ឆ្លើយតប​នឹង​ចំណុច​សង្ស័យ 7 រឿង​ដែល​អ្នក​ម្តាយ​មានគភ៌​ចង់ដឹង​បំផុត

0
2

អ្នក​ម្តាយ​ដែល​ទើបតែ​មានគភ៌​ថ្មោងថ្មី​ដែល​កើតមាន​ក្តី​សង្ស័យ និង​មិន​ប្រាកដ​ក្នុង​ចិត្ត​ថា តើ​ក្នុងអំឡុងពេល​មានគភ៌​នោះ ត្រូវ​មើលថែទាំ​អ្វី​ខ្លះទៀត បន្ទាប់ពី​ជ្រើសរើស​មុខម្ហូប​ត្រូវ​តាម​ភោ​ជ​នា​ការ​របស់​ស្ត្រី​មានគភ៌​ហើយ ហាត់ប្រាណ​យ៉ាង​ត្រឹមត្រូវ និង​សម្រាក​យ៉ាង​គ្រប់គ្រាន់​ហើយ តើ​នៅ​មានរឿង​អ្វីដែល​គួរ​ធ្វើ​បន្ថែមទៀត​ឬទេ? និង​តើ​មានរឿង​អ្វីខ្លះ​ដែល​គួរ​ចៀសវាង? កិច្ចការងារ​ពីមុន​ដែល​ធ្លាប់ធ្វើ តើ​អាច​ធ្វើបាន​ទៀត​ឬទេ? ឬ​ហុច​ផល​អាក្រក់​ប៉ុនណា?។ ចំណុច​សង្ស័យ​ទាំងនេះ​សុទ្ធតែជា​រឿង​ដែល​អ្នក​ម្តាយ​មានគភ៌​នៅ​សង្ស័យ​ច្រើន​គ្នា​ណាស់ ដូច្នេះ​យើង​នាំគ្នា​មក​បកស្រាយ​ចំណុច​សង្ស័យ​ទាំងនេះ​ទាំងអស់គ្នា។

 

 

 

1 – ទម្ងន់​ខ្លួន​ដែល​ស័ក្តិសម​សម្រាប់​អ្នក​ម្តាយ​មានគភ៌

បើ​អ្នក​ម្តាយ​មានគភ៌​ទទួលទាន​អាហារ​តាម​ការណែនាំ​ហើយ (ប្រូ​តេ​អុ​ី​ន វិ​តា​មីន សារធាតុ​រ៉ែ អុ​ី​យ៉ូ​ដ កាល់ស្យូម ហ្វូ​លេ​ត សារធាតុ​ដែក) នោះ ទម្ងន់​ខ្លួន​នឹង​កើនឡើង​ប្រមាណ​ជា 12 – 15 គីឡូក្រាម ជា​មធ្យម​កើន​មួយខែ 2 គីឡូក្រាម តែ​ក្នុង​ត្រីមាស​ដំបូង​ទម្ងន់​អាច​ថយចុះ​បាន ដោយសារតែ​អាការ​ចាញ់កូន​ដែល​ក្អួតចង្អោរ​ញឹកញាប់ ឬ​មិនអាច​ញ៉ាំ​អាហារ​បាន​ច្រើន។ ក្នុង​ត្រីមាស​ទី 2 ជា​អំឡុងពេល​អស់​អាការ​ចាញ់កូន​ហើយ អ្នក​ម្តាយ​អាច​ហាត់ប្រាណ​បាន​យ៉ាង​ត្រឹមត្រូវ ដើម្បី​គ្រប់គ្រង​កុំឱ្យ​ទម្ងន់​កើនឡើង​លឿន​ជ្រុល​ពេក ចំណែក​ត្រីមាស​ចុងក្រោយ ត្រូវ​ប្រយ័ត្នប្រយែង​បន្តិច ព្រោះ​ឱកាស​ប្រសូត​មុន​កំណត់​មាន​ខ្ពស់​ណាស់​បើសិន​បញ្ចេញ​កម្លាំង​ធ្វើ​អ្វីមួយ​ខ្លាំង​ជ្រុល​ពេក ក្នុង​ត្រីមាស​នេះ ទម្ងន់​ខ្លួន​អ្នក​ម្តាយ​នឹង​កើនឡើង​ខ្ពស់បំផុត។

 

 

2 – បើ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺផ្សេងៗ ក្នុងអំឡុង​មានគភ៌​ត្រីមាស​ដំបូង​ព្រោះតែ​មិនដឹង តើ​នឹងមាន​គ្រោះថ្នាក់​ទេ?

បើ​វ៉ាក់សាំង​ដែល​ចាក់​នោះ​ជា​វ៉ាក់សាំង​ការពារ​តេតាណូស គ្រុន​ផ្តាសាយធំ ឬ​កញ្ជ្រឹល មិនជា​គ្រោះថ្នាក់​ដល់​ទារក​ក្នុង​ផ្ទៃ​ទេ​និង​ជាការ​សាង​ប្រព័ន្ធ​ការពារ​ជំងឺ​ឱ្យ​ខ្លួន​ទារក​ទៀតផង។ ពេញ​មួយ​រយៈពេល 9 ខែ អ្នក​ម្តាយ​អាច​ត្រូវ​ចូលទៅ​ទទួល​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​យ៉ាង​ត្រឹមត្រូវ ដើម្បី​ទារក​ចម្រើន​ធំធាត់​រឹងប៉ឹង និង​ពេញលេញ ប្រាសចាក​ជំងឺ​ដ​ង្កា​ត់។

 

 

3 – វីតាមីន​បន្ថែម ចាំបាច់​ដែរឬទេ?

សារធាតុ​អាហារ​ដែល​អ្នក​ម្តាយ​គួរ​ទទួលទាន​បន្ថែម​នោះ​គឺ សារធាតុ​ដែក ដែល​ជួយ​គាំទ្រ​ការធ្វើការងារ​របស់​ហ៊ី​ម៉ូ​គ្លោ​ប៊ី​ន​ក្នុង​គ្រាប់​ឈាមក្រហម​ដែលជា​អ្នក​នាំ​អុក​ស៊ី​ហ្ស៊ែ​ន​ឆ្ពោះទៅ​ទារក​ដែល​នៅក្នុង​ផ្ទៃ បើ​អ្នក​ម្តាយ​បានទទួល​សារធាតុ​ដែក​មិន​គ្រប់គ្រាន់ នឹងធ្វើ​ឱ្យ​កើត សភាវ​លោហិត​ស្លេក ហុច​ផល​ឱ្យ​អ្នក​ម្តាយ​កើត​អាការ​នឿយ​ល្វើយ ហត់ និង​ដកដង្ហើម​មិន​ស្រួល។ ទាំងអស់នេះ ការទទួល​ទាន​សារធាតុ​ដែក​គួរ​ស្ថិតក្នុង​បរិមាណ​ដែល​សមល្មម​តាម​ដែល​រាងកាយ​ត្រូវការ ចំណែក​វិ​តា​មីន និង​សារធាតុ​អាហារ​ផ្សេងទៀត​បើ​ទទួលទាន​អាហារ​គ្រប់ 5 ប្រភេទ​ក្រុម​តាម​ពាក្យ​ណែនាំ​របស់​គ្រូពេទ្យ​ហើយ​នោះ មិនចាំបាច​ទទួលទាន​វីតាមីន​បន្ថែម​ក៏បាន​ដែរ តែ​គួរ​ញ៉ាំ​ទឹកដោះគោ​ជាប្រចាំ​ដើម្បី​បង្កើន​ភាពរឹងមាំ​របស់​ឆ្អឹង​ទារក​នៅក្នុង​ផ្ទៃ មិនគួរ​ទទួលទាន​ថ្នាំ​សារធាតុ​ដែក​លាយ​គ្នា​ជាមួយ​ទឹកដោះគោ​ឡើយ ព្រោះ​វា​ធ្វើឱ្យមាន​គុណវិបត្តិ​ច្រើនជាង​គុណសម្បត្តិ។

 

 

4 – ស្វាមី​ទ្រាំ​មិនបាន សុំ​មាន​ភេទ​សម្ព័ន្ធ​ក្នុងអំឡុងពេល​មានគភ៌

ការ​មាន​ភេទ​សម្ព័ន្ធ​មិនមែនជា​រឿង​គ្រោះថ្នាក់​ដល់​ទារក​ក្នុង​ផ្ទៃ​ទេ លើកលែងតែ​ខាង​ប្រុស​មាន​ជំងឺ​កាមរោគ។ ក្នុងអំឡុង​ត្រីមាស​ទី 3 សូមឱ្យ​លោកឪពុក​អត់ទ្រាំ​បន្តិច ព្រោះ​ជា​ដំណាក់កាល​សំខាន់​ណាស់ គភ៌​របស់​អ្នក​ម្តាយ​មិនគួរ​ទទួលរង​កម្លាំង​ញ័រ​រញ្ជួយ​អ្វី​ទាំងអស់ ដើម្បី​ការពារ​ការ​ប្រសូត​មុន​កំណត់ និង​អាចធ្វើឱ្យ​ទារក​មិន​រឹងប៉ឹង​បាន។ បើ​ត្រីមាស​ទី 1 និង 2 អ្នក​ម្តាយ​គួរ​សង្កេតមើល​ផង​ថា តើ​មាន​អា​ការខុស​ប្រក្រតី​ឬទេ ដូចជា ឈឺពោះ​មុនពេល​កំណត់ និង​មាន​ឈាម​ធ្លាក់​ចេញពី​មាត់ស្បូន ជាដើម បើ​មាន​អាការ​ទាំងនេះ គួរ​បញ្ឈប់​ការ​មាន​ភេទ​សម្ព័ន្ធ និង​ទៅ​ជួប​គ្រូពេទ្យ​ភ្លាម។

 

5 – ទឹកដោះ​ដែល​គួរ​ញ៉ាំ

ក្នុងអំឡុងពេល​មានគភ៌​អ្នក​ម្តាយ​អាច​ញ៉ាំ​ទឹកដោះ​បាន​គ្រប់​ប្រភេទ ទាំង​ទឹកដោះគោ ទឹកដោះពពែ ឬ​ទឹក​សណ្តែក​លឿង (មិនចាំបាច់​តែ​ទឹកដោះ​សម្រាប់​ស្ត្រី​មានគភ៌​ក៏បាន​ដែរ) និង​គួរ​ញ៉ាំ​ឱ្យបាន​ទ្វេ​រដង ព្រោះ​រាងកាយ​របស់​អ្នក​ម្តាយ​ត្រូវការ​កាល់ស្យូម និង​កូនតូច​ក៏​ត្រូវការ​កាល់ស្យូម​ដែរ ព្រោះ​កាល់ស្យូម​នេះ​នៅបាន​ជួយ​ការពារ​សភាវ​លើសឈាម​បាន​ទៀតផង។តែ​ត្រូវឱ្យ​ប្រដក​ថាទឹ​កដោះ​ទាំងនេះត្រូ​វបាន​សម្អាត​មេរោគ​បាន​ល្អហើ​យ។

 

 

6 – មុន​ប្រើ​ថ្នាំ​ក្នុង​អំ​ឡូង​ពេល​មានគភ៌

ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​សម្ភព​គឺជា​វិធី​ដែល​ល្អ​បំផុត ព្រោះថ្នាំ​ប្រភេទ​ខ្លះ​មាន​គ្រោះថ្នាក់​ដល់​ទារក ដូចជា​អ្ម​ក​ម្តាយ​មានគភ៌​ដែល​រក្សា​សម្ផស្ស​ត្រូវការ​ញ៉ាំ​ថ្នាំ​ព្យាបាល​មុន ដែល​ថ្នាំ​ព្យាបាល​មុន​ខ្លះ​ជា​ប្រភេទ​លាប និង​ខ្លះទៀត​ជា​ប្រភេទ​លេប​ដែល​អាច​ចាត់ទុកថា​ជា​ប្រភេទ​ថ្នាំ​គ្រោះថ្នាក់​ដែលមាន​ផល​ទៅដល់​ទារក​នៅក្នុង​គភ៌ អាចធ្វើឱ្យ​កើត​ភាព​ពិការ​បាន ដូច្នេះ​មុននឹង​ប្រើ​ថ្នាំ​គួរ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ និង​ត្រូវ​ប្រាប់​គ្រប់ពេល​ថា​ខ្លួនឯង​មានគភ៌ ដើម្បី​បានទទួល​ការផ្តល់​ថ្នាំ​ដែល​ត្រឹមត្រូវ។

 

 

7 – មាន​ដុំ​សាច់​ដុះ​ក្នុងអំឡុងពេល​មានគភ៌

ភាពគ្រោះថ្នាក់​អាស្រ័យ​លើ​ទីតាំង និង​លក្ខណៈ​របស់​សាច់​ដុះ​នោះ នៅពេល​អ្នក​ម្តាយ​ស្ទាប​ប៉ះ គួរ​ទៅ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​ជំនាញ​ដើម្បី​ប៉ាន់ប្រមាណ​ពី​ដុំ​សាច់​ដុះ​នោះ និង​ធ្វើការ​ព្យាបាល​ជា​បន្ត។ យ៉ាងណាក៏ដោយ ការត្រៀមខ្លួន​ជាស្រេច​មុនពេល​មានគភ៌​គឺជា​រឿង​ចាំបាច់ ដូចជា ពិនិត្យ​រកមើល​សាច់​ដុះ និង​ធ្វើការ​ព្យាបាល​ឱ្យ​ជាសះស្បើយ​មុន​ការ​មានគភ៌ ដែល​វា​ជួយ​កាត់បន្ថយ​សភាវ​គភ៌​ប្រថុយប្រថាន​បាន។

 

 

ការមើល​ថែទាំ​គភ៌​យ៉ាង​ត្រឹមត្រូវ​តាម​គោល​ភោជនាហារ និង​ពាក្យ​ណែនាំ​របស់​ពេទ្យ ទារក​នឹង​ធំធាត់​ឡើង​យ៉ាង​ឥតខ្ចោះ និង​រឹងប៉ឹង នៅពេល​គេ​ធំ​ឡើង​លោកឪពុក​អ្នក​ម្តាយ​នឹងមាន​មោទនភាព​ដែល​បាន​មើលថែទាំ​គភ៌​យ៉ាង​ល្អ។ បើ​អ្នក​ម្តាយ​មាន​ចំណុច​សង្ស័យ​អ្វី​ផ្សេង​ក្រៅពីនេះ ការប្រឹក្សា​ជាមួយ​ពេទ្យ​សម្ភព នឹង​ទទួលបាន​ការណែនាំ​យ៉ាង​ត្រឹមត្រូវ ព្រោះ​រាងកាយ​អ្នក​ម្តាយម្នាក់ៗមិន​ដូចគ្នា​ទេ ដូច្នេះហើយ​ការ​ទៅ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​ជំនាញ​ពេញ​មួយរយៈ​ពេល 9 ខែ​នោះ​នឹង​យល់បាន​ច្បាស់​ល្អ​ជាង៕

LEAVE A REPLY

Please enter your comment!
Please enter your name here