ការឡើងទម្ងន់ពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ស្ត្រីមានផ្ទៃពោះ ដោយសារតែទម្ងន់របស់អ្នកម្តាយបានមកពីអាហារ។ ក្នុងពេលមានផ្ទៃពោះអ្នកម្តាយគួរតែញ៉ាំអាហារម្តង ៥ក្រុមផ្សេងៗគ្នាក្នុងមួយថ្ងៃ តែមិនត្រូវច្រើនពេក និងតិចពេកដែរ។ គឺត្រូវការថាមពលបន្ថែមប្រមាណជា ៣០០កាឡូរី ដើម្បីបង្កើតជាលិកា និងគាំទ្រដល់ការផ្លាស់ប្តូររាងកាយទាំងមូល។
ចំពោះអ្នកម្តាយក្នុងអំឡុងពេលមានផ្ទៃពោះគួរឡើងទម្ងន់ប៉ុន្មានក្នុងត្រីមាសនីមួយៗ?
ត្រីមាសទី១៖ ចាប់ពីខែទី១ដល់ទី៣ ទម្ងន់របស់អ្នកម្តាយមានផ្ទៃពោះ មានការកើនឡើងបន្តិច ពោលគឺកើនឡើង ១ទៅ២គីឡូក្រាម ដោយសារតែប៉ុន្មានខែដំបូងនេះមានអាការៈចាញ់នៅពេលព្រឹក។ ទោះបីជាអ្នកម្តាយញ៉ាំក្នុងបរិមាណច្រើនក៏ដោយ តែទម្ងន់នៅតែឡើងតិចដដែល។
ត្រីមាសទី២៖ ចាប់ពីខែទី៤ដល់ទៅ៦ ទម្ងន់របស់អ្នកម្តាយកើនឡើងយ៉ាងឆាប់រហ័ស ប្រហែលជាកន្លះគីឡូក្រោមក្នុងមួយសប្តាហ៍ គឺដោយសារតែរាងកាយ រួមទាំងប្រព័ន្ធខាងក្នុងអាចសម្របខ្លួនទៅនឹងការផ្លាស់ប្តូររបស់រាងកាយបាន។ ហេតុនេះហើយបានជាការឡើងទម្ងន់ និងចំណង់អាហារកាន់តែកើនឡើងច្រើនផងដែរ។
ត្រីមាសទី៣៖ ចាប់ពីខែទី៧ ដល់ទី៩ ទម្ងន់របស់អ្នកម្តាយមានស្ថេរភាព ថយចុះ ឬកើនឡើងត្រឹមតែ ២ទៅ ៣គីឡូក្រាមប៉ុណ្ណោះ។ ចាប់តាំងពីដំណាក់កាលនេះ គឺជាដំណាក់កាលចុងក្រោយដែលរាងកាយត្រូវសម្របខ្លួនទៅនឹងការផ្លាស់ប្តូរ ហើយរៀបចំក្នុងការសម្រាល។ ដូច្នេះលទ្ធផលសម្ងន់ចាប់ផ្តើមមានស្ថេរភាព។
ចំពោះអ្នកម្តាយដែលមានគីឡូស្រាល ហើយស្គម គួរតែឡើងទម្ងន់បន្ថែមអំឡុងពេលមានផ្ទៃពោះ ជាពិសេស៣ខែដំបូង។ ចំណែកឯអ្នកម្តាយដែលលើសទម្ងន់មុនពេលមានផ្ទៃពោះ គួរតែមានរបបអាហារពិសេស ដោយតម្រូវឲ្យគ្រប់គ្រងទម្ងន់ ប្រសិនបើវាធ្ងន់ពេកអាចមានផលអាក្រក់ដល់សុខភាព និងនាំឲ្យកើតជំងឺ ដែលនាំគ្រោះថ្នាក់ដល់ខ្លួនឯង និងកូន។
ដោយឡែក អ្នកម្តាយដែលមានផ្ទៃពោះចន្លោះពី ២ទៅ៤ខែដំបូង មិនឡើងទម្ងន់ទាល់តែសោះ គួរតែប្រញាប់ទៅជួបគ្រូពេទ្យជាបន្ទាន់ ដើម្បីរកឲ្យឃើញបញ្ហាមិនប្រក្រតីណាមួយដែលកើតមានឡើង៕