ការចាញ់គភ៌ពេលមានផ្ទៃពោះ គឺជាពេលវេលាដ៏លំបាក់បំផុតនៅក្នុងជីវិតរបស់ស្ត្រីមួយចំនួនធំ។ នៅពេលរោគសញ្ញាកើតឡើង អ្នកម្តាយអាចចាញ់ក្លិន ចង់ក្អួតចង្អោរ វិលមុខ ឈឺក្បាល គ្មានកម្លាំងកំហែង។ ភាគច្រើនស្ត្រីមានផ្ទៃពោះអាចចាញ់រយៈពេល ៣ទៅ៤ខែ ខណៈដែលអ្នកខ្លះចាញ់មានរយៈពេលយូរជាងនេះ ឬរហូតដល់កើតក៏មានដែរ។ ប៉ុន្តែបញ្ហាចាញ់គភ៌ អាចកាត់បន្ថយបាន ប្រសិនបើអ្នកចេះប្រើប្រាស់ខ្ញី។
តើទឹកខ្ញីមានអត្ថប្រយោជន៍អ្វីខ្លះ?
១.ជួយរំញោចចរាចរឈាម៖ ការទទួលទានទឹកខ្ញី អាចជួយឲ្យលំហូរឈាមរត់បញ្ចូនទៅកាន់ទារកបានល្អ។
២.ជួយកាត់បន្ថយបញ្ហាចាញ់៖ ប្រសិនបើអ្នកម្តាយទទួលទានទឹកខ្ញីក្តៅឧណ្ឌមួយកែវនៅពេលព្រឹក អាចកាត់បន្ថយអាការៈចាញ់កូនបាន ហើយអ្នកនឹងមានអារម្មណ៍កក់ក្តៅ ព្រមទាំងមានផាសុខភាពសម្រាប់ខួរក្បាល។
៣.ពង្រឹងប្រព័ន្ធភាពស៊ាំសម្រាប់ម្តាយ និងទារក៖ នៅពេលមានផ្ទៃពោះរាងកាយរបស់អ្នកម្តាយមានភាពទន់ខ្សោយជាងពេលធម្មតា។ ដូច្នេះការទទួលទានទឹកខ្ញី ជាប្រចាំអាចជួយព្យាបាលជំងឺ និងធ្វើឲ្យរាងកាយឆាប់រឹងមាំឡើងវិញ។
៤.ជួយបំបាត់កឈឺចាប់ និងអស់កម្លាំង៖ ខណៈស្ត្រីមានផ្ទៃពោះឡើងទម្ងន់ សាច់ដុំត្រូវធ្វើការធ្ងន់ ហើយការឈឺចាប់នឹងកើតមានឡើង។ ប៉ុន្តែការទទួលទានទឹកខ្ញីជាប្រចាំ អាចជួយបំបាត់អាការឈឺចាប់នេះបាន។
៥.ជួយទប់ស្តាត់ជំងឺពីកំណើត៖ នៅក្នុងទឹកខ្ញីមានផ្ទុកវីតាមីន C និងជាតិដែក ដែលអាចជួយការពារទារកឲ្យជៀសផុតពីជំងឺមួយចំនួនបាន។
ទោះជាយ៉ាងណា ក្នុងការទទួលទានទឹកខ្ញីស្ត្រីមានផ្ទៃពោះក៏ត្រូវតែមានការប្រុងប្រយ័ត្នផងដែរ ព្រោះវាអាចបង្កគ្រោះថ្នាក់។
- ស្ត្រីដែលមានជំងឺទឹកនោមផ្អែម ហាមទទួលទាន ព្រោះកម្រិតជាតិស្ករក្នុងឈាមអាចកើនឡើង។
- ស្ត្រីមានផ្ទៃពោះមិនគួរទទួលទាននៅពេលសីតុណ្ហភាពរាងកាយឡើងកម្តៅនោះទេ ដោយសារតែវាអាចបង្កគ្រោះថ្នាក់ដល់កូនមិនទាន់កើត។
- ពេលយកខ្ញីទៅដាំទឹកកុំប្រើខ្ញីច្រើនពេក ព្រោះការប្រើបរិមាណខ្ញីច្រើនពេកអាចបង្កឲ្យគ្រោះថ្នាក់ដល់ទារក (កើតមិនគ្រប់ខែជាដើម)។
សម្រាប់អ្នកម្តាយដែលចាញ់គភ៌អាចសាកល្បងទឹកខ្ញីបាន ប៉ុន្តែដើម្បីមានប្រសិទ្ធភាពត្រូវទទួលទានសន្សឹមៗទាំងនៅក្តៅឧណ្ឌៗ ហើយមួយថ្ងៃកំណត់ត្រឹម១កែវបានហើយ៕