នៅពេលមានផ្ទៃពោះ ចាំបាច់បំផុតអ្នកម្តាយត្រូវចេះជ្រើសរើសអាហារដែលសម្បូរទៅដោយសារធាតុចិញ្ចឹមគ្រប់គ្រាន់ ដើម្បីផ្គត់ផ្គង់ដល់ទារកមិនទាន់កើត។ នៅក្នុងចំណោមអាហារទាំងអស់ អាហារសមុទ្រក៏ស្ត្រីមានផ្ទៃពោះអាចជួយទានបានធម្មតាដែរ ដោយសារតែវាមានផ្ទុកសារធាតុចិញ្ចឹមសំខាន់ៗ ដូចជាប្រូតេអ៊ីន និងអាស៊ីតខ្លាញ់ជាដើម។ ក៏ប៉ុន្តែអាហារសមុទ្រខ្លះអាចប៉ះពាល់ដល់កូនមិនទាន់កើត ហេតុនេះអ្នកម្តាយគួរតែជៀសវាង។
ខាងក្រោមនេះ គឺជាអាហារសុទ្រទាំងពីរប្រភេទ ដែលស្ត្រីមានផ្ទៃពោះគួរតែជៀសវាង៖
១.ប្រភេទខ្ចៅ ខ្ចង ឬគ្រុំ…
ទាំងនេះជាអាហារសមុទ្រដែលពិបាកក្នុងការសម្អាតខ្លាំងបំផុត។ ប្រសិនបើការលាងសម្អាតមិនបានត្រឹមត្រូវទេ នៅពេលដែលអ្នកម្តាយបរិភោគអាចបណ្តោលឲ្យកើតជំងឺរាក ឆ្លងមេរោគ ដែលបង្កហានិភ័យគ្រោះថ្នាក់ដល់កូនមិនទាន់កើត និងខ្លួនឯងផ្ទាល់។
ម្យ៉ាងវិញទៀតអាហារប្រភេទនេះមានផ្ទុកមាតិកាខ្លាញ់ខ្ពស់ ប្រសិនបើអ្នកម្តាយញ៉ាំបរិមាណច្រើនពេក ជាលទ្ធផលអ្នកម្តាយនឹងធាត់ ដែលជាជំងឺមួយមិនល្អសម្រាប់កូនឡើយ ព្រោះវាអាចមានផលវិបាក និងជំងឺផ្សេងៗទៀតជាបន្តបន្ទាប់។
សម្រាប់អ្នកម្តាយដែលចង់ញ៉ាំអាហារប្រភេទនេះ គួរតែសម្អាតឲ្យបានហ្មត់ចត់ និងចម្អិនឲ្យបានឆ្អិនល្អ។ នេះជាមធ្យោបាយតែមួយគត់ ដែលធ្វើឲ្យអ្នកម្តាយមានសុវត្ថិភាព ហើយមិនមានផលប៉ះពាល់ដល់ទារកមិនទាន់កើត។
២.ត្រីឆៅ
ត្រី គឺជាប្រភេទអាហារដែលមានអត្ថប្រយោជន៍បំផុតសម្រាប់ម្តាយ និងកូន។ ប៉ុន្តែប្រសិនបើអ្នកញ៉ាំត្រីឆៅ ដូចជាអាហារស៊ូស៊ី និងសាច់អាំង ដែលឆ្អិនមិនល្អ អាចបង្កអន្តរាយដល់ម្តាយ និងកូន។ ដោយសារតែប៉ារ៉ាសិតនាំហានិភ័យនៃការឆ្លងរោគ ដែលបង្កឲ្យមានជំងឺជាច្រើន ដូចជា រាករូស ឈឺពោះ ក្អួតចង្អោរ…។
ដូច្នេះ វិធានការដែលមានសុវត្ថិភាពចំពោះអ្នកម្តាយ ដែលចង់ញ៉ាំត្រី គឺត្រូវជ្រើសរើសត្រីស្រស់ៗ ហើយចម្អិនឲ្យបានឆ្អិនល្អជាមុនសិន។ លើសពីនេះអាហារសមុទ្រអ្នកគួរតែទទួលទានត្រឹម ២ដងក្នុងមួយសប្តាហ៍បានហើយ ជាពិសេសគឺបង្កា មឹក ក្តាម ព្រោះវាមានផ្ទុកកូលេស្តេរ៉ុលខ្ពស់៕