កូនភ្លោះ គឺជាការបង្កកំណើតកូន២ក្នុងស្បូន ក្នុងពេលតែមួយ។ ការមានផ្ទៃពោះកូនភ្លោះ ត្រូវបានគេចាត់ចូលក្នុងក្រុមគភ៌មានវិបត្តិ ដោយសារតែការពរពោះមានផលវិបាកច្រើន ចំពោះម្តាយនិងទារកក្នុងផ្ទៃ។ អត្រានៃការស្លាប់ទារកជុំវិញសម្រាល គឺខ្ពស់ជាង៦ដងនៃផ្ទៃពោះកូនតែមួយ ហើយភាគច្រើនស្ត្រីអាចមានជំងឺលើសឈាម សម្រាលកូនមិនគ្រប់ខែ ឬកូនមិនគ្រប់គីឡូ។ ម្យ៉ាងទៀត ការសម្រាលកូនភ្លោះមានហានិភ័យខ្ពស់ចំពោះម្តាយ ដោយការធ្លាក់ឈាមធ្ងន់ធ្ងរ និងកូន (ទងសុកលូនចេញក្រៅ)។ ដូច្នេះទើបទាមទារការយកចិត្តទុកដាក់ខ្ពស់ពីក្រុមគ្រូពេទ្យ និងស្ត្រីព្រមទាំងក្រុមគ្រួសារផ្ទាល់ ក្នុងការថែទាំ និងតាមដានផ្ទៃពោះអោយបានដិតដល់។
បច្ចុប្បន្ននេះគេសង្កេតឃើញអត្រានៃស្ត្រីមានកូនភ្លោះមានការកើនឡើងជាលំដាប់ ដោយសារតែបច្ចេកទេស នៃការបង្កកំណើតបែបវិទ្យាសាស្ត្រ និងការកើនឡើងនៃអាយុម្តាយ។ តាមការសិក្សានៅប្រទេសបារាំងនៅឆ្នាំ ២០១០ អត្រានៃកូនភ្លោះពីរ មាន ៣,៥% និង ភ្លោះបី ០,០៧%។
គោលបំណងនៃអត្ថបទនេះគឺចង់បង្ហាញត្រួសៗដល់ស្ត្រីអំពីការពរពោះកូនភ្លោះ ផលវិបាក និងការថែទាំពេលមានគភ៌។
១) ចំណាត់ថ្នាក់៖ ផ្ទៃពោះភ្លោះមាន២ប្រភេទ គឺ
– ភ្លោះពិត (២៥%)៖ កើតចេញពីការបង្កកំណើតដោយអូវ៉ូស៊ីតតែមួយ បន្ទាប់មកបានធ្វើការបំបែកខ្លួនជាពីរ។ កូនទាំងពីរមានហ្សែនដូចគ្នា និងភេទដូចគ្នា។
– ភ្លោះមិនពិត (៧៥%)៖ កើតចេញពីការបង្កកំណើតដោយអូវ៉ូស៊ីត២ផ្សេងគ្នា។ កូនទាំងពីរមានហ្សែនខុសគ្នា ហើយភេទអាចខុសគ្នា។
២) មូលហេតុ ៖
– កូនភ្លោះពិត ភាគច្រើនពុំមានមូលហេតុទេ ហើយកត្តាដែលបង្កគឺទាក់ទងនឹងអាយុម្តាយ (មុន ១៨ឆ្នាំ ឬក្រោយ ៣៥ឆ្នាំ) ដែលវដ្តរដូវមានភាពរអាក់រអួល។
– កូនភ្លោះមិនពិត បណ្តាលមកពីកត្តាជាច្រើនដូចជា:
- កត្តាជាតិសាសន៍ (អាស៊ី ៣% អឺរ៉ុប ៨% អាហ្វ្រិក ១៦% និង នីហ្សេរីយ៉ា៤០%)
- អាយុម្តាយ
- ការប្រើថ្នាំ ឬបច្ចេកវិទ្យាអោយមានកូន
- ប្រវត្តិគ្រួសារមានកូនភ្លោះ
- ទម្ងន់ និងកម្ពស់ម្តាយ
៣) ផលវិបាក ៖
– ការសម្រាលកូនមិនគ្រប់ខែ
– ការលូតលាស់យឺតរបស់ទារកក្នុងផ្ទៃ
– ម្តាយមានជំងឺលើសឈាម
– ម្តាយមានភាពស្លេកស្លាំង
– កូនមានសរីរាង្គមិនប្រក្រតី
ផលវិបាកធ្ងន់ធ្ងរសំរាប់កូនភ្លោះសុកតែមួយ គឺការចំលងចរន្តឈាមពីកូនមួយទៅកូនមួយទៀត ដែលអាចប៉ះពាល់ដល់អាយុជីវិតកូនក្នងផ្ទៃមួយ ឬទាំងពីរ។
៤) ការធ្វើរោគវិនិច្ឆ័យ ៖
– ពោះធំខ្លាំងមិនសមាមាត្រនឹងអាយុគភ៌
– ការស្ទាបប៉ះនូវប៉ូលពីរដូចគ្នា (ក្បាលពីរ ឬ គូទពីរ)
– ស្តាប់លឺបេះដូងកូនពីរ
៥) ការធ្វើអេកូសាស្ត្រ ៖
ជាទូទៅគេអាចដឹងលឿនបានដោយការធ្វើអេកូផ្ទៃពោះនៅត្រីមាសទីមួយ ដែលអាចបែងចែកច្បាស់អំពីទីតាំង និងចំនួនសុក ដើម្បីមានភាពងាយស្រួលក្នុងការវិភាគ និងតាមដានរកភាពមិនប្រក្រតីនៃគភ៌។
៦) ការតាមដាន និងការថែទាំផ្ទៃពោះ៖
– ស្ត្រីត្រូវតាមដានផ្ទៃពោះជារៀងរាល់ខែតាមការណាត់ជួបរបស់គ្រូពេទ្យ និងរៀងរាល់ ២សប្តាហ៍ ពេលគភ៌ជិតគ្រប់ខែ។
– ត្រូវតាមដានអេកូសាស្ត្រជារៀងរាល់ខែ និងញឹកញាប់ជាងនេះ ក្នុងករណីមានការលូតលាស់យឺត ឬមានភាពខុសប្រក្រតី ជាពិសេសករណីកូនភ្លោះសុកតែមួយ។
– ស្ត្រីត្រូវបានអនុញ្ញាតអោយសម្រាកពីការងារមុនកំណត់។
– ស្ត្រីត្រូវបរិភោគអាហារសំបូរកាឡូរីខ្ពស់។
– ជៀសវាងការធ្វើដំណើរផ្លូវឆ្ងាយចាប់ពីគភ៌អាយុ ២៥សប្តាហ៍ឡើងទៅ។
៧) ការសម្រាល៖
ជាទូទៅ ស្ត្រីត្រូវបានលើកទឹកចិត្តអោយសម្រាលតាមធម្មជាតិ លើកលែងលក្ខខណ្ឌមួយចំនួន ដូចខាងក្រោមដែលចាំបាច់ត្រូវធ្វើការវះកាត់៖
– សុកពាំងមាត់ស្បូន
– កូនទី១នៅទទឹងពោះ
– ស្បូនមានស្លាកស្នាម (ធ្លាប់វះកាត់យកកូន)
– ម្តាយលើសឈាមធ្ងន់ធ្ងរ
– កូនលូតលាស់យឺតខ្លាំង និងវិបត្តិសរសៃឈាមចិញ្ចឹមទារក
– កូនទី២ធំជាងកូនទី១ប្រហែល ៣០% នៃទំងន់សរុប
៨) ផលវិបាកនៃការសម្រាល ៖
– វិបត្តិនៃការកន្ត្រាក់ស្បូន
– ការលូនទងសុកមកក្រៅមុនពេលកូនចេញ
– ការធ្លាក់ឈាមខ្លាំង
– ស្ហុក (choc a vacuo) កូនចុះដំណាលគ្នា (ដែលទាមទារការវះកាត់បន្ទាន់)
ការតាមដានផ្ទៃពោះដិតដល់ អាចជួយអោយយើងជៀសផុតហានិភ័យមួយចំនួនធំ ជាពិសេសរកឃើញទាន់ពេលនូវផលវិបាកផ្សេងៗ ដែលអាចកើតមានឡើង ដើម្បីសម្រេចវិធីសាស្ត្រព្យាបាលដ៏សមស្រប។
“ការសម្រាលកូនភ្លោះអាចមានផលវិបាក និងគ្រោះថ្នាក់សំរាប់ម្តាយនិងកូន ដូច្នេះស្ត្រីត្រូវតាមដាន និងពិគ្រោះជាប់លាប់ជាមួយក្រុមការងារវេជ្ជបណ្ឌិតឯកទេសផ្នែកសម្រាលនៃមន្ទីរពេទ្យកាល់ម៉ែត តាមការណែនាំជាដំណាក់កាលៗ ”