អាហារ៧ប្រភេទ គួរជៀសវាងអំឡុងពេលបំបៅដោះកូន

0
1

ការជ្រើសរើសអាហារដែលសម្បូរសារធាតុចិញ្ចឹមគ្រប់គ្រាន់ក្នុងអំឡុងពេលបំបៅដោះកូន ពិតជាសំខាន់ខ្លាំងណាស់ ព្រោះវាអាចជួយជំរុញដល់ការផលិតទឹកដោះបានច្រើន និងធ្វើឲ្យទារកមានសុខភាពល្អ។ ប៉ុន្តែអ្នកក៏ត្រូវប្រយ័ត្នជាមួយអាហារមួយចំនួនផងដែរ ព្រោះវាអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពទារកកំពុងតែលូតលាស់។

ខាងក្រោមនេះ គឺជាបញ្ជីអាហារដែលអ្នកម្តាយកំពុងតែបំបៅដោះកូន គួរតែជៀសវាង៖

១.អាហារហិល

ម្តាយខ្លះមានទម្លាប់បន្ថែមគ្រឿងទេសមួយចំនួនចូលទៅក្នុងអាហារ ដូចជាម្ទេសជាដើម។ ការបន្ថែមគ្រឿងទេសចូលក្នុងអាហារទៀងទាត់ មានប្រយោជន៍ទាំងម្តាយ និងកូន ប៉ុន្តែចំពោះអ្នកម្តាយខ្លះដែលកំពុងបំបៅដោះ អាចមានបញ្ហារំលាយអាហារចំពោះទារកដូចជាទល់លាមក រាគ ឬមានភាពក្រហល់ក្រហាយ។ ដូច្នេះដើម្បីសុខភាពកូន អ្នកម្តាយមិនគួរបរិភោគគ្រឿងទេសដែលហិលឡើយ។

២.កាហ្វេ

អំឡុងពេលបំបៅដោះកូន ម្តាយផឹកកាហ្វេ ទឹកក្រូចសូដា ឬតែ វានឹងមានជាតិកាហ្វេអ៊ីនតិចតួចនៅក្នុងទឹកដោះ។ ទារកមិនទាន់មានសមត្ថភាពបញ្ចេញជាតិកាហ្វេអ៊ីនចេញមកវិញបានរហ័ស ដូចមនុស្សពេញវ័យឡើយ ដូច្នេះពួកគេអាចងាយនឹងមានបញ្ហាអាឡែកស៊ី និងគេងមិនលក់។

៣.សូកូឡា

សូកូឡា មានជាតិកាហ្វេអ៊ីនដូច កាហ្វេដែរ គ្រាន់តែសូកូឡា១ដុំ មានផ្ទុកជាតិកាហ្វេអ៊ីនចាប់ពី ៥ទៅ៣៥មីលីក្រាម។ ដូច្នេះដើម្បីកុំឲ្យមានទុក្ខទោសដល់ទារក អ្នកម្តាយគួរតែជៀសវាងអំឡុងពេលបំបៅដោះកូន។

៤.ជាតិអាល់កុល

ភេសជ្ជៈដែលមានផ្ទុកជាតិអាល់កុល ងាយនឹងមានឥទ្ធិពលអាក្រក់ដល់ប្រភពទឹកដោះ។ យោងតាមអ្នកជំនាញបានបង្ហាញថា ទោះបីជាអ្នកម្តាយទទួលទានស្រាតិចតួចក៏ដោយ ក៏វាមានបរិមាណច្រើនសម្រាប់ទារកដែរ។ ដូច្នេះគួរតែលុបបំបាត់ទម្លាប់ញ៉ាំស្រាទៀតទៅ បើមិនចង់ឲ្យកូនខូចសុខភាព។

៥.អាហារ Fast food

ការសិក្សាកាលពីឆ្នាំ ២០១០ ដោយអ្នកឯកទេសនៅអឺរ៉ុបបានរកឃើញថា អំឡុងពេលបំបៅដោះកូន ប្រសិនបើអ្នកម្តាយញ៉ាំខ្លាញ់លើសពី ៤.៥ក្រាម ដែលត្រូវបានគេរកឃើញនៅក្នុងអាហារចៀន សាច់ក្រកហតដក ប្រហិត… ទារកនឹងមានជំងឺធាត់លើស ២ដង។

៦.ទំពាំង

អ្នកត្រូវដឹងថា ទំពាំងមានផ្ទុកបរិមាណជាតិពុល HCN ដែលធ្វើឲ្យទារកមានបញ្ហាបាន។ ដូច្នេះអំឡុងពេលបំបៅដោះកូន អ្នកម្តាយមិនត្រូវបរិភោគទំពាំងនោះទេ ដើម្បីធានាសុវត្ថិភាពសម្រាប់ទារក។

៧.មីកញ្ចប់

វាមិនមានអ្វីប្លែកនោះទេ ដែលមីកញ្ចប់ស្ថិតនៅក្នុងបញ្ជីនៃអាហារដែលមិនល្អសម្រាប់អ្នកម្តាយពេលបំបៅដោះ។ ដោយសារតែមីត្រូវបានគេដាក់សារធាតុគីមីដើម្បីរក្សាគុណភាពឲ្យបានយូរ មានផ្ទុកជាតិប្រៃខ្លាំង និងគ្មានសារធាតុចិញ្ចឹមឡើយ។ ដូច្នេះអំឡុងពេលបំបៅដោះកូន គួរតែជៀសវាងមីកញ្ចប់ ដើម្បីឲ្យកូនមានសុខភាពល្អ៕

LEAVE A REPLY

Please enter your comment!
Please enter your name here