ជំងឺផ្តាសាយ អាចឆ្លងទៅកាន់មនុស្សគ្រប់វ័យ ប៉ុន្តែអ្នកដែលមានប្រព័ន្ធភាពស៊ាំទាបដូចជា កុមារ និងស្ត្រីមានគភ៌ គឺប្រឈមហានិភ័យខ្ពស់បំផុត។ អ្នកត្រូវប្រយ័ត្ន និងយកចិត្តទុកដាក់ចំពោះខ្លួនឯង ដើម្បីការពារពីការឆ្លងរោគ ពុំដូច្នោះទេវាអាចប៉ះពាល់ធ្ងន់ធ្ងរដល់ទារកក្នុងផ្ទៃ។
ខាងក្រោមនេះ ជាវិធីការពារខ្លួនឲ្យជៀសឆ្ងាយពីជំងឺផ្តាសាយពេលមានគភ៌៖
១.ជៀសវាងចូលក្នុងកន្លែងដែលមានមនុស្សច្រើន
មិនមែនជារឿងលេងសើចនោះទេ ដែលអ្នកត្រូវនៅឲ្យឆ្ងាយពីហ្វូងមនុស្ស ឬទីប្រជុំជន ព្រោះអ្នកអាចឆ្លងជំងឺផ្លូវដង្ហើមបាន ប្រសិនបើមាននរណាម្នាក់ក្នុងចំណោមអ្នកទាំងនោះមានជំងឺ។ ជាពិសេសការក្អក ឬកណ្តោស ហានិភ័យនៃការចម្លងរោគមកកាន់អ្នក គឺកាន់តែលឿនបំផុត។
២.លាងសម្អាតដៃឲ្យបានញឹកញាប់
ជំងឺផ្តាសាយ អាចឆ្លងតាមរយៈ ការចាប់ដៃស្វាគមន៍គ្នា ឬចាប់កាន់របស់របរផ្សេងៗនៅតាមទីសាធារណៈ ហើយភ្លេចខ្លួនយកដៃមកប៉ះមាត់ ឬច្រមុះ។ ហេតុនេះអ្នកគួរតែលាងសម្អាតដៃជាមួយនឹងសាប៊ូឲ្យបានញឹកញាប់ ទោះបន្ទាប់ពីចេញពីបង្គន់ ការចាប់ដៃគ្នា ឬការកាន់វត្ថុផ្សេងៗក៏ដោយ ដើម្បីជៀសវាងការឆ្លងជំងឺ។
៣.ឃ្លាតឲ្យឆ្ងាយពីអ្នកមានជំងឺផ្តាសាយ
ប្រសិនបើអ្នកត្រូវទៅមន្ទីរពេទ្យ ឬត្រូវទៅសួរសុខទុក្ខអ្នកជំងឺ សូមពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ និងឈរឲ្យឆ្ងាយពីអ្នកជំងឺបន្តិច ព្រោះក្នុងពេលមានផ្ទៃពោះ ភាពស៊ាំរបស់អ្នកត្រូវបានចុះខ្សោយ ដូច្នេះងាយនឹងឆ្លងជំងឺណាស់។
៤.កុំឲ្យដៃជូតភ្នែក ឬប៉ះពាល់មុខ
ប្រសិនបើអ្នកមិនប្រាដកថា ដៃរបស់អ្នកស្អាតទេ ឬមិនទាន់បានលាងសម្អាតដៃទេ កុំឧស្សាហ៍យកដៃមកប៉ះពាល់លើរង្វង់ផ្ទៃមុខឲ្យសោះ។ ព្រោះដៃរបស់អ្នកអាចពោរពេញទៅដោយមេរោគផ្សេងៗ ជាពិសេសមេរោគផ្តាសាយ ដែលអាចធ្វើឲ្យអ្នកឆ្លងបានយ៉ាងងាយ។
ប្រសិនបើអ្នកអនុវត្តតាមចំំណុចសំខាន់ៗដូចខាងលើបាន អ្នកនិងជៀសឆ្ងាយពីជំងឺផ្តាសាយ ហើយកូនក្នុងផ្ទៃក៏មានសុខភាពផងដែរ៕