ក្នុងពេលពរពោះ ស្ត្រីគួរមានការយកចិត្តទុកដាក់ខ្ពស់ទៅលើរបប និងប្រភេទចំណីអាហារ ពីព្រោះការបរិភោគ អាហារត្រឹមត្រូវ ធ្វើអោយកូនក្នុងផ្ទៃមានការលូតលាស់ល្អ និងកូនកើតមកឆ្លាតវៃ។ ផ្ទុយទៅវិញ បើស្ត្រីបរិភោគអាហារមិនត្រឹមត្រូវទេ អាចមានការប៉ះពាល់ធ្ងន់ធ្ងរ ដល់សុខភាពកូនក្នុងផ្ទៃ និងសុខភាពកូនពេលកើតមក។
ដោយមានការបំរែបំរួលសរីរាង្គរបស់ស្ត្រីក្នុងពេលពរពោះ អង្គការពារខ្លួនរបស់ស្ត្រីនឹងធា្លក់ចុះ ធ្វើអោយអាហារមួយចំនួនដែលធ្លាប់បរិភោគពីមុន អាចនឹងមានផលប៉ះពាល់នៅពេលបរិភោគ ក្នុងពេលមានផ្ទៃពោះ។
១) ទាក់ទងទៅនឹងប្រភេទ និងរបបអាហារ កំឡុងមានផ្ទៃពោះស្ត្រីគួរប្រតិបត្តិដូចតទៅ៖
– បរិភោគអាហារអោយបាន គ្រប់មុខ មានទាំងបន្លែ សាច់ សុ៑ត គ្រាប់ធញ្ញជាតិ និងផ្លែឈើ។ ក្នុង១ថ្ងៃ ស្ត្រីគួរបរិភោគយ៉ាងហើចអោយបានបន្លែ៥មុខ និងផ្លែឈើ៥មុខ ហើយផ្លាស់ប្តូរគ្នាជារៀងរាល់ថ្ងៃ ព្រោះអាហារដែលមានពណ៌ខុសៗគ្នា ផ្ទុកនូវវីតាមីន ជាតិមីនេរាល់និងប្រូតេអីនផ្សេងៗគ្នា។
– បរិភោគអាហារដែលចំអិនឆ្អិនល្អ ទាំងសាច់ ស៊ុត និងបន្លែ។ ផ្លែឈើត្រូវលាងអោយស្អាត មុននឹងបរិភោគ។
– បរិភោគអាហារដែលមានវីតាមីន C និងអាស៊ីតហ្វូលីកអោយបានគ្រប់គ្រាន់ ក្នុងរយៈពេល ១២ សប្តាហ៍ដំបូង។
– ជ្រើសរើសអាហារណាដែលមានជាតិសរសៃច្រើនដូចជា នំបុ័ង សេរេអាល់ គ្រាប់សណ្តែក បន្លែពណ៌បៃតង។
– ត្រូវបរិភោគអាហារ ឬភេសជ្ជៈដែលមានផ្ទុកនូវជាតិកាល់ស្យូមច្រើន យ៉ាងតិចអោយបាន 1000-1300 មីលីក្រាមក្នុងមួយថ្ងៃ ក្នុងពេលមានផ្ទៃពោះ។
– ត្រូវបរិភោគអាហារណាដែលមានជាតិដែកអោយបានយ៉ាងតិច 27 មីលីក្រាមក្នុងមួយថ្ងៃ។ អាហារទាំងនោះមានដូចជា សាច់ក្រហមសុទ្ធ ស្ពៃខៀវ គ្រាប់សណ្តែក និងសេរេអាល់។
– ត្រូវបរិភោគអាហារដែលមានជាតិអ៊ីយ៉ូដអោយបានយ៉ាងតិច 220 មីក្រូក្រាម ដើម្បីជួយក្នុងការលូតលាស់ខួរក្បាលកូន។ អាហារទាំងនោះមានដូចជាទឹកដោះគោ ឈីស យោហ្គឺត(yogurt) និងអាហារសមុទ្រមួយចំនួនដូចជាត្រីសមុទ្រ ត្រីសាល់ម៉ុង បង្គា ។
– ត្រូវបរិភោគអាហារដែលមានជាតិវីតាមីនសេ រាល់ថ្ងៃយ៉ាងតិច 80-85 មីលីក្រាមក្នុងមួយថ្ងៃ។ អាហារទាំងនោះមានដូចជា ក្រូច មឺឡុង ទំពាំងបាយជូ ស្តរបូរី ល្ហុង ប៉េងប៉ោះ ម្ទេសខៀវ ផ្កាខាត់ណា ប្រូកូលី ស្ពៃក្តោបពណ៌ខៀវ សាឡាត់ខៀវ និងស្ពៃខៀវ។
– ត្រូវបរិភោគអាហារដែលមានជាតិហ្វូឡាត ឬអាស៊ីតហ្វូលីក រាល់ថ្ងៃយ៉ាងតិច 0.64 មីលីក្រាមក្នុងមួយថ្ងៃ ដើម្បីជួយការពារ ការរបើកឆ្អឹងកងខ្នងកូនពីកំនើត ដែលអាចអោយកូនមានភាពពិការជើងទាំងសងខាង។ អាហារទាំងនោះមានដូចជា បន្លែបៃតង សាច់សុទ្ធ គ្រាប់សណ្តែក ជាដើម។
– ត្រូវបរិភោគអាហារដែលមានជាតិវីតាមីនអា រាល់ថ្ងៃ ដូចជា ការ៉ុត ល្ពៅ ដំឡូងក្រហម ស្ពៃខៀវ ននោង ស្លឹកបន្លែដែលមានមើម និងផ្លែមឺឡុង។
២) អាហារដែលស្ត្រីមានផ្ទៃពោះត្រូវជៀសវាងមានដូចជា៖
– ជាតិអាល់កុល: ព្រោះវាអាចបណា្តលអោយមានការសំរាលកូនមុនខែ បាត់បង់នូវភាពឆ្លាតរបស់កូន ការលូតលាស់របស់កូនក្នុងពោះតូចជាងធម្មតា និងអាចបណា្តលអោយមានភាពខុសប្រក្រតីមួយចំនួនលើកូនក្នុងផ្ទៃ។
– ជាតិកាហ្វេអីន: មិនត្រូវបរិភោគលើសពី 300 មីលីក្រាមក្នុងមួយថ្ងៃទេ។
– ជាតិស្ករ រឺផ្អែម មិនត្រូវបរិភោគច្រើនពេកទេ។
– ជាតិខ្លាញ់ និងកូឡេសស្តេរ៉ុល: ត្រូវកាត់បន្ថយ មកត្រឹមតែ 300 មីលីក្រាមក្នុងមួយថ្ងៃ។
– សាច់ត្រីសមុទ្រធំៗ មួយចំនួន ដូចជាត្រីឆ្លាម: ព្រោះមានផ្ទុកនូវជាតិបារ៉តដែលអាចប៉ះពាល់ដល់សុខភាពកូនក្នុងផ្ទៃ។
– ឈីសដែលមិនបានឆ្លងកាត់ការរំងាប់មេរោគ (unpasteurized) ព្រោះវាអាចផ្ទុកនូវមេរោគ listeria
– សាច់ រឺបន្លៃឆៅ ព្រោះវាអាចមានផ្ទុកនូវពពួកបាក់តេរី ឬសត្វល្អិតមួយចំនួនអាចប៉ះពាល់ដល់កូនក្នុងផ្ទៃ។
“ ដើម្បីអោយកូនមានសុខភាពល្អ ប្រាជ្ញាឆ្លាតវៃ ក្រុមការងារវេជ្ជបណ្ឌិត និងគិលានុបដ្ថាកជំនាញនៃមន្ទីរពេទ្យកាល់ម៉ែត សំណូមពរអោយអ្នកមា្តយគ្រប់រូបត្រូវចេះជ្រើសរើសអាហារបរិភោគដែលប្រកបដោយផាសុកភាពទាំងក្នុងអំឡុងពេលមានផ្ទៃពោះ និងពេលបំបៅដោះកូន។ ”
ប្រភព៖ Calmette Hospital
អាហារ ១២ យ៉ាងស្ដ្រីមានផ្ទៃពោះមិនគួរបរិភោគ
សម្រាប់អ្នកម្ដាយកំពុងពពោះ ជឿថាមានជាច្រើននាក់ណាស់ ដែលកំពុងខ្វាយខ្វល់ ហើយបានចោទជាសំនួរថា ” តើមានអាហារណាខ្លះដែលស្ដ្រីមានផ្ទៃពោះមិនគួរទទួលទាន ? ” ព្រោះអាហារខ្លះដែលអ្នកម្ដាយទទួលទានចូលទៅ វាមានផលប៉ះពាល់អាក្រក់ខ្លាំងដល់កូនដែលនៅក្នុងផ្ទៃ រហូតដល់ខ្លួនអ្នកម្ដាយផ្ទាល់ផងក៏មានដែរ ។ ដូច្នោះហើយការទទួលទានអាហាររបស់អ្នកម្ដាយ ខណៈកំពុងតែពពោះក្នុងរយៈពេលនេះ គឺត្រូវមានការអត់ធ្មត់ច្រើន និងតមអាហារជាច្រើន ទើបទទួលបាននូវផលវិជ្ជមានចំពោះរូបអ្នក និងកូន ហើយមានអាហារមួយចំនួនត្រូវបានហាមមិនឲ្យទទួលទានដាច់ខាត។
ខាងក្រោមនេះមានអាហារ ១២ ប្រភេទដែលហាមមិនឲ្យអ្នកម្ដាយកំពុងពពោះទទួលទាន ដូចជា ៖
១. អាហារមានរសជាតិខ្លាំង
អ្នកម្ដាយគ្រប់រូបមិនត្រូវទទួលទានអាហារដែលមានរសជាតិខ្លាំងពេក ដូចជា ជូរខ្លាំង ផ្អែមខ្លាំង ប្រៃខ្លាំង ហឹរខ្លាំងព្រោះវាមានផលប៉ះពាល់អាហារដល់ប្រព័ន្ធរំលាយអាហារ រួមទាំង ក្រពះ ពោះវៀនជាដើម ដែលអាចធ្វើឲ្យអ្នកមានអាការៈរោគរាគរូស ហើមពោះ ចុកឆ្អល់ពោះ ដែលពិបាកនៅក្នុងខ្លួនយ៉ាងខ្លាំង ជាពិសេសដូចសភាពដែលអ្នកកំពុងពុលអាហារអ៊ីចឹង។
២.សាច់ចម្អិនមិនឆ្អិន
អាហារចម្អិនមិនឆ្អិន ឬអាហារនៅឆៅ ដូចជា ស៊ុត សាច់គោ សាច់ជ្រូក ត្រី ត្រីសាម៉ុន បង្គារ ក្ដាម ខ្យង អ៊យស្ទើ ជាដើមដែលអ្នកចម្អិនមិនបានឆ្អិនល្អហើយបរិភោគចូលទៅ វាមានបាតេរីខ្ពស់ ដែលងាយចម្លងមេរោគចូលក្នុងខ្លួនអ្នកម្ដាយគ្រប់រូប ។ សូមកុំគិតថា ទទួលអាហារឆ្អិនស្ទើរមានកំលាំងថាមពលខ្ពស់ ឬផ្ដល់ប្រូតេអ៊ីនដល់រាងកាយឲ្យសោះ ។
៣.អាហារមានជាតិខ្លាញ់ច្រើន
អាហារដែលមានសារជាតិខ្លាញ់ច្រើនដូចជា អាហារចៀន បំពង ឆា ប៊ឺ ឬឈីស ដែលជាប្រភេទអាហារដែលត្រូវហាមបរិភោគខណៈពពោះ ព្រោះថា វាបានធ្វើឲ្យអ្នកចាញ់អាហារហើយមានអាការៈ រាគរូស តឹងពោះ ឡើងទម្ងន់ខុសប្រកតី ពិបាកក្នុងការឆ្លងទន្លេរ ហើយជាពិសេសចំពោះអ្នកដែលស្រលាញ់រាងស្អាត នោះអាចនឹងពិបាកសម្រកគីឡូបន្ដិចក្រោយពេលសម្រាលកូនរួច ។
៤. ប្រភេទត្រីមួយចំនួន
ប្រភេទសត្វត្រីមួយចំនួនត្រូវបានហាមចំពោះស្ដ្រីមានផ្ទៃពោះទទួលទាន ដូចជា ត្រីកណ្តោង ត្រីទីឡាច្យា ត្រីឆ្លាម ត្រីធូណា ត្រីកាម៉ុង ត្រីក្រហម និងប្រភេទត្រីសមុទ្រជាច្រើនទៀត ដែលអ្នកជំនាញនិយាយថា ទទួលហើយអាចប៉ះពាល់ប្រព័ន្ធប្រសាទរបស់កូនបាន ។
៥. ប្រភេទអាហារថ្លើម
ថ្លើម ជាអាហារមានវីតាមីនខ្ពស់បំផុត ប្រសិនបើអ្នកម្ដាយទទួលទានច្រើន អាចមានគ្រោះថ្នាក់ដល់កូនជាទីស្រលាញ់នៅក្នុងផ្ទៃ វាអាចធ្វើឲ្យទារកកើតមកខុសប្រតី ឬពិការបាន តែអាហារប្រភេទនេះ មិនបានហាមមិនឲ្យទទួលទានទាំងស្រុងឡើយ គួរទទួលទាន ២ សប្ដាហ៍ម្ដងទើបល្អ ។
៦.អាហារស្ងួត ឬគ្រាម
អាហារគ្រាម ឬ ស្ងួត ជាប្រភេទដែលមានសារធាតុអំបិលអាស៊ីតខ្ពស់ ដែលបានសម្លាប់គ្រាប់ឈាមលឿង ក្នុងគោលិកាឈាមដែលជាហេតុបណ្ដាលឲ្យកូននៅក្នុងផ្ទៃមានសភាពទន់ខ្សោយ ហើយស្រាល ។
៧.អាហារកំប៉ុង
អាហារកំប៉ុងទាំងសុទ្ធសឹងមានសារធាតុគីមីរក្សាអាហារច្រើន ដើម្បីឲ្យអាហារមានអាយុបានយូរ ហើយវាបានបំផ្លាញគ្រប់ឈាមក្រហម ដែលជាសារធាតុចាំបាច់សម្រាប់ចិញ្ចឹមទារកក្នុងផ្ទៃ ។
៨. ផ្លែឈើមួយចំនួន
ផ្លែឈើដែលស្ដ្រីមានផ្ទៃពោះមិនគួរទទួលទាន ឬ ទទួលតិចបំផុតនោះគឺ ធូរ៉េន ត្របែក ស្វាយ មាន ឳឡឹក ជាដើម ព្រោះផ្លែឈើទាំងនេះ ជាប្រភេទអាហារមានជាតិស៊ីត ហើយអាចបង្កើតសារធាតុហ្គាសនៅក្នុងពោះវៀន ជាហេតុបណ្ដាលឲ្យមានអាការៈ ចុកឆ្អល់ នៅក្នុងពោះ ។
៩. អាហារត្រាំ ឬផ្អាប់
ដូចគ្នានេះដែរ អាហារត្រាំ ឬផ្អាប់ ជាប្រភេទអាហារដែលធ្វើឲ្យអ្នកម្ដាយងាយ រាគរូស ហើមពោះ ចុកឆ្អល់ពោះ ហើយប៉ះពាល់ដល់រាងកាយកូននៅក្នុងផ្ទៃផងដែរ។
១០ .ភេស្ជៈមានជាតិកាហ្វេអ៊ីន
ភេសជ្ជៈមានជាតិកាហ្វេអ៊ីន ដែលអ្នកម្ដាយបានទទួលទាន វាមានផលប៉ះពាល់អាក្រក់ដែលអ្នកត្រូវប្រឈមមុខដូចជា ងាយរលូតកូន កូនមានសភាពទន់ខ្សោយ កើតមកមានទម្ងន់ស្រាល កើតមុនកំណត់ និង មិនគ្រប់អាវៈយាវៈ ក៏មានដែរ ។
១១. ទឹកដោះគោស្រស់
ពិតមែនហើយអ្នកម្ដាយកំពុងពពោះ គឺត្រូវទទួលទានទឹកគោ ក៏ប៉ុន្ដែមិនមែនទឹកគោស្រស់ ឬ ទឹកគោ ដែលមានទាន់សម្លាប់គ្រាប់ឈាមទេនោះ នៅពេលដែលអ្នកបានទទួលទាន វាបានធ្វើឲ្យទារកមានអាការៈចាញ់ ប្រតេអ៊ីនក្លែងក្លាយ ដែលមាននៅក្នុងទឹកដោះគោស្រស់នោះឯង ។
១២. ជាតិអាកុល
អ្នកមានផ្ទៃពោះមិនត្រូវបានអនុញ្ញាតឲ្យទទួលទាន ស្រាបៀរ ឬភេសជ្ជៈដែលមានជាតិអាកុលឡើយ ព្រោះមានផលប៉ះពាល់ដល់ប្រព័ន្ធប្រសាទ ជាពិសេសខួរក្បាលទារក អ៊ីចឹងហើយ ទារកកើតមកអាចខ្សោយបញ្ញាមិនសូវឆ្លាតឡើយ ៕
សារធាតុអាហារដែលចាំបាច់បំផុតសម្រាប់ស្ត្រីមានផ្ទៃពោះ
ស្ត្រីមានគភ៌ត្រូវ ការកម្លាំងថាមពលថែមឡើងពី 150-350កាឡូរីក្នុងមួយថ្ងៃ ដើម្បីការចម្រើនធំធាត់របស់ទារកក្នុងផ្ទៃ និងមេតាបូលី-ហ្ស៊ឹមដែលកើនឡើងរបស់មាតា។ជាទូទៅលោកគ្រូពេទ្យតែងណែនាំឱ្យទទួលទានប្រូតេអុីនបន្ថែមឡើងយ៉ាងតិច 30ក្រាមក្នុងមួយថ្ងៃ និងខាងក្រោមនេះ គឺជាសារធាតុអាហារសំខាន់ៗដែលស្ត្រីមានគភ៌ចាំបាច់ត្រូវតែបានទទួល។
ហ្វូលេត ៈ ស្ត្រីមានគភ៌មួយចំនួនមានភាពប្រថុយប្រថានចំពោះការខ្វះសារធាតុ ហ្វូលេតខ្លាំងណាស់ដូច-ជា ការមានគភ៌កូនភ្លោះ បានទទួល-ទានថ្នាំការពារប្រកាច់ ទើបគួរបានទទួលសារធាតុ ហ្វូលេតបន្ថែមយ៉ាងតិច200-400ម៉ៃខូក្រាម និងឃើញថា ហ្វូលេតថែមទាំងជួយកាត់បន្ថយភាពប្រថុយចំពោះភាពពិការរបស់បំពង់ប្រសាទ ទារកដែលមិនបិទ(Neural Tube Defect)។
សាធាតុដែក ៈ ស្ត្រីមានគភ៌ត្រូវការសារធាតុដែកច្រើនឡើងដើម្បីផលិតគ្រាប់ឈាម ឡារ៉ែន សូមណែនាំឱ្យទទួលយកសារធាតុដែកពីអាហារ30-60មីល្លីក្រាមក្នុងមួយថ្ងៃ តែបើទទួលទានសារធាតុដែកបន្ថែមក្នុងរូបបែប FeSO4 វិញនោះត្រូវឱ្យបានពី300-600មីល្លីក្រាមក្នុងមួយថ្ងៃ។ មានឯកសារមួយបានឱ្យដឹងថា បើកម្រិតសារធាតុដែកខ្ពស់ជ្រុលពេក នឹងនាំឆ្ពោះទៅរកសភាវទឹកនោមផ្អែមខណៈមានគភ៌ ក្រុមវេជ្ជបណ្ឌិតក្នុងប្រទេសអង់គ្លេស និងកាណាដានឹងពិចារណាក្នុងការផ្តល់សារធាតុ
ដែកបន្ថែមចំពោះតែស្ត្រីណាដែលរកឃើញថា មានជំងឺឈាមស្លេកដែលបណ្តាលមកពីការខ្វះសារធាតុដែកតែប៉ុណ្ណោះ។ សម្រាប់ប្រទេសដែលកំពុងអភិវឌ្ឍ ភាគច្រើនគ្រូពេទ្យនឹងឱ្យសារធាតុដែកបន្ថែមជាប្រចាំ ដោយសារតែតែងមានការខ្វះសារធាតុដែកច្រើន ទើបកន្លែងខ្លះមានគ្រោងការបន្ថែមសារធាតុដែក និងហ្វូលេតដល់ស្ត្រីវ័យជំទង់ ដើម្បីកាត់បន្ថយការកើនឡើងនៃរោគឈាមស្លេកតាំងពីពេលមុនតាំងគភ៌។
កាល់ស្យូម ៈ មានភាពសំខាន់សម្រាប់ការអភិវឌ្ឍន៍ឆ្អឹងរបស់ទារក ស្ត្រីមានគភ៌មានតម្រូវការកាល់ស្យូមកើនឡើង 122-167% ឬគួរបានទទួលយ៉ាងតិចបំផុត1ក្រាមក្នុងមួយថ្ងៃ។ តាមរយៈការសិក្សាស្រាវជ្រាវមួយបានឱ្យដឹងថា កាល់ស្យូមនឹងជួយកាត់បន្ថយសម្ពាធឈាមឡើងខ្ពស់នៅលើស្ត្រីមានគភ៌ កាត់បន្ថយភាពប្រថុយប្រថានចំពោះគភ៌មានជាតិពុលបានទៀតផង។
វីតាមីន A ៈ មានសម្ពន្ធភាពជាមួយកម្រិតសារធាតុដែក បើទទួលបានមិនគ្រប់គ្រាន់ក្នុងខណៈមានគភ៌នឹងក្លាយជាមូលហេតុបណ្តាលឱ្យកើតរោគលោហិតស្លេកបាន។ បរិមាណដែលលោកគ្រូពេទ្យណែនាំឱ្យទទួលទាននោះគឺ មួយថ្ងៃ5,000IU បើទទួលបានច្រើនជាង10,000IU ទារកនៅក្នុងផ្ទៃនឹងប្រថុយក្នុងការកើតសភាវពិការ ជាពិសេសប្រព័ន្ធបញ្ចេញទឹកមូត្រ។
វីតាមីន B12 ៈ បើមានកម្រិតទាប រួមជាមួយកម្រិតហ្វូលេតដែលខ្ពស់នៅលើស្ត្រីមានគភ៌នោះ នឹងក្លាយជាបច្ច័យប្រថុយប្រថានអាចនឹងធ្វើឱ្យទារកមានសភាវឌឺនឹងសារធាតុអុីនស៊ូលីននាពេលអនាគតបាន។
ដូច្នេះហើយទើបនឹងការ ជ្រើសរើសប្រើអាហារបំប៉នក្នុងអំឡុងពេលមានគភ៌ អ្នកគួរស្ថិតនៅក្នុងការមើលថែរបស់លោកគ្រូពេទ្យ ដើម្បី ទទួលបានពាក្យណែនាំដែលត្រឹមត្រូវ និងការប្រើថ្នាំដែលស័ក្តិសម និងដើម្បីឱ្យទាំងអ្នកម្តាយ និងទារកក្នុងផ្ទៃមានសុវត្ថិភាព រឹងប៉ឹង និងមានវិវឌ្ឍនាការដ៏ល្អ៕