ទម្ងន់​ខ្លួន​ទារក​នៅក្នុង​គភ៌​ក្នុង​ត្រីមាសនីមួយៗរឿង​ដែល​ស្ត្រី​មានគភ៌​ត្រូវតែ​ដឹង

0

ទម្ងន់​របស់​ទារ​កនៅ​ក្នុង​គភ៌ នឹង​បញ្ជាក់​ប្រាប់ថា កូន​ក្នុង​ផ្ទៃ​របស់​អ្នកនោះ​រឹងប៉ឹង​មាំមួន​ប៉ុនណា និង​គួរ​បង្កើន​ការ​បំប៉ន​គភ៌​យ៉ាងណា ដើម្បីឱ្យ​ទារក​ក្នុង​ផ្ទៃ​មាន​ទម្ងន់​ខ្លួន​ត្រឹមត្រូវ​តាម​ក្បួន ដូច្នេះ​ទើប រឿង​ទម្ងន់​ខ្លួន​របស់​ទារក​នៅក្នុង​គ​ភ៌​ជា​រឿង​សំខាន់​មួយ​ដែល​ស្ត្រី​មានគភ៌​គួរតែ​ដឹង។

ទម្ងន់​ខ្លួន​ទារក​ក្នុង​គភ៌ ក្នុង​ត្រីមាសនីមួយៗដែល​ស្ត្រី​មានគភ៌​គួរ​ដឹង​មាន​ដូចតទៅ ៖

ត្រីមាស​ដំបូង ចាប់ផ្តើម​តាំងពី8សប្តាហ៍-12សប្តាហ៍ ទម្ងន់​ខ្លួន​ទារក​នឹង​ស្ថិតក្នុង​ទម្ងន់1-15ក្រាម ហើយ​ទម្ងន់​ខ្លួន​របស់​ទារក​នឹង​ចាប់ផ្តើម​កើន​ឡើងជាបណ្តើរៗរហូតដល់​សប្តាហ៍​ទី16។

ត្រីមាស​ទី 2 ចាប់ផ្តើម​ពី​អំឡុង​សប្តាហ៍​ទី17-20 ទម្ងន់​ខ្លួន​របស់​ទារក​នឹង​កើនឡើង​ម្តង50ក្រាម និង​នៅពេល​ផុត​ត្រីមាស​នេះ ទារក​នឹងមាន​ទម្ងន់​ខ្លួន​ប្រមាណ​ជា600ក្រាម។

ត្រីមាស​ទី 3 ក្នុងអំឡុងពេល​ចុងក្រោយ​របស់​ការ​មានគភ៌​នេះ​ទម្ងន់​ខ្លួន​របស់​ទារក​នឹង​ចាប់ផ្តើម​កើនឡើង​ខ្លាំង​ដល់​ទៅ6ដង​នៃ​ត្រីមាស​ទី 2 ទម្ងន់​ខ្លួន​របស់​ទារក​នឹង​កើនឡើង​ក្នុង​មួយ​សប្តាហ៍200ក្រាម និង​កើតឡើងជារឿយៗរហូតដល់​ទម្ងន់​ប្រមាណ​ជា3,400–3,700ក្រាម​នៅពេល​គ្រប់​កំណត់​ប្រសូត។

ទម្ងន់​ខ្លួន​របស់​ទារក​ច្រើន ឬ​តិច​ជ្រុល​ពេក ក៏​អាច​ប្រាប់​ពី​ភាព ខុស​ប្រក្រតី​របស់​ទារក​ក្នុង​គភ៌​បាន​ដូចខាងក្រោម​នេះ ៖

ទម្ងន់​ខ្លួន​ទារក​តិច​ជ្រុល​ពេក ៈ អាច​បណ្តាលមកពី​ភាពខុសប្រក្រតី​របស់​ក្រូ​ម៉ូ​ហ្សូ​ម ឬ​សុក​មាន​បញ្ហា ឬ​អាច​បណ្តាលមកពី​ទារក​ខ្លួនឯង ដែល​អាចធ្វើឱ្យ​ការបញ្ជូន​អុក​ស៊ី​ហ្ស៊ែ​ន ឬ​សារធាតុ​អាហារ​ឆ្ពោះទៅ​ទារក​ខុស​ប្រក្រតី ធ្វើឱ្យ​ទារក​បានទទួល​សារធាតុ​អាហារ​មិនបាន​គ្រប់គ្រាន់​តាម​តម្រូវការ ហុច​ផល​ឱ្យ​ទារ​កមាន​ទំហំ​ខ្លួន​តូច ទម្ងន់​ខ្លួន​តិច ដែល​បើសិនជា​មិន​បានទទួល​ការព្យាបាល​យ៉ាង​ត្រឹមត្រូវ​តាម​វិធី​ទេនោះ អាចធ្វើឱ្យ​ទារក​ស្លាប់​បាន។ តែបើ​បណ្តាលមកពី​ខ្លួន​ស្ត្រី​មានគភ៌​វិញ អាច​ដោយសារតែ​កើតមាន​អាការ​គភ៌​មាន​ជាតិពុល លើសឈាម ឬ​ទទួល​សារធាតុ​អាហារ​មិន​គ្រប់គ្រាន់ ជាពិសេស​ប្រូ​តេ​អី​ុ​ន។

ទារក​មាន​ទម្ងន់​ខ្លួន​ច្រើន​ជ្រុល​ពេក ៖ បញ្ហា​ច្រើនតែ​បណ្តាលមកពី​ការដែល​ស្ត្រី​មានគភ៌​ទទួលទាន​ច្រើន​ជ្រុល​ពេក ធ្វើឱ្យ​កូន​ក្នុង​ផ្ទៃ​មាន​ទម្ងន់​ខ្លួន​ច្រើន ហើយ​ស្ត្រី​មានគភ៌​ខ្លួនឯង​ថែមទាំង​ប្រថុយប្រថាន​ក្នុង ការ​កើតរោគ​ទឹកនោមផ្អែម​ខណៈពេល​មានគភ៌​ទៀតផង។ ក្រៅពីនេះ​នៅពេល​ដល់ពេល​ប្រសូត អាច​នឹង​ធ្វើឱ្យ​ពិបាក​ប្រសូត ដោយ​អាច​នឹងត្រូវ​ប្រើ​ឧបករណ៍ផ្សេងៗជួយ​ក្នុងការ​សម្រាល ដូចជា ប្រដាប់​ចាប់​គៀប ឬ​បើ​ទារក​ខ្លួន​ធំ​ខ្លាំងពេក អាច​នឹង​ធ្វើឱ្យ​ស្បូន​រហែក ឬ​អាច​ត្រូវ​ធ្វើការ​ប្រសូត​ដោយ​ការ​វះ​ក៏មាន។ទារក​ដែល​កើតមក​មាន​ទម្ងន់​ខ្លួន​ច្រើន​តាំងពី​ដំបូង នឹងមាន​ឱកាស​កើតរោគ​ធាត់​នាពេល​អនាគត​បាន ដោយសារតែ​កោសិកា​ខ្លាញ់​ក្នុង​រាងកាយ​មាន​ទំហំ​ធំ​មក​តាំងពី​ទើបនឹង​កើត​ភ្លាម៕