ឱកាសនៃការរលូតកូន អាចកើតមានដោយសារតែកត្តាច្រើនយ៉ាង ហើយក្នុងចំណោមនោះ ស្ត្រេស ក៏ត្រូវបានគេចាត់ទុកជាមូលហេតុធំមួយផងដែរ។ តាមរយៈការស្រាវជ្រាវនៅសហរដ្ឋអាមេរិក បានឲ្យដឹងថា ស្ត្រីមានផ្ទៃពោះដែលមានបញ្ហាស្ត្រេសញឹកញាប់ ប្រឈមនឹងការរលូតកូនយ៉ាងងាយ អំឡុងពេល ៣ខែដំបូងនៃការមានផ្ទៃពោះ។ ប៉ុណ្នឹងមិនទាន់អស់នោះទេ នៅមានផលប៉ះពាល់មួយចំនួនទៀត ដែលស្ត្រីកំពុងមានផ្ទៃពោះ គួរស្វែងយល់ឲ្យបានច្បាស់។
១.ការកើតជំងឺស្ត្រេសយូរៗទៅ រាងកាយនឹងផលិតអ័រម៉ូន Cortisol និង adrenaline ដែលអាចប៉ះពាល់ជាខ្លាំងដល់ទារកក្នុងផ្ទៃ។ ក្នុងករណីខ្លះ កូនរបស់អ្នកអាចកើតមិនគ្រប់ខែ ឬមានទម្ងន់ស្រាលជាងក្មេងធម្មតា។
២.ស្ត្រេស អាចបណ្តោលស្ត្រីមានផ្ទៃពោះ គេងមិនលក់ ឈឺក្បាល អស់កម្លាំង ចង្អោរ និងមានប្រព័ន្ធភាពស៊ាំទាប។ នេះជាឱកាសដែលអាចធ្វើឲ្យទារកវិវត្តមិនបានល្អ ហើយងាយនឹងឆ្លងជំងឺផ្សេងៗ។
៣.ស្ត្រេស នឹងធ្វើឲ្យសម្ពាធឈាមអ្នកម្តាយដំណើរការខុសប្រក្រតី ជាពិសេសធ្វើឲ្យអ្នកម្តាយមិនចង់ញ៉ាំអាហារ។ ការញ៉ាំអាហារមិនបានគ្រប់គ្រាន់ អាចធ្វើឲ្យខ្វះអាហារូបត្ថម្ភទៅចិញ្ចឹមទារក ហើយទីបំផុតទារកមានការវិវត្តយឺត ឬកើតមិនគ្រប់ខែ។ ទោះបីជាកូនកើតមក តែទារកនឹងពិបាកចិញ្ចឹមដោយសារតែ ពួកគេមានប្រព័ន្ធភាពស៊ាំទន់ខ្សោយ ឆេវឆាវ មានបញ្ហាផ្លូវចិត្ត និងប្រឈមជំងឺទឹកនោមផ្អែមពេលអនាគត។
ដូច្នេះ ក្នុងអំឡុងពេលមានផ្ទៃពោះ អ្នកម្តាយត្រូវជៀសឲ្យឆ្ងាយពីបញ្ហាស្ត្រេស និងព្យាយាមធ្វើអ្វីឲ្យសប្បាយតាមដែលអាចធ្វើទៅបាន៕