ក្នុងរយៈពេល៣ខែដំបូង អ្នកម្តាយភាគច្រើនតែងតែមានអាការៈក្អួត ចង្អោរ វិលមុខ តើមែនទេ? នេះជាអាការៈចាញ់កូន ដែលធ្វើឲ្យស្ត្រីស្ទើរតែមិនអាចញ៉ាំអ្វីបានទាល់តែសោះ។ ទោះជាយ៉ាងណា បញ្ហានេះអាចដោះស្រាយបានប្រសិនបើអ្នកម្តាយព្យាយាមទទួលទានអាហារ 3ប្រភេទនេះ។
១.ផ្លែឈើជូរៗ
អ្នកជំនាញផ្នែកវេជ្ជសាស្ត្របានអះអាងថា ដោយសារតែក្នុងខ្លួនស្ត្រីមានផ្ទៃពោះ មានការផលិតអ័រម៉ូនម្យ៉ាងដែលហៅថា Human Chorionic Gonadotropin ជាអ័រម៉ូនដែលធ្វើឲ្យម្តាយធុញទ្រាន់ និងជំរុញរាងកាយឲ្យត្រូវការសារធាតុចិញ្ចឹមបន្ថែម។ នេះជាមូលហេតុដែលធ្វើឲ្យស្ត្រីមានអារម្មណ៍ចូលចិត្តផ្លែឈើធម្មជាតិជូរៗដូចជា ស្វាយខ្ចី អំពិលខ្ចី និងកន្ទួតជាដើម ។ តែហាមទទួលទានទឹកជ្រលក់ដែលមានជាតិជូរ ឬអាហារផ្អាប់ ព្រោះវាអាចបណ្តោលឲ្យស្ត្រីចាញ់កូនកាន់តែខ្លាំង។
២.តែខ្ញី ឬក្រូចឆ្មារ
ទឹកខ្ញី ឬទឹកក្រូចឆ្មារ ត្រូវបានគេប្រើធ្វើជាឱសថតាំងពីបុរាណមកម្ល៉េះ ព្រោះវាអាចជួយធ្វើឲ្យអ្នកម្តាយមានអារម្មណ៍ស្រស់ស្រាយ បំបាត់អារម្មណ៍ចង់ក្អួត ហើយក៏អាចជួយបណ្តេញជាតិហ្គាសចេញពីក្នុងក្រពះផងដែរ។ កាន់តែពិសេស វាអាចជួយការពារបញ្ហាទល់លាមក និងធ្វើឲ្យក្រពះពោះវៀនកាន់តែមានផាសុខភាព។
៣.យកគ្រាប់ធញ្ញជាតិធ្វើជាអាហារសម្រន់
នៅពេលអ្នកចាញ់កូន គួររកសណ្តែកទុកនៅក្បែរខ្លួនជានិច្ច។ វាជាអាហារដែលល្អ ប្រសើរជាងអាហារសម្រន់ដូចជាដំឡូងបារាំងចៀន ឬអាហារវេជ្ជខ្ចប់ជាច្រើនទៀត។ ដោយសារតែសណ្តែកអាចជួយកាត់បន្ថយបញ្ហាចាញ់កូន ហើយក៏មានផ្ទុកប្រូតេអ៊ីនខ្ពស់ ដែលអ្នកម្តាយត្រូវការផងដែរ។
ក្រៅពីនេះ អ្នកគួរតែព្យាយាមផ្លាស់ប្តូរអាហារ កុំញ៉ាំអាហារដដែល។ បើចង់ញ៉ាំនំ គួរញ៉ាំគួបគ្នាជាមួយនឹងទឹកផ្លែឈើស្រស់ ព្រោះវាសម្បូរអាហារបំប៉ន វីតាមីន សម្រាប់ម្តាយ និងទារកក្នុងផ្ទៃ៕