វិធីមើលថែទាំខ្លួនក្នុងអំឡុងពេលមានគភ៌របស់អ្នកម្តាយហុចផលដល់ភាពឆ្លាតវៀងវៃខាងសតិបញ្ញារបស់កូនតូចនៅក្នុងគភ៌។ ទាំងអស់ខាងក្រោមនេះគឺជាវិធី7យ៉ាងក្នុងការសាងនូវភាពឆ្លាតវៃដល់កូនតូចដែលនៅក្នុងផ្ទៃ តើមានអ្វីខ្លះនោះសូមត ាមដានដូចតទៅ៖
1. ធ្វើអារម្មណ៍ឲ្យល្អជានិច្ច
អ្នកម្តាយត្រូវធ្វើអារម្មណ៍របស់ខ្លួនឲ្យបានល្អជាប់ជានិច្ចដើម្បីឲ្យរាងកាយបានបញ្ចេញនូវសារធាតុនៃសេចក្តីសុខចេញមក និងបញ្ជូនបន្តទៅ ដល់កូន ធ្វើឲ្យកូនមានការវិវឌ្ឍន៍ដែលល្អទាំងខួរក្បាល (IQ) និង អារម្មណ៍ (EQ) តែបើអ្នកម្តាយមានអារម្មណ៍មួម៉ៅធុញថប់ច្រើនវិញនោះ រាងកាយរបស់អ្នកម្តាយនឹងបញ្ចេញសារធាតុ Adrenaline ជំនួសវិញដែលនឹងហុចផលដល់កូននៅពេលកើតមក ក្លាយជាក្មេងងង៉ក់រករឿងច្រើន ពិបាកចិញ្ចឹម និងមានការវិវឌ្ឍន៍យឺតជាដើម។
2. ទទួលទានអាហារដែលត្រឹមត្រូវ
ជាពិសេសអាហារដែលសម្បូរទៅដោយអាស៊ីតខ្លាញ់មិនកកដូចជា DHA, AA និង ARA ដែលមានច្រើននៅក្នុងសាច់ត្រីសមុទ្រផ្សេងៗ គឺជាអង្គប្រកបសំខាន់មួយសម្រាប់ខួរក្បាលរបស់កូនដល់ទៅ60%។
3. ហាត់ប្រាណ
ពេលអ្នកម្តាយហាត់ប្រាណ កូននៅក្នុងផ្ទៃក៏ធ្វើចលនាតាមចង្វាក់នៃការហាត់ប្រាណរបស់អ្នកម្តាយដែរ ដែលការធ្វើចលនានេះនឹងជួយជម្រុញប្រព័ន្ធប្រសាទរបស់កូនឲ្យវិវឌ្ឍបានល្អឡើង។
4. អង្អែលក្បាលពោះ
ទង្វើនៃការអង្អែលក្បាលពោះនឹងជួយជម្រុញប្រព័ន្ធសរសៃប្រសាទ និងខួរក្បាលផ្នែកទទួលដឹងពីអារម្មណ៍របស់កូនឲ្យមានការវិវឌ្ឍន៍កាន់តែល្អឡើង ដោយទិចនិកងាយៗគឺ អ្នកម្តាយត្រូវអង្អែលក្បាលពោះរបស់ខ្លួនជារាងរង្វង់មូលទៅមកពីខាងណាមុនក៏បានដែរ។
5. និយាយលេងជាមួយកូនឲ្យបានញឹកញាប់
ប្រព័ន្ធប្រសាទការស្តាប់របស់កូននឹងចាប់ផ្តើមធ្វើការនៅពេលដែលគភ៌របស់អ្នកម្តាយមានអាយុបានប្រមាណជា5ខែ។ ការនិយាយលេងជាមួយកូនដោយសំឡេងដ៏ទន់ភ្លន់ ប្រយោគដដែលៗ នឹងជួយឲ្យប្រព័ន្ធប្រសាទ និងខួរក្បាលដែលគ្រប់គ្រងការឮរបស់កូនវិវឌ្ឍបានកាន់តែល្អឡើង និងត្រៀមខ្លួនជាស្រេចសម្រាប់ការឮ ក្រោយពេលប្រសូតចេញមកហើយ។
6. ស្តាប់បទភ្លេងសប្បាយៗ
មិនថាអ្នកម្តាយស្តាប់បទភ្លេងអ្វីក៏ដោយ កូនតូចក៏នឹងបានស្តាប់តាមនោះដែរ បើែជាបទភ្លេងសប្បាយៗ ឬបទភ្លេងក្លាសស៊ីកផងនោះនឹងរឹតតែជួយជម្រុញឲ្យបណ្តាញប្រព័ន្ធប្រសាទដែលធ្វើការពាក់ព័ន្ធនឹងការស្តាប់ឮរបស់កូនតូចវិវឌ្ឍកាន់តែល្អឡើង ហើយនៅពេលដែលកូនប្រសូតចេញមកនឹងមានសមត្ថភាពក្នុងការរៀងលំដាប់នៃការគិតនៅក្នុងខួរក្បាល មានអារម្មណ៍ធូរស្រាល និងចងចាំរឿងរ៉ាវផ្សេងៗបានល្អទៀតផង។
7. បញ្ចាំងភ្លើងចំក្បាលពោះ
នៅពេលដែលគភ៌អ្នកម្តាយមានអាយុបាន7ខែ កូនតូចអាចព្រិចភ្នែកបានហើយ ការបញ្ចាំងភ្លើងចំក្បាលពោះនឹងធ្វើឲ្យកោសិកាខួរក្បាល និងសរសៃប្រសាទផ្នែកទទួលរូបភាព និងការមើលឃើញរបស់កូនតូចមានការវិវឌ្ឍន៍កាន់តែល្អឡើង និងត្រៀមខ្លួនជាស្រេចសម្រាប់ការមើលឃើញ ក្រោយពេលកើតចេញមក៕