អ្នកណាមិនចង់បានស្បែកក្មេងជាងវ័យជារៀងរហូតនោះ? ប៉ុន្តែមនុស្សមួយចំនួនធំប្រហែលជាមិនទាន់ដឹងទេថា អ្វីដែលពួកគេកំពុងតែញ៉ាំរាល់ថ្ងៃ អាចប៉ះពាល់ដល់ស្បែកយ៉ាងធ្ងន់ធ្ងឡើយ ជាពិសេសគ្រឿងទេសដ៏ពេញនិយមបំផុតនៅក្នុងផ្ទះបាយដែលស្ត្រីមានផ្ទះប្រើប្រាស់រាល់ថ្ងៃតែម្តង។ ខាងក្រោមនេះគឺជាគ្រឿងទេសដែលស្ត្រីមេផ្ទះគួរតែប្រើប្រាស់ឲ្យមានដែនកំណត់ ព្រោះវាអាចបំផ្លាញ់សុខភាពស្បែកបាន៖
ស្ករ
នៅពេលដែលអ្នកញ៉ាំស្ករច្រើនពេក កោសិកានៅក្នុងរាងកាយមិនអាចគ្រប់គ្រងបាននោះទេ ហើយម៉ូលេគុលរបស់វានឹងចង់ភ្ជាប់ទៅនឹងប្រូតេអ៊ីនធ្វើឲ្យស្បែកស្រូបមិនបានឡើយ។ លទ្ធផល វានឹងធ្វើឲ្យខូចស្រទាប់ខូឡាជែនរបស់ស្បែក ដែលជាហេតុនាំឲ្យស្បែករបស់អ្នកមើលទៅមានភាពយារធ្លាក់ ឬជ្រីវជ្រួញបន្តិចម្តងៗ។
សូម្បីតែអាហារដែលសម្បូរជាតិផ្អែមក៏ដោយ ប្រើសិនបើអ្នកញ៉ាំច្រើនពេកមិនត្រឹមតែធ្វើឲ្យខូចស្បែកនោះទេ វាក៏ធ្វើឲ្យធ្មេញរងគ្រោះផងដែរ។ បើយោងតាមអ្នកជំនាញពេទ្យធ្មេញ Brian Kantor នៅទីក្រុងញ៉ូវយ៉ក បានបង្ហាញថា ជាតិស្អិតៗនៃស្ករ ជាឱកាសធ្វើឲ្យបាក់តេរីជ្រៀតចូលបានយ៉ាងងាយ ដែលបណ្តោលឲ្យដង្កូវស៊ីធ្មេញ។
អំបិល
បើយោងតាមវេជ្ជបណ្ឌិត Ranella Hirsch ជាអ្នកជំនាញជំងឺសើស្បែកនៅសហរដ្ឋអាមេរិក បានបង្ហាញថា ការទទួលទានអំបិលច្រើនពេក អាចធ្វើឲ្យអ្នកងាយនឹងស្រេកទឹក ហើយឃាត់ជាតិទឹកក្នុងរាងកាយ ធ្វើឲ្យភាពហើមកើតមានឡើង។ ជាពិសេស ការហើមត្របកភ្នែកខាងក្រោម ដែលធ្វើឲ្យអ្នកមើលទៅមានភាពចាស់ជាងវ័យ។
ការប្រើប្រាស់គ្រឿងទេសទាំងពីរមុខនេះច្រើនហួសកម្រិត មិនត្រឹមតែធ្វើឲ្យប៉ះពាល់ដល់ស្បែកមួយមុខនោះទេ សូម្បីតែសុខភាពទូទៅក៏មានបញ្ហាដែរ ហេតុនេះសូមយកចិត្តទុកដាក់ចំពោះការប្រើប្រាស់អំបិល ឬស្ករសបន្តិច៕