ការមានផ្ទៃពោះ គឺជាពេលវេលានៃផ្លាស់ប្តូរជាច្រើន រួមទាំងរូបរាងកាយ អារម្មណ៍ និងជីវិតគ្រួសារ។ អ្នកអាចត្រៀមខ្លួនក្នុងការផ្លាស់ប្តូរទាំងនេះបាន ប៉ុន្តែអ្នកក៏អាចជួបប្រទះបញ្ហាស្ត្រេសច្រើនក្នុងជីវិតថ្មីផងដែរ។
អារម្មណ៍ស្ត្រេស គឺជារឿងធម្មតាក្នុងអំឡុងពេលមានផ្ទៃពោះ ប៉ុន្តែស្ត្រេសច្រើនពេក អាចធ្វើឲ្យអ្នកមិនស្រួលខ្លួន មានបញ្ហាក្នុងការគេង ឈឺក្បាល បាត់បង់ចំណង់អាហារ ឬបរិភោគច្រើនហួសកម្រិត។
ក្នុងករណីស្ត្រីមានផ្ទៃពោះកើតស្ត្រេស ហួសកម្រិត ហើយអូសបន្លាយរយៈពេលយូរ អាចបណ្តោលឲ្យមានបញ្ហាសុខភាពដូចជា សម្ពាធឈាមឡើងខ្ពស់ និងកើតជំងឺបេះដូង។ នៅពេលអ្នកមានផ្ទៃពោះ ភាពតានតឹងប្រភេទនេះអាចបង្កើនឱកាសនៃការសម្រាលកូនមុនពេលកំណត់(កើតមុន៣៧សប្តាហ៍) ឬទារកមានទម្ងន់មិនគ្រប់គីឡូ(តិចជាង ៥ផោន)។ ទារកដែលកើតមិនគ្រប់ខែ ឬតូចពេក គឺមានហានិភ័យខ្ពស់ទៅលើបញ្ហាសុខភាព។
អាស្រ័យហេតុនេះ សូមស្ត្រីមានផ្ទៃពោះទាំងឡាយ គួរតែរកវិធីគ្រប់គ្រងបញ្ហាស្ត្រេសឲ្យបាន ដើម្បីជៀសវាងផលលំបាកផ្សេងៗដល់កូនក្នុងផ្ទៃ៕