទារកទុកឲ្យហើយ, រៀបចំសម្ភារៈដែលត្រូវយកទៅមន្ទីរពេទ្យទុកមួយឡែក។ល។
សូមចងចាំថាការទទួលទានអាហារ ដែលមានប្រយោជន៍សម្រាប់រាងកាយ ការធ្វើលំហាត់ប្រាណគឺជាសកម្មភាពដែលអ្នកត្រូវធ្វើជារៀងរាល់ថ្ងៃ ចំណែកឯការទៅជួបជាមួយគ្រូពេទ្យត្រូវធ្វើឡើងជារៀងរាល់ខែ ដើម្បីតាមដានការលូតលាស់របស់ទារកព្រមទាំងសុខភាពរបស់អ្នកម្តាយផងដែរ ស្វែងយល់ជាបណ្តើរៗអំពីវិធីថែរក្សាកូនតូច៕