ជំងឺរលាកសួត ត្រូវបានគេចាត់ទុកជាឃាតករសម្ងាត់ ដែលអាចសម្លាប់កុមារតូចៗរាប់លាននាក់ជារៀងរាល់ឆ្នាំនៅទូទាំងពិភពលោក។ យោងតាមស្ថិតិថ្មីៗនេះបានបង្ហាញថា ជំងឺរលាកសួត បណ្តោលឲ្យមនុស្សស្លាប់ប្រមាណជា ២លាននាក់ក្នុងមួយឆ្នាំនៅទូទាំងពិភពលោក ច្រើនជាងចំនួនអ្នកស្លាប់ដោយសារជំងឺអេសដ៍ គ្រុនចាញ់ និងកញ្ជ្រិលបូកបញ្ចូលគ្នាទៅទៀត។ វាត្រូវបានគេប៉ាន់ស្មានថា ជារៀងរាល់ថ្ងៃមានកុមារប្រមាណ ៤.៣០០នាក់ បានស្លាប់ដោយសារជំងឺរលាកសួត នៅទូទាំងពិភពលោក មានន័យថារាល់ ២០វិនាទីកុមារម្នាក់បានស្លាប់ដោយសារជំងឺនេះ។
ហេតុដូច្នេះការដឹងពីរោគសញ្ញា អាចនាំកូនទៅសង្គ្រោះបានទាន់ពេលវេលា។
ជារឿយកុមារមានអាការក្អក និងក្តៅខ្លួនភាគច្រើន ប៉ុន្តែវិធីដើម្បីកំណតជំងឺរលាកសួត គឺការរាប់អត្រាដង្ហើមរបស់កុមារ។ ប្រសិនបើកុមារមានដង្ហើមញាប់ជាងធម្មតា វាជារោគសញ្ញាដំបូងនៃជំងឺរលោកសួតចំពោះកុមារ។
ការរាប់អត្រាចង្វាក់ដង្ហើមរបស់កុមារ ដែលឪពុកម្តាយគួរតែធ្វើតាមការណែនាំ៖
សម្រាប់កុមារដែលមានអាយុក្រោម ២ខែ ប្រសិនបើចង្វាក់ដង្ហើមលើសពី ៦០ដងក្នុងមួយនាទី ត្រូវបានគេចាត់ទុកជាការដកដ្ហើមញាប់។
សម្រាប់កុមារចាប់ពីអាយុ ២ខែ ដល់១២ខែ ប្រសិនបើចង្វាក់ដង្ហើមលើសពី ៥០ដងក្នុងមួយនាទី ត្រូវបានគេចាត់ទុកជាការដកដង្ហើមញាប់។
ចំពោះកុមារអាយុចាប់ពី ១ទៅ ៥ឆ្នាំ ប្រសិនបើចង្វាក់ដង្ហើមលើស ៤០ដង ក្នុងមួយនាទីត្រូវបានគេចាប់ទុកជាការដកដង្ហើមញាប់។
នៅពេលរាប់ដង្ហើមអ្នកត្រូវលាត់អាវកុមារឡើង ដើម្បីងាយស្រួលមើលក្បាលពោះ និងដើមទ្រូង។ គួរដាក់ឲ្យកូនគេងចុះ តែមិនបាច់ខំប្រឹង រាប់ពេលដែលកូនមានអារម្មណ៍មួម៉ៅនៅមិនស្ងៀមនោះទេ។ តាមស្តង់ដារឪពុកម្តាយគួររាប់ចំនួន១៥វិនាទី ហើយគុណនឹង៤ដង ប៉ុន្តែចំពោះទារកតូចៗត្រូវរាប់ឲ្យបានពេញមួយនាទី ព្រោះដង្ហើមពួកគេខ្លី។ ដើម្បីឲ្យកាន់តែច្បាស់ចំពោះដង្ហើមមិនទៀងទាត់របស់កុមារ ត្រូវរាប់ឡើងវិញឲ្យបានចំនួន៣ដង។
ជាពិសេសកុមារដែលមានដង្ហើមញាប់ អ្នកនឹងឃើញព្រំប្រទល់ដើមទ្រូង និងពោះរបស់ពួកគេផតប៉ោងៗ ដូចជាពិបាកដកដង្ហើមខ្លាំងណាស់ នេះជាសញ្ញានៃជំងឺរលាកសួតចំពោះទារកទើបនឹងកើត។
ឪពុកម្តាយត្រូវស្តាប់ដង្ហើមរបស់កូនដោយឲ្យបានដិតដល់បំផុត ព្រោះជំងឺរលាកសួតក៏អាចធ្វើឲ្យកុមារពិបាកដកដ្ហើម ឬលាន់សំលេងពេលដកដង្ហើម។
ក្នុងករណីកុមារមានអាការក្អក តឹងច្រមុះ ហៀរសំបោរ គ្រុនក្តៅ ប៉ុន្តែដង្ហើមមិនញាប់ មិនញ័រទ្រូង ជាទូទៅកុមារមិនមានជំងឺរលាកសួតទេ៕