ដោយសារតែមិនទាន់មានប្រាក់ចំណូលនឹងធឹង ឬមិនទាន់មានរបរខ្លួនឯងមួយពិតប្រាដក ទោះបីជារៀបការហើយក៏ដោយស្ត្រីមួយចំនួនសម្រេចិត្តពន្យាពេលក្នុងការយកកូន។
ការពន្យាពេលយូរពេលរហូតដល់ជ្រុលវ័យ ជាពិសេសការយកកូននៅអំឡុងអាយុ៣០ ទៅ ៣៥ឆ្នាំ អាចមានបញ្ហាជាមួយនឹងភាពមិនប្រក្រតីនៃក្រូម៉ូសូម។ ដូច្នេះអ្នកជំនាញបានណែនាំថា ប្រសិនបើអ្នកមានផ្ទៃពោះក្នុងវ័យនេះត្រូវពិនិត្យតាមដានសុខភាពឲ្យហ្មត់ចត់អំឡុងខែទី៤ ដោយឲ្យគ្រូពេទ្យពិនិត្យទឹកភ្លោះដែលចេញពីស្បូន ដើម្បីរកមើលកោសិកាក្នុងទឹកភ្លោះ ដើម្បីដឹងថាមានក្រូម៉ូសូមខុសប្រក្រតីដែរទេឬទេ? ដើម្បីគិតគូរពីសុខភាពរបស់កុមារនៅក្នុងផ្ទៃ ព្រោះក្នុងខ្លួនមនុស្សធម្មតាមានក្រូម៉ូសូមចំនួន ២៣គូ ឬប្រហែលជា ៤៦ ប៉ុន្តែប្រសិនបើទារកមានរោគសញ្ញាមិនប្រក្រតីរួមទាំងពិការភាពបញ្ញាជាដើម អាចមានក្រូម៉ូសូមចំនួន ៤៧ បន្ថែមទៀត បណ្តោលមកពីក្រូម៉ូសូមទី ២១ដែលមានបីបន្ថែម។ ប្រសិនបើរកឃើញថា មានកោសិកាក្នុងទឹកភ្លោះទាប គ្រូពេទ្យនឹងណែនាំឲ្យលុបចោលការមានផ្ទៃពោះ ដោយការចាក់បញ្ចូលជាតិសូលុយស្យុងដែលមានជាតិប្រៃខ្លាំងចូលក្នុងស្បូន ឬចាក់ថ្នាំនៅលើមាត់ស្បូនដើម្បីឲ្យស្បូនបើករហូតដល់កូនចេញមក។ បន្ទាប់មកគ្រូពេទ្យនឹងណែនាំឲ្យមានគភ៌ថ្មីក្នុងរយៈពេល ៣ខែទៀត ហើយការមានផ្ទៃពោះលើកក្រោយគួរតែពិនិត្យមើលទឹកភ្លោះលម្អិតជាមុន។
តើស្ត្រីមានអាយុលើសពី ៣៥ឆ្នាំអាចមានផ្ទៃពោះបានឬទេ?
អ្នកជំនាញបានលើកឡើងថា ស្ត្រីដែលមានអាយុចាប់ពី ៣៥ឆ្នាំឡើងទៅ គឺខ្វះភាពរីករាយ មិនសូវសកម្មដូចយុវវ័យ ហើយស្ត្រេសច្រើន ហេតុនេះប្រសិនបើអ្នកមានផ្ទៃពោះនៅវ័យនេះត្រូវសម្រាកឲ្យបានច្រើន។ អំឡុងពេលនេះស្ត្រីមានផ្ទៃពោះត្រូវទៅជួបគ្រូពេទ្យ ដើម្បីរកមើលភាពមិនប្រក្រតីនៃក្រូម៉ូសូមគ្រប់ពេល ដើម្បីការពារបញ្ហាការមានផ្ទៃពោះខុសប្រក្រតី។
តើត្រូវធ្វើដូចម្តេច ដើម្បីឲ្យការមានផ្ទៃពោះមានសុខភាពល្អ?
សូមកុំព្រួយបារម្ភខ្លាំងពេក ព្រោះអ្នកនៅតែអាចមានកូនបាន ប៉ុន្តែមុនពេលសម្រាល អ្នកត្រូវទៅជួបជាមួយគ្រូពេទ្យ ដើម្បីតាមដានសុខភាពឲ្យបានទៀងទាត់ ដើម្បីឲ្យការមានផ្ទៃពោះប្រកបដោយផាសុខភាពរហូតដល់ពេលសម្រាល៕