ជាទូទៅស្នាមសង្វារកើតមានឡើងនៅលើតំបន់មួយចំនួនដូចជា ក្បាលពោះ ដើមទ្រូង ដើមដៃ ភ្លៅ កំប៉ះគូថ… ហើយអ្នកដែលងាយនឹងរងគ្រោះជាងគេ គឺស្ត្រីមានផ្ទៃពោះ។ បើទោះបីជាស្នាមសង្វារ មិនបង្កគ្រោះថ្នាក់ ឬមានភាពឈឺចាប់ក៏ពិតមែន ប៉ុន្តែវាជាក្តីអាម៉ាសមួយសម្រាប់មនុស្សស្រីគ្រប់រូប ដែលធ្វើឲ្យពួកគេមិនហ៊ានស្លៀកខ្លីបញ្ចេញសាច់ដូចកាលនៅក្រមុំទៀតឡើយ។ មូលហេតុនេះហើយ ទើបមនុស្សស្រីមួយចំនួនខំស្វែងរកផលិតផលជាច្រើនដើម្បីបំបាត់ស្នាមសង្វារនេះចោល ទោះបីជាចំណាយលុយច្រើនក៏ដោយ។
ទោះជាយ៉ាងណា បើយោងតាមគេហទំព័រ pregnancyvideo បានបង្ហាញថា ស្នាមសង្វារដែលកើតឡើងដោយសារតែការមានផ្ទៃពោះអាចកាត់បន្ថយបាន ប្រសិនបើស្ត្រីអនុវត្តរូបមន្តសាមញ្ញ៣ជំហ៊ាននេះ។
ប្រើក្រែមផ្តល់សំណើម
ដើម្បីកាត់បន្ថយបញ្ហាចេញស្នាមសង្វារពេលមានផ្ទៃពោះ ស្ត្រីគួរតែចាប់ផ្តើមប្រើក្រែមផ្តល់សំណើមលាបនៅលើ ដើមទ្រូង និងក្បាលពោះជារៀងរាល់ថ្ងៃ។ ធ្វើបែបនេះទើបស្បែកមានសំណើមជាប់រហូត ហើយជៀសផុតពីបញ្ហាស្ងួត ដែលងាយនឹងកើតទៅជាបញ្ហាស្នាមសង្វារ។
ពិសារទឹកឲ្យបានច្រើន
ទឹកមិនត្រឹមតែជាភេសជ្ជៈដែលល្អបំផុតសម្រាប់ទ្រទ្រងសុខភាពនោះទេ វាក៏ល្អសម្រាប់ស្បែកផងដែរ។ ការទទួលទានទឹកបានច្រើនអំឡុងពេលមានផ្ទៃពោះ អាចជួយរក្សាស្បែកមានសំណើម និងកាត់បន្ថយបញ្ហាស្នាមសង្វារបាន។
ប្រើប្រេងវីតាមីន E
ក្រោយពេលសម្រាលកូន ហើយអ្នកឈប់បំបៅដោះកូន អ្នកអាចប្រើប្រេងវីតាមីន E មកម៉ាស្សាត្រង់តំបន់ដែលកើតមានស្នាមសង្វារ។ ប្រេងមួយប្រភេទនេះ នឹងជ្រាបចូលយ៉ាងជ្រៅទៅក្នុងផ្ទៃស្បែក និងជួយជំរុញដល់ការផលិតស្រទាប់កូឡាជែនឡើងវិញ ដែលធ្វើឲ្យស្នាមត្រូវកាត់បន្ថយ៕