ស្ត្រេសខ្លាំងពេក អាចបណ្តោលឲ្យទារកមានជំងឺធ្លាក់ទឹកចិត្តតាំងពីនៅក្នុងពោះ

0
1

ការសិក្សាបានរកឃើញថា ម្តាយខ្លះអាចបញ្ជូនអារម្មណ៍តប់ប្រមល់ និងស្ត្រេសទៅកាន់ទារកដែលមិនទាន់កើត។ ការស្រាវជ្រាវនេះត្រូវបានធ្វើឡើងដោយសាកលវិទ្យាល័យជាតិសិង្ហបុរី ក្នុងនោះមានស្ត្រីមានផ្ទៃពោះចំនួន ១៥៧នាក់ត្រូវបានពិនិត្យតាមដាន។ ស្ត្រីទាំងនោះត្រូវបានស្នើសុំឲ្យឆ្លើយសំណួរក្នុងអំឡុងពេលសប្តាហ៍ទី២៦ នៃការមានផ្ទៃពោះ ដែលជាសំណួរទាក់ទងនឹងសុខភាពផ្លូវចិត្តរបស់ពួកគេ។

មុននឹងឈានទៅដល់ការសន្និដ្ឋាន អ្នកជំនាញបានសង្កេតមើលខួរក្បាលទារកអស់រយៈពេល ២សប្តាហ៍បន្ទាប់ពីកំណើត។ ទីបំផុតរកឃើញថា សារធាតុគីមី(amygdala) នៅក្នុងស្បូន និងខួរក្បាលរបស់ទារកមិនទាន់កើត មិនអាចការពារការចម្លងស្ត្រេសពីម្តាយបានទេ។ ការស្រាវជ្រាវនេះមានជាប់ទាក់ទងជាមួយនឹងកត្តាបរិស្ថាន និងហ្សែន ដែលអាចបង្កឲ្យមានការកើនឡើងនូវករណីស្ត្រេស និងបាក់ទឹកចិត្តចំពោះទារកកាន់តែខ្លាំង។

លោកវេជ្ជបណ្ឌិត John Krystal មានប្រសាសន៍ថា ទាំងនេះគឺជាមូលហេតុដែលគួរឲ្យព្រួយបារម្ភ ហើយតម្រូវឲ្យស្ត្រីមានផ្ទៃពោះ មានការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត។

អ្នកជំនាញចក្រភពអង់គ្លេសបានចេញផ្សាយស្ថិតិបញ្ជាក់ថា កុមារជិត ៨០.០០០នាក់ ដែលមានអាយុក្រោម ៥ឆ្នាំ កំពុងទទួរលពីជំងឺធ្លាក់ទឹកចិត្ត និងជំងឺផ្លូវចិត្តផ្សេងទៀត។ យោងតាមស្ថិតិក៏បានបង្ហាញផងដែរថា មានចំនួននៃការរលូតកូនខ្ពស់ក្នុងត្រីមាសទី ១ នៃស្ត្រីដែលមានបញ្ហាស្ត្រេសធ្ងន់ធ្ងរ អំឡុងពេលមានផ្ទៃពោះ។ កម្រិតនៃស្ត្រេសអាចជះឥទ្ធិពលដល់ទារក និងធ្វើឲ្យពួកគេមានបញ្ហាស្ត្រេសក្នុងជីវិតផ្ទាល់ខ្លួន។

ការស្រាវជ្រាវថ្មីនេះបានបង្ហាញថា ការពិនិត្យសុខភាពផ្លូវចិត្តរបស់ស្ត្រីមានផ្ទៃពោះ គួរតែចាប់ផ្តើមនៅដំណាក់កាលដំបូងនៃការមានផ្ទៃពោះ។ ជាពិសេសត្រូវធ្វើចិត្តឲ្យសប្បាយៗ និងជៀសវាងគិតច្រើនដែលនាំឲ្យកើតមានបញ្ហាស្ត្រេស។ ក្រុមអ្នកជំនាញបានណែនាំថា ខណៈពេលដែលខួរក្បាលទារកបន្តវិវឌ្ឍន៍ក្រោយពេលសម្រាល ការថែមទាំ និងផ្តល់ក្តីស្រឡាញ់ពេញលេញ អាចជួយទូទាត់សងនូវការខូចខាតពេលនៅក្នុងស្បូនបានខ្លះ។ សូមចាំថា ស្ត្រេសដែលកូនបានឆ្លងកាត់ពេលនៅក្នុងស្បូន ក៏អាចមានផលប៉ះពាល់យូរអង្វែងដល់សុខភាពរាងកាយដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here