កុំថាឡើយមានបញ្ហាសុខភាព សូម្បីតែស្ថានភាពផ្លូវចិត្តរបស់អ្នកម្តាយមិនល្អ ក៏អាចនាំទុក្ខដល់ទារកនៅក្នុងផ្ទៃផងដែរ។
ក្នុងអំឡុងពេលមានផ្ទៃពោះ អ័រម៉ូនរបស់អ្នកម្តាយនឹងធ្វើការផ្លាស់ប្តូរជាខ្លាំងដែលនាំឲ្យពួកគេងាយប្រឈមនឹងភាពក្រៀមក្រំ ជាពិសេសភាពតានតឹងខ្លាំង។ អ្នកត្រូវដឹងថា នៅពេលស្ត្រេសខ្លាំងអ្នកអាចមានបញ្ហាវង្វេងស្មារតី និងប៉ះពាល់ដល់សុខភាពផងដែរ។
លើសពីនេះ ស្ត្រីដែលមានបញ្ហាស្ត្រេសច្រើនអំឡុងពេលមានផ្ទៃពោះ អាចជះឥទ្ធិពលអាក្រក់ដល់ការលូតលាស់របស់ទារក និងមានឥទ្ធិពលអាក្រក់ជាច្រើនទៅថ្ងៃក្រោយ។ ជាពិសេសទារកអាចមានពិការភាពដោយស្វ័យប្រវត្ត និងមានបញ្ហាផ្លូវចិត្តពេញមួយជីវិត។
ខាងក្រោមនេះ គឺជាផប៉ះពាល់ធ្ងន់ធ្ងរដោយសារតែការស្ត្រេសពេលមានផ្ទៃពោះ៖
១.ការអភិវឌ្ឍមានភាពយឺតយ៉ាវ
ប្រសិនបើអ្នកតែងតែមានបញ្ហាស្ត្រេស ក្នុងដំណាក់កាលដំបូងនៃការអភិវឌ្ឍ ទារកអាចប្រឈមនឹងការអភិវឌ្ឍទាំងរាងកាយ និងបញ្ហាមានភាពយឺតយ៉ាវ។
២.ទារកមានបញ្ហាដំណេក
ប្រសិនបើអ្នកម្តាយមានបញ្ហាស្ត្រេស អាចរំខានដល់ដំណេករបស់ទារក ហើយទារកក៏អាចប្រឈមនឹងស្ថានភាពស្ត្រេស និងធ្លាក់ទឹកចិត្តដូចអ្នកម្តាយដែរ។ ការគេងរបស់អ្នកម្តាយ គឺមានសារៈសំខាន់ណាស់ក្នុងដំណើរការអភិវឌ្ឍ និងការបញ្ចប់រចនាសម្ព័ន្ធនៃរូបរាងកាយទារកថែមទៀត។
៣.ទារកងាយនឹងមានបញ្ហា
ភាពស្ត្រេសច្រើនអំឡុងពេលមានផ្ទៃពោះ អាចធ្វើឲ្យទារកងាយនឹងកើតជំងឺវង្វេង ស្វិតសាច់ដុំ អមត្ថភាព និងមានបញ្ហាផ្លូវចិត្តតាំងពីកើតរហូតដល់ស្លាប់ទៅវិញ។
៤.ទារកមានទម្ងន់ស្រាល
នៅពេលអ្នកម្តាយមានបញ្ហាស្ត្រេសច្រើន ពួកគេគ្មានអារម្មណ៍ញ៉ាំអ្វីទៀតនោះទេ ដូច្នេះតម្រូវការអាហារូបត្ថម្ភដែលត្រូវបានបញ្ចូលទៅកាន់កូនក្នុងផ្ទៃត្រូវបាត់បង់។ នៅពេលកូនទួលយកអាហារមិនគ្រប់គ្រាន់ ការលូតលាស់ត្រូវបានអាក់ខាន ហើយទារកក៏មានទម្ងន់ស្រាលផងដែរ។
៥.ទារកពិការភាពពីកំណើត
ផលប៉ះពាល់ធ្ងន់ធ្ងរបំផុត សម្រាប់ស្ត្រីមានផ្ទៃពោះដែលមានបញ្ហាស្ត្រេសច្រើន គឺធ្វើឲ្យកូនត្រូវប្រឈមនឹងពិការភាពនៅពេលកើតមក។
ដូច្នេះដើម្បីកាត់បន្ថយផលប៉ះពាល់ដែលបណ្តោលមកពីបញ្ហាស្ត្រេសច្រើន អ្នកម្តាយគួរអនុវត្តវិធីសាមញ្ញៗមួយចំនួន៖
- ត្រូវគេងឲ្យបានគ្រប់គ្រាន់
- ទទួលទានអាហារដែលសម្បូរសារធាតុចិញ្ចឹមគ្រប់គ្រាន់
- គិតតែរឿងវិជ្ជមាន និងធ្វើចិត្តឲ្យសប្បាយៗ
- ធ្វើលំហាត់ប្រាណស្រាលៗ ដើម្បីឲ្យអ្នកមានអារម្មណ៍ល្អ៕