គ្រាន់ចាប់ផ្តើមបង្ករកំណើតភ្លាម ទារកត្រូវការសារធាតុចិញ្ចឹមជាចាំបាច់ ដើម្បីជំរុញដល់ការលូតលាស់ និងមានសុខភាពល្អ។ អាហារដែលសម្បូរទៅដោយសារធាតុចិញ្ចឹម ក្រៅពីសាច់ និងបន្លែ តើនៅមានផ្លែឈើអ្វីខ្លះទៀតទៅ ដែលអាចប៉ូវឲ្យទារកមានសុខភាពល្អ និងខួរក្បាលឆ្លាតវៃ?
ខាងក្រោមនេះ គឺជាផ្លែឈើមួយចំនួនដែលអ្នកមានផ្ទៃពោះគួរតែទទួលទានជាប្រចាំ៖
ផ្លែប៉ោម
ការញ៉ាំផ្លែប៉ោម មិនត្រឹមតែអាចជួយរក្សាទម្ងន់របស់អ្នកម្តាយ ឲ្យមានស្ថិរភាពប៉ុណ្ណោះទេ វាក៏អាចជួយឲ្យខួរក្បាលទារកវិវត្តបានល្អផងដែរ។ មិនតែប៉ុណ្ណោះ សារធាតុដែករបស់វា អាចជួយការពារម្តាយ និងទារក មិនឲ្យមានជំងឺស្លេកស្លាំង (ខ្វះឈាមក្រហម)។
ផ្លែទំពាំងបាយជូរ
អ្នកណាក៏ចូលចិត្តផ្លែទំពាំងបាយជូរដែរ ក៏ប៉ុន្តែអ្នកដឹងទេ ហេតុអ្វីស្ត្រីមានផ្ទៃពោះគួរញ៉ាំឲ្យបានទៀងទាត់? ដោយសារតែទំពាំងបាយជូរ មានសមត្ថភាពអាចការពារបញ្ហាទល់លាម អាការៈឈឺក្បាល និងជួយគ្រប់គ្រងសម្ពាធឈាម របស់អ្នកម្តាយ។ នៅពេលដែលសម្ពាធឈាមអ្នកម្តាយមានស្ថិរភាព ទារកនឹងជៀសផុតពីបញ្ហាផ្សេងៗ ហើយការទទួលសារធាតុចិញ្ចឹមពីអ្នកម្តាយក៏បានត្រឹមត្រូវល្អ។
ផ្លែស្ត្រប៊ឺរី
មនុស្សមួយចំនួនប្រហែលជាមិនទាន់ដឹងទេថា ផ្លែស្ត្រប៊ឺរី អាចផ្តល់ជាតិទឹកដល់រាងកាយបានគ្រប់គ្រាន់ ដូច្នេះស្បែករបស់អ្នកម្តាយនឹងមានភាពស្រស់ថ្លា។ ក្រៅពីផ្តល់ប្រយោជន៍ដល់អ្នកម្តាយ ផ្លែស្ត្រប៊ឺរីអាចជួយឲ្យបេះដូង របស់ទារកនៅក្នុងផ្ទៃ មានការលូតលាស់បានល្អ។
ផ្លែក្រូច
ស្ត្រីមានផ្ទៃពោះអាចទទួលទានក្រូច ឬទឹកក្រូចស្រស់ៗ ជាប្រចាំ ព្រោះវីតាមីន C និងសារធាតុចិញ្ចឹមផ្សេងៗទៀតរបស់វា អាចជួយពង្រឹងប្រព័ន្ធភាពស៊ាំ ទាំងម្តាយ និងកូន ឲ្យមានភាពរឹងមាំ។ ហេតុនេះ ស្ត្រីមានផ្ទៃពោះទាំងឡាយ មិនចាំបាច់ព្រួបារម្ភថា កូនក្នុងផ្ទៃគ្មានសុវត្ថិភាពនោះឡើយ៕