មកដឹងពីមូលហេតុដែលធ្វើឲ្យអ្នកម្តាយចេះតែវិលមុខពេលពពោះ និងវិធីដោះស្រាយ

0
1

អាការវិលមុខ គឺជារោគសញ្ញាមួយដែលស្ត្រីមានផ្ទៃពោះទាំងឡាយត្រូវប្រឈម ដោយសារតែក្នុងកំឡុងពេលមានផ្ទៃពោះអត្រាដង្ហើមកើនឡើង ចង្វាក់បេះដូងលោតញាប់ ស្បូនពង្រីក ហើយសួត និងសន្ទះទ្រូងត្រូវបានបង្រួមនៅពេលទារកលូតលាស់កាន់តែធំ។ វាក៏ជះឥទ្ធិពលដល់ការរំលាយអាហារដែលបណ្តោលឲ្យកម្រិតជាតិស្ករក្នុងឈាមថយចុះ។

ក្នុងរយៈពេល ៣ខែដំបូងអ្នកម្តាយមានអាការៈវិលមុខជាញឹកញាប់ អ្នកម្តាយខ្លះអាចជួបបញ្ហានេះពេញមួយរយៈពេលនៃការមានផ្ទៃពោះ។ វាអាស្រ័យទៅលើកត្តាសុខភាព ប៉ុន្តែមូលហេតុចម្បងដែលបណ្តោលឲ្យវិលមុខមានដូចខាងក្រោម៖

១.សម្ពាធឈាម៖ ពេលមានផ្ទៃពោះ ១ទៅ៤ខែដំបូង ជាពេលដែលសរសៃឈាមត្រូវធ្វើការខ្លាំង ហើយរីកធំ បណ្តោលឲ្យមានការប្រែប្រួលកម្រិតសម្ពាធឈាមមួយចំនួនដែលត្រូវហូរទៅកាន់ស្បូន។ ទីបំផុតឈាមផ្គត់ផ្គង់មិនគ្រប់គ្រាន់ទៅកាន់ផ្នែកផ្សេងៗ ដែលនាំឲ្យកើតមានបញ្ហាវិលមុខ។

២.ការថយចុះជាតិស្ករក្នុងឈាម៖ ការទទួលទានអាហារតិច អាចមានឥទ្ធិពលអវិជ្ជមានដល់កម្រិតជាតិស្ករនៅក្នុងឈាម ហើយមានការបណ្តែតបណ្តោលបែបនេះយូរពេក ទាំងម្តាយ និងកូនអាចមានគ្រោះថ្នាក់។

៣.កង្វះជាតិដែក៖ នេះក៏ជាមូលហេតុមួយដែលធ្វើឲ្យអ្នកម្តាយមានអាការៈវិលមុខអំឡុងពេលមានផ្ទៃពោះដែរ។ ដើម្បីកាត់បន្ថយបញ្ហាអ្នកម្តាយត្រូវតែព្យាយាមទទួលទានអាហារដែលសម្បូរជាតិដែកឲ្យបានគ្រប់គ្រាន់ ឬទទួលទានថ្នាំជាតិដែកតាមវេជ្ជបញ្ជារ។

វិធីដោះស្រាយអាការៈវិលមុខ៖

១.នៅពេលដែលអ្នកមានអារម្មណ៍ថា វិលមុខចង់ដួល សូមអង្គុយចុះសណ្តូកជើងឲ្យត្រង់ ហើយព្យាយាមដកដង្ហើមមួយៗ ឲ្យបានវែងៗ ដើម្បីជួយឲ្យឈាមរត់បានល្អ។

២.ដើរយឺតៗ ឬសម្រាកមួយភ្លែត ដើម្បីដកដង្ហើមបានស្រួល ជាពិសេសពេលឡើងចុះជណ្តើរត្រូវធ្វើយឺតៗ។

៣.នៅ​មានផ្ទៃពោះ ៣ខែចុងក្រោយ អ្នកមិនគួរគេងផ្ងារឡើង គឺគេងចំហៀងទើបល្អ។

៤.ពិនិត្យសម្ពាធឈាមឲ្យបានទៀងទាត់ ដើម្បីរកមើលភាពមិនប្រក្រតី អំឡុងពេលមានផ្ទៃពោះ។

៥.ព្យាយាមទទួលទានទឹកយ៉ាងហោចណាស់ ៦ទៅ ៨កែវក្នុងមួយថ្ងៃ។

៦.ញ៉ាំអាហារសម្រន់ដែលមានសុខភាពល្អដូចជា ផ្លែឈើ ដើម្បីរក្សាកម្រិតជាតិស្ករក្នុងឈាម៕

LEAVE A REPLY

Please enter your comment!
Please enter your name here