ជំងឺ៤យ៉ាង​កើតឡើង​ញឹកញាប់​បំផុត​ចំពោះ​ស្ត្រី​ពពោះ ប៉ុន្តែ​អាច​កាត់បន្ថយ​បាន

0
1

ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ ស្ត្រី​ត្រូវ​ឆ្លងកាត់​បញ្ហា​ច្រើន​រាប់មិនអស់ រហូតដល់​ថ្ងៃ​កូន​ចាប់កំណើត​មក។ ប៉ុន្តែ​ក្នុងចំណោម​បញ្ហា​ទាំងអស់នោះ មាន​បញ្ហា៤យ៉ាង​កើតមាន​ជា​ញឹកញាប់​បំផុត​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ​ទាំងឡាយ ដែល​ធ្វើ​ឲ្យ​ពួកគេ​មាន​អាការ​មិន​ស្រួល​ក្នុង​ខ្លួន និង​ឈឺ​ចុកចាប់​ស្ទើរ​ទ្រាំ​មិនបាន។

ប៉ុន្តែ​បញ្ហា​ទាំងនេះ​អាច​កាត់បន្ថយ​បាន ប្រសិនបើ​ស្ត្រី​មាន​ផ្ទៃពោះ​អនុវត្តតាម​ការណែនាំ​ដូចខាងក្រោម៖

១.ហើមជើង
អាការ​ហើមជើង ពេល​មាន​ផ្ទៃពោះ​កើតឡើង​ដោយសារតែ​ការប្រមូលផ្តុំ​ជាតិ​ទឹក​ក្នុង​រាងកាយ​ច្រើនពេក។ លើសពីនេះ ការបញ្ចេញ​អ័រម៉ូន Progesterone ច្រើនពេក ធ្វើ​ឲ្យ​ជាតិ​ទឹក​ត្រូវបាន​ឃាត់ទុក​នៅក្នុង​រាងកាយ ហើយ​ករណី​ហើម​ក៏​កើតមានឡើង​ដែរ។

ប៉ុន្តែ​អាការ​មួយ​នេះ​អាច​កាត់បន្ថយ​បាន​តាមរយៈ​វិធី​មួយចំនួន​ដូចជា៖ ពាក់​ស្រោម​ជើងវែង​ឲ្យជិតៗ ត្រាំ​ជើង​ក្នុង​ទឹក​ក្តៅ​ឧ​ណ្ឌ​រាល់ថ្ងៃ ពេល​គេង​ដាក់​ជើង​គង​លើ​ខ្នើយ​ឲ្យ​ខ្ពស់ជាង​ខ្លួន។

២.បញ្ហា​ទល់លាមក
ប្រហែលជា​ពាក់​កណ្តោល​នៃ​ស្ត្រី​មាន​ផ្ទៃពោះ​ទាំងអស់​តែងតែ​ប្រឈម​នឹង​បញ្ហា​ទល់លាមក។

តែ​បញ្ហា​នេះ​អាច​កាត់បន្ថយ​បាន​ដោយ​ទទួលទាន​អាហារ​សម្បូរ​ជាតិ​សរសៃ​ឲ្យ​បាន​ញឹកញាប់ ផឹកទឹក​ឲ្យ​បាន​ច្រើន និង​ធ្វើ​លំ​ហាត់ប្រាណ​ឲ្យ​ទៀងទាត់។

៣.អាការ​ចុក​រោយ​ចង្កេះ
អាការ​ចុក​រោយ​ចង្កេះ ត្រូវបាន​គេ​ចាត់ទុកជា​បញ្ហា​ធម្មតា​ដែល​កើតមានឡើង​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ ដោយ​វា​អាច​ចាប់ផ្ដើម​មាន​ឡើង​តាំងពី​ខែ​ដំបូង​នៃ​ការ​មាន​ផ្ទៃពោះ រហូតដល់​ថ្ងៃ​សម្រាល​តែម្ដង។ នៅពេល​ពោះ​របស់​ស្ត្រី​កាន់តែ​ធំទៅៗ ខ្នង​មាន​ភាព​កោង​កាន់តែខ្លាំង ដើម្បី​ទ្រ​ទម្ងន់​ពោះ ដោយសារតែ​សាច់ដុំ​យឺត​ទាញ ដែល​ធ្វើឱ្យ​អ្នកមាន​ផ្ទៃពោះ មាន​អារម្មណ៍​ចុច​រោយ​ខ្នង​ចង្កេះ។

ប៉ុន្តែ​បញ្ហា​មួយ​នេះ​អាច​កាត់បន្ថយ​បាន​ប្រសិនបើ​ស្ត្រី​មាន​ផ្ទៃពោះ​អនុវត្តតាម​វិធី​មួយចំនួន​ដូចជា៖ កុំ​លើក​របស់ធ្ងន់ៗ កុំ​ឈរ​យូរពេក កុំ​ពាក់​ស្បែកជើងកែងចោទ ពេល​អង្គុយ​ត្រូវ​អង្គុយ​ឲ្យ​ត្រង់​ខ្លួន និង​ធ្វើ​លំ​ហាត់ប្រាណស្រាលៗ តាម​ការណែនាំ​របស់​អ្នកជំនាញ។

៤.រមួលក្រពើ
រមួលក្រពើ តែងតែ​កើតមាន​នៅត្រង់​សាច់ដុំ​កំភួនជើង ដែល​ប​ណ្តោ​ល​ឲ្យ​មានការ​ឈឺចាប់​ឡើង​រហូតដល់​ភ្លៅ។ ការឈឺចាប់​នេះ​អាចមាន​រយៈពេល​បួន​ប្រាំ​នាទី តែ​ករណីខ្លះ​អាច​កើតឡើង​រហូត​ពេញ​មួយ​យប់​ក៏មាន។

ទោះជា​យ៉ាងណា បញ្ហា​មួយ​នេះ​អាច​កាត់បន្ថយ​បាន តាមរយៈ​ការទទួល​ទាន​អាហារ​ដែល​សម្បូរ​សារធាតុ​ម៉ាញ៉េ​ស្យូ​ម កាល់ស្យូម នឹងធ្វើ​ការ​គក់​ច្របាច់​កំភួនជើង​ជាប្រចាំ៕

LEAVE A REPLY

Please enter your comment!
Please enter your name here