ឆ្អឹងរបស់មនុស្សគ្រប់រូប ពឹងផ្អែកទៅលើជាតិកាល់ស្យូមចាំបាច់ ទើបមានភាពរឹងមាំបានល្អ មិនថាក្មេង ចាស់ ឬមនុស្សស្រីមានគភ៌ឡើយ។ ស្ត្រីមានគភ៌គួរដឹងថា ក្នុងមួយថ្ងៃរាងកាយរបស់ខ្លួនត្រូវការសារធាតុរ៉ែមួយនេះចំនួន ១២០០មីលីក្រាម ទើបគ្រប់គ្រាន់ក្នុងការថែរក្សាឆ្អឹង និងផ្គត់ផ្គងគ្រោងឆ្អឹងទារកឲ្យមានការលូតលាស់បានល្អ។ ដូច្នេះ ដើម្បីទទួលបានឆ្អឹងរឹងមាំ ស្ត្រីមានគភ៌គួរតែព្យាយាមទទួលទានអាហារសមុទ្រ៣ប្រភេទនេះ។
អយស្ទ័រ
អយស្ទ័រ គឺអាហារអាហារដែលមានរសជាតិឆ្ងាញ់ ជាពិសេសមនុស្សប្រុសចូលចិត្តទទួលទានទាំងឆៅព្រោះវាប៉ូវកម្លាំង។ ក្រៅពីប៉ូវកម្លាំងជួយឲ្យបុរសមានសមត្ថភាពផ្លូវភេទ អ័រស្ទ័រមានផ្ទុកជាតិដែក ប៉ូតាស្យូម ស៊ីលីស្យូម និងកាល់ស្យូមដែលអាចជួយឲ្យស្ត្រីមានគភ៌ មានឆ្អឹងរឹងមាំ។ តែទោះជាយ៉ាងណាស្ត្រីមានគភ៌ពុំគួរទទួលទានទាំងឆៅនោះទេ ព្រោះវាអាចបណ្តោលឲ្យមានបញ្ហាផ្សេងៗ ដូច្នេះមុននឹងទទួលទានអ្នកត្រូវចម្អិនឲ្យបានឆ្អិនល្អ។
ក្តាម
ក្តាមសមុទ្រ គឺជាអាហារដ៏ពេញនិយមបំផុតសម្រាប់មនុស្សទូទៅ ក៏ប៉ុន្តែវាត្រូវបានគេរកឃើញថាមានផ្ទុកសារធាតុសំខាន់ៗជាច្រើនដែលអាចជួយឲ្យអ្នកម្តាយ និងគភ៌មានសុខភាពល្អ។ ជាពិសេសម៉ាញ៉េស្យូម កាល់ស្យូម និងអូមេហ្គា ៣ អាចជួយការពារបញ្ហាសរសៃឈាមបេះដូងសម្រាប់អ្នកម្តាយផងដែរ។
ទោះជាយ៉ាងណាអ្នកត្រូវចាំថា មុននឹងទទួលទានសូមធ្វើការចម្អិនឲ្យបានឆ្អិនល្អ ហើយកុំទទួលទានច្រើនពេកក្នុងពេលតែមួយ។
បង្គា
អ្នកណាមិនចូលចិត្តបង្គាជ្រលក់ទឹកត្រីកោះកុងនោះ គ្រាន់តែឮក៏ស្រក់ទឹកមាត់ដែរ។ ជាពិសេសបង្គាស្រស់ៗ សម្បូរទៅដោយសារធាតុកាល់ស្យូមច្រើនលើសលប់ ដែលអាចជួយឲ្យអ្នកម្តាយមានឆ្អឹងរឹងមាំ។ ក្នុងបង្គាទម្ងន់១ខាំ មានផ្ទុកកាល់ស្យូមរហូតដល់ទៅ ៨៨២មីលីក្រាម តែមុននឹងទទួលទានសូមធ្វើការចម្អិនឲ្យបានឆ្អិនល្អ ហេតុនេះស្ត្រីមានគភ៌គួរទទួលទានឲ្យបានញឹកញាប់៕