តាមពិតស្ត្រីមានផ្ទៃពោះសង្ឈឹមថា ពួកគេអាចធ្វើដំណើរទៅគ្រប់ទីកន្លែងបានធម្មតា មិនថាការធ្វើដំណើរទៅធ្វើការ ឬទៅកន្លែងកំសាន្តឆ្ងាយៗនោះទេ។ ប៉ុន្តែអ្នកត្រូវដឹងថា ការធ្វើដំណើរអំឡុងពេលមានផ្ទៃពោះមានការរឹតត្បិត សម្រាប់មធ្យាបាយធ្វើដំណើរមួយចំនួន។
អំឡុងពេលត្រីមាសទី១ វាជាពេវេលាដែលស្ត្រីមិនគួរធ្វើដំណើរផ្លូវឆ្ងាយនោះទេ ព្រោះពួកគេអាចមានអាការៈចាញ់កូន មិនស្រួលក្នុងខ្លួន ឈឺក្បាល និងអស់កម្លាំងច្រើន។ ជាពិសេស ៣ខែដំបូងនេះ អំប្រ៊ីយ៉ុងមិនទាន់បានផ្សាំខ្លួនរឹងមាំជាមួយនឹងជញ្ជាំងស្បូននោះទេ ប្រសិនបើស្ត្រីធ្វើដំណើរផ្លូវឆ្ងាយ អាចប្រឈមនឹងការរលូតបាន។ ក៏ប៉ុន្តែវាក៏អាស្រ័យទៅលើសុខភាពរបស់អ្នកម្តាយម្នាក់ៗផងដែរ។
ការធ្វើដំណើរក្នុងត្រីមាសទី២ ត្រូវបានគេចាត់ទុកថាជាដំណាក់កាលដែលមានសុវត្ថិភាពបំផុត។ ព្រោះពេលនេះរាងកាយអ្នកម្តាយអាចសម្របខ្លួនទៅនឹងការមានផ្ទៃពោះបានច្រើន ហើយទារកក៏កាន់តែរឹងមាំដែរ។ ចូលដល់ត្រីមាសទី៣ អ្នកម្តាយគួរតែជៀសវាងការធ្វើដំណើរ ឬទៅពិគ្រោះជាមួយគ្រូពេទ្យរៀងរាល់មុនពេលធ្វើដំណើរ ព្រោះវាក៏អាចធ្វើឲ្យទារកមានគ្រោះថ្នាក់ដែរ។ ប៉ុន្តែបើគ្រាន់តែការធ្វើដំណើរពីផ្ទះទៅកន្លែងធ្វើការ ទៅផ្សារជិតៗ អ្នកអាចធ្វើបាន។
ចំពោះមធ្យោបាយធ្វើដំណើរដែលអ្នកម្តាយមានផ្ទៃពោះ៣ខែដំបូង គួរតែប្រុងប្រយ័ត្នបំផុត គឺតាមម៉ូតូ យន្តហោះ ឬរថភ្លើង ព្រោះវាមានការរញ្ជួយខ្លាំង ដែលធ្វើឲ្យមានគ្រោះថ្នាក់ដល់កូននៅក្នុងផ្ទៃបាន។ ការធ្វើដំណើរដែលមានសុវត្ថិភាព ត្រូវរងចាំរហូតដល់ត្រីមាសទី២ ដើម្បីឲ្យកូនក្នុងផ្ទៃមានភាពរឹងមាំបន្តិច៕