រឿងដ៏អស្ចារ្យម្យ៉ាងក្នុងជីវិតរបស់មនុស្សស្រីដូចយើង គឺការបានធ្វើជាម្តាយរបស់គេ ដែលស្ត្រីទាំងឡាយត្រូវស៊ូទ្រាំ និងលះបង់អស់រយៈពេល9ខែ រឹតតែក្នុងអំឡុងខែទី7-9 ឬត្រីមាសទី3ផងនោះ គឺជាអំឡុងពេលចុងក្រោយដ៏សំខាន់បំផុត ព្រោះជិតដល់ពេលផ្តល់កំណើតជីវិតមួយឡើងហើយ។ តែមុនពេលកូនសម្លាញ់ក្នុងផ្ទៃជិតចេញមកបើកភ្នែកមើលពិភពលោក យើងសូមនាំបងៗ ស្ត្រីមានគភ៌ដែលជិតប្រសូតមកមើល 7រឿងដែលស្ត្រីមានគភ៌ជិតប្រសូតគួរតែធ្វើ ដើម្បីនឹងបានប្រសូតកូនតូចចេញមកយ៉ាងសប្បាយចិត្តឥតកង្វល់។
1/ ត្រៀមដាក់ឈ្មោះកូនសម្លាញ់ : លោកឪពុកអ្នកម្តាយគួរតែប្រឹក្សាគ្នារឿងឈ្មោះរបស់កូនតូចទុកជាមុន ព្រោះបើសិនដល់ពេលប្រសូតហើយនៅសម្រេចចិត្តមិនទាន់បាននោះ ខាងមន្ទីរពេទ្យនឹងដាក់ឈ្មោះឱ្យភ្លាមតែម្តង ហើយនិងច្បាស់ជាត្រូវមករវល់នៅពេលក្រោយមិនខាន បើសិនជាត្រូវការប្តូរឈ្មោះកូនសម្លាញ់នោះ ដូច្នេះវិធីដែលល្អឪពុកម្តាយគួរតែប្រឹក្សាគ្នាឱ្យរួចរាល់ រកឈ្មោះដែលមានអត្ថន័យល្អៗ ដើម្បីទុកប្រាប់បុគ្គលិកខាងមន្ទីរពេទ្យនៅពេលប្រសូតហើយភ្លាម។
2/ ដឹងច្បាស់ពីពេលកំណត់នៃថ្ងៃប្រសូត : ចំណុចនេះស្ត្រីមានគភ៌ត្រូវប្រឹក្សាជាមួយគ្រូពេទ្យដែលខ្លួនបានទៅពិនិត្យគភ៌ជាប្រចាំនោះឱ្យបានច្បាស់ថា តើកំណត់ប្រសូតត្រូវនឹងថ្ងៃណា ដែលជារឿងល្អបំផុតចំពោះខ្លួនអ្នកម្តាយ និងកូនតូច ព្រោះដើម្បីស្ត្រីមានគភ៌មានពេលវេលាត្រៀមខ្លួនឱ្យបានល្អមុននឹងដល់ថ្ងៃនោះមែនទែន និងដើម្បីកូនតូចប្រសូតចេញមកមានសុខភាពល្អ រឹងប៉ឹង និងមាំមួនល្អ។
3/ ថតរូបក្នុងអំឡុងពេលផ្ទៃពោះកំពុងធំ : ដើម្បីជាការរក្សាទុករូបភាពនៃការចងចាំ ស្ត្រីមានគភ៌អាចនឹងថតរូបខ្លួនឯងពោះធំក្នុងឥរិយាបថផ្សេងៗ ថតរួមជាមួយស្វាមី ឪពុកម្តាយ សាច់ញាតិ ឬមិត្តភក្តិ ព្រោះនៅពេលដល់ថ្ងៃដែលកូនសម្លាញ់ធំឡើង អ្នកម្តាយអាចយករូបថតទាំងនោះមកឱ្យគេមើល និងប្រាប់គេថា កាលពីពេលមួយនោះ កូនៗធ្លាប់នៅក្នុងពោះប៉ោងៗរបស់ម៉ាក់នេះ ដែលវានឹងជួយសាងសម្ពន្ធភាពដ៏ល្អរវាងម្តាយ និងកូនតូច។
4/ ត្រៀមរបស់ប្រើប្រាស់សម្រាប់កូនតូច : ប្រាកដណាស់ថា មិនប៉ុន្មានសប្តាហ៍ខាងមុខនេះ នឹងមានជីវិតតូចមួយចូលមករួមរស់អាស្រ័យនៅក្នុងផ្ទះហើយ ដូច្នេះស្ត្រីជាម្តាយគួររកមើលរបស់របរផ្សេងៗសម្រាប់ទារកទើបនឹងកើតមកទុក ដើម្បីត្រៀមឱ្យរួចជាស្រេចដូចជា ក្រណាត់កន្ទប ស្រោមដៃ ស្រោមជើង ក្រដាសសើមសម្រាប់ជូតសម្អាតឧបករណ៍សម្រាប់ផ្ងូតទឹកកូន និងរទេះកូនតូចទុកសម្រាប់ពេលមានការចាំបាច់ត្រូវធ្វើដំណើរទៅក្រៅផ្ទះផងដែរ។
5/ រកអ្នកមកជួយធ្វើការងារផ្ទះ : ក្នុងអំឡុងត្រីមាសទី3នេះ ស្ត្រីមានគភ៌អាចនឹងធ្វើការងារផ្ទះមិនសូវជាស្រួលប៉ុន្មានឡើយ ហើយបើស្វាមីត្រូវធ្វើការមិនទំនេរក្នុងការធ្វើការងារផ្ទះផងនោះ ស្ត្រីមានគភ៌គួរតែរកជួលអ្នកនៅជាមួយម្នាក់ ដើម្បីមើលថែទាំសម្អាតផ្ទះក្នុងពេលដែលខ្លួនត្រូវទៅគេងសម្រាកនៅឯមន្ទីរពេទ្យក្នុងរយៈពេលយូរ ព្រោះបើគ្មានអ្នកមើលថែទាំបោសសម្អាតផ្ទះទេនោះ អាចនឹងធ្វើឱ្យផ្ទះកខ្វក់ មានល្អងធូលីដីដែលមិនល្អចំពោះទារកសោះឡើយ ដូច្នេះស្ត្រីមានគភ៌ជិតប្រសូតគួរតែគិតគូររឿងនេះដែរ។
6/ ត្រៀមរបស់របរប្រើប្រាស់ទុករួចជាស្រេច : អនាគតអ្នកម្តាយប្រហែលជាមិនចង់រវល់វីវក់ក្នុងសប្តាហ៍ចុងក្រោយមុននឹងទៅប្រសូតបុត្រទេ មែនទេ? ដូច្នេះស្ត្រីមានគភ៌ត្រូវត្រៀមរបស់របរគ្រឿងប្រើប្រាស់ទាំងអស់ឱ្យរួចជាស្រេច ដែលក្នុងកាបូបរបស់អនាគតអ្នកម្តាយនេះត្រូវមានឯកសារផ្ទាល់ ខ្លួនសៀវភៅតាមដានគភ៌ របស់របរប្រើប្រាស់ផ្ទាល់ខ្លួន និងឈុតខាងក្នុង ដើម្បីពេលមានអាការឈឺពោះអនាគតអ្នកម្តាយអាចនឹងទៅមន្ទីរពេទ្យបានភ្លាមតែម្តង។
7/ បន្ធូរអារម្មណ៍ ធ្វើចិត្តឱ្យសប្បាយ : ជឿថា ស្ត្រីមានគភ៌ភាគច្រើនត្រូវតែកើតអាការកង្វល់ជាមួយការប្រសូតដែលកំពុងតែជិតចូលមកដល់ ដើម្បីជាការបន្ធូរបន្ថយអារម្មណ៍ ស្ត្រីមានគភ៌អាចចេញទៅមើលកុន ញ៉ាំបាយ ដើរលេងនៅតាមសួនសាធារណៈ ណាត់មិត្តភក្តិនិយាយគ្នាលេង ដើម្បីកុំឱ្យកើតភាពតានតឹងធុញថប់ឡើងច្រើនតែទាំងអស់នេះ បើដើរចេញទៅក្រៅផ្ទះគួរប្រយ័ត្នប្រយែងក្នុងការធ្វើចលនាផង។
ស្ត្រីមានគភ៌ជិតប្រសូតដែលស្ថិតក្នុងអំឡុងត្រីមាសទី3 គួរតែប្រយ័ត្នប្រយែងជាពិសេសតែម្តង ព្រោះជាអំឡុងពេលដែលទារកជិតចេញមកបើកភ្នែកមើលពិភពលោកហើយ ហើយថែមទាំងគួរត្រៀមខ្លួនឱ្យរួចជាស្រេចដូចចំណុចទាំង7ខាងលើ ដើម្បីដល់ពេលវេលាឈឺពោះប្រសូតមែនទែន ស្ត្រីមានគភ៌មិនចាំបាច់ប្រញាប់ប្រញាល់ ឬភ្លេចនេះភ្លេចនោះ និងធ្វើការប្រសូតបានយ៉ាងសប្បាយចិត្ត ព្រមទាំងមានសុវត្ថិភាពទាំងម្តាយ ទាំងកូន៕