ពេលវេលាទន់ខ្សោយបំផុតសម្រាប់អ្នកម៉ាក់ គឺក្នុងរយៈពេលនៃការមានផ្ទៃពោះ។ រាល់ឥរិយាបថមិនថា ដេក ដើរ អង្គុយ ឈរ អាចបង្កឲ្យមានការឈឺចាប់យ៉ាងងាយស្រួល។ ចំពោះអ្នកម៉ក់ខ្លះ ប្រសិនបើពួកគេមានបញ្ហាសុខភាពរួចទៅហើយ ពួកគេអាចមានអារម្មណ៍ឈឺចាប់ខ្លាំងរហូតដល់ថ្នាក់យំក៏មានដែរ។ ដូច្នេះអ្នកស្ត្រីមានផ្ទៃពោះគួរតែស្វែងយល់ពីមូលហេតុ និងវិធីការពារអាការៈឈឺឆ្អឹងខ្នងឲ្យបានច្បាស់។
មូលហេតុដែលបណ្តោលឲ្យកើតមានបញ្ហាឈឺឆ្អឹងខ្នង
១.ទម្ងន់របស់អ្នកម៉ាក់មានការកើនឡើងទ្វេរដង រាប់បញ្ចូលទាំងទម្ងន់របស់ទារកដែរ។
២.រាងកាយមានការផ្លាស់ប្តូរ ទម្ងន់ផ្ទុកទៅផ្នែកខាងមុខច្រើនដែលធ្វើឲ្យឆ្អឹងខ្នងរាងកោង។
៣.តុល្យភាព និងឥរិយាបទរបស់អ្នកម៉ាក់មានការផ្លាស់ប្តូរ និងការដើរត្រូវអែនមកក្រោយគ្រប់ពេល ដើម្បីទ្រទ្រង់រាងកាយ។
៤.ការឱនយករបស់ញឹកញាប់ក៏ជាមូលហេតុមួយដែលនាំឲ្យមានបញ្ហាឈឺឆ្អឹងខ្នងដែរ។
៥.ការផ្លាស់ប្តូរអ័រម៉ូនក្នុងរាងកាយរួមទាំងអ័រម៉ូន Relaxin អាចបន្ធូរសរសៃចងឆ្អឹងអាងត្រគាក។ ថ្វីបើវាអាចជួយសម្រួលដល់ការសម្រាល ប៉ុន្តែវាក៏អាចបណ្តោលឲ្យមានការឈឺចាប់ខ្នងផងដែរ។
៦.រាងកាយអ្នកម៉ាក់ត្រូវបែងចែកជាតិកាល់ស្យូមទៅទារក ធ្វើឲ្យឆ្អឹងរបស់មានសុខភាពមិនល្អ ដោយខ្វះជាតិកាល់ស្យូមអាចបណ្តោលឲ្យឈឺចាប់។
៧.ស្ត្រេស និងការថប់បារម្ភអំឡុងពេលមានផ្ទៃពោះ ក៏អាចនាំឲ្យឈឺឆ្អឹងខ្នងដែរ។
វិធីថែរក្សាខ្លួន និងកាត់បន្ថយអាការៈឈឺឆ្អឹងខ្នង
១.កុំលេបថ្នាំបំបាត់ការឈឺចាប់ ព្រោះវាអាចនាំឲ្យទារកក្នុងផ្ទៃមានគ្រោះថ្នាក់។
២.សូមព្យាយាមផ្លាស់ប្តូរឥរិយាបថឲ្យបានញឹកញាប់ រៀងរាល់ ១ម៉ោងម្តង ដើម្បីកុំឲ្យសរីរាង្គណាមួយត្រូវធ្វើការធ្ងន់។
៣.អង្គុយឲ្យត្រង់ខ្លួន ឬដាក់ខ្នើយកល់ពីក្រោយខ្នង ហើយដាក់កៅអីតូចមួយសម្រាប់ជាន់ពីលើ ដើម្បីធ្វើឲ្យអ្នកមានផាសុខភាព។
៤.ជ្រើសរើសសម្លៀកបំពាក់ដែលទន់ៗ ហើយជៀសវាងពាក់ស្បែកជើងកែងចោទ។ បើចាំបាច់កែងមិនលើសពី ១ទៅ២អ៊ីញឡើយ។
៥.ធ្វើលំហាត់ប្រាណស្រាលៗ អាចកាត់បន្ថយការឈឺចាប់ដូចជាយូហ្គា។
៦.លាបថ្នាំបំបាត់ការឈឺចាប់នៅតំបន់ខ្នង ក៏អាចជួយឲ្យអ្នកមានអារម្មណ៍ធូរស្រាលផងដែរ។
៧.កុំលើករបស់ធ្ងន់ៗ វាអាចមានគ្រាះថ្នាក់។
ការឈឺចាប់ឆ្អឹងខ្នងអំឡុងពេលមានផ្ទៃពោះទាមទារឲ្យអ្នកយកចិត្តទុកដាក់បំផុត ព្រោះវាអាចបង្កផលលំបាកដល់សុខភាពអ្នកម្តាយ ហើយធ្ងន់ធ្ងរជាងអ្វីដែលអ្នកបានគិតទៅទៀត៕