ការថែរក្សារាងមិនឲ្យឡើងទម្ងន់ខ្លាំង និងមានសុខភាពល្អក្នុងអំឡុងតាំងគភ៌ គឺជាក្តីព្រួបារម្ភចំពោះស្ត្រីជាច្រើន។ ក៏ប៉ុន្តែប្រសិនបើពួកគេព្យាយាមធ្វើលំហាត់ប្រាណអំឡុងពេលនេះបានទៀងទាត់ មិនត្រឹមតែអ្នកម្តាយទេដែលទទួលបានប្រយោជន៍ សូម្បីតែទារកក៏ដូចគ្នាដែរ។ ការធ្វើលំហាត់ប្រាណអាចជួយរក្សារាងកាយអោយមាំមួន រក្សាបេះដូង ឆ្អឹង និងផ្លូវចិត្តអោយមានសុខភាពល្អ។
ការធ្វើលំហាត់ប្រាណបានត្រឹមត្រូវ អាចជួយរក្សារាងកាយអ្នកអោយស្ថិតនៅក្នុងកម្រិតនៃការឡើងទម្ងន់ដែលមានសុខភាពល្អ ជួយអោយអ្នកគេងលក់ស្រួល មានថាមពលកាន់តែច្រើន ជួយអោយអ្នកគេចផុតពីជំងឺផ្សេងៗ។ ទោះជាយ៉ាងណា អ្នកគួរតែពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញជាមុនសិន មុនពេលធ្វើលំហាត់ប្រាណណាមួយ។
ខាងក្រោមនេះ ជាអត្ថប្រយោជន៍ដ៏ពិសេសនៃការធ្វើលំហាត់ប្រាណអំឡុងពេលតាំងគភ៌៖
១.កាត់បន្ថយការឈឺចាប់ និងការពារការឈឺចាប់ពេលតាំងគភ៌ រួមទាំងការទល់លាមក សរសៃឈាមវ៉ែន ឆ្អឹងខ្នង និងភាពអស់កំម្លាំង។
២.ជួយជំរុញអោយស្ត្រីមានថាមពលខ្លាំងក្នុងពេលសម្រាល និងឆាប់មានសុខភាពល្អឡើងវិញ។
៣.កាត់បន្ថយជំងឺព្រាយក្រឡាភ្លើង និងជំងឺទឹកនោមផ្អែមអំឡុងពេលមានគភ៌។
៤.ជួយសម្របសម្រួលទម្ងន់មិនអោយឡើងហួសកម្រិត និងមានសុខភាពល្អឡើងវិញបន្ទាប់ពីសម្រាល។
៥.ធ្វើអោយប្រសើរឡើងក្នុងការគេង អំឡុងពេលមានគភ៌។
៦.កាត់បន្ថយហានិភ័យជំងឺធ្លាក់ទឹកចិត្ត និងថប់អារម្មណ៍។
លទ្ធផលនៃការស្រាវជ្រាវថ្មីបានបង្ហាញថា ស្ត្រីដែលមានសកម្មភាពរាងកាយច្រើនអំឡុងពេលតាំងគភ៌ អាចកាត់បន្ថយឱកាសនៃការសម្រាលកូនមិនគ្រប់ខែ៕