ក្នុងអំឡុងពេលបំបៅដោះកូន អ្នកម្តាយត្រូវការរបបអាហារដែលមានជីវជាតិ តែក៏ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះអាហារមួយចំនួនផងដែរ ព្រោះវាអាចជះឥទ្ធិពលអាក្រក់ដល់ការវិវត្តខួរក្បាល រាងកាយ និងអារម្មណ៍របស់ទារក។
តើរបបអាហារបែបណាខ្លះដែលអ្នកម្តាយគួរតែជៀសវាង? ដើម្បីការពារទារកឲ្យមានសុខភាពល្អ អំឡុងពេលបំបៅដោះ អ្នកម្តាយគួររំលងអាហារទាំងនេះ។
១.អាហារសមុទ្រមួយចំនួន
អ្នកម្តាយដឹងទេថា អាហារសមុទ្រដូចជា បង្គា ខ្យង ក្តាម និងត្រីមួយចំនួន វាមានផ្ទុកសារធាតុគីមីកម្រិតខ្ពស់? ការបរិភោគអាហារសមុទ្រទាំងនេះអំឡុងពេលបំបៅដោះ អាចធ្វើឲ្យប៉ះពាល់ដល់ការលូតលាស់របស់កូន និងប្រព័ន្ធសរសៃប្រសាទកណ្តោល។ លើសពីនេះវាអាចបណ្តោលឲ្យមាការលូតលាស់យឺត និងខុសប្រក្រតី ប៉ុន្តែអ្នកម្តាយអាចញ៉ាំត្រីសាម៉ុន និងត្រីធូណាបាន។ ព្រោះត្រីទាំងនេះសម្បូរទៅដោយអូមេហ្គា៣ និងសារធាតុចិញ្ចឹមផ្សេងទៀតដែលចាំបាច់សម្រាប់ការលូតលាស់។
២.អាហារដែលមិនបានចម្អិន ឬអាហារសល់
ដើម្បីសុខភាពល្អពេលបំបៅដោះ អ្នកម្តាយគួរជៀសវាងទទួលទានអាហារដែលមិនបានចម្អិនទាំងឡាយ ព្រោះវាអាចបង្កឲ្យមានការឆ្លងមេរោគ រាគរួស និងពុល។ លើសពីនេះសូម្បីតែអាហារសល់ក៏មិនមិនត្រូវទទួលទានដែរ វាមានហានិភ័យនៃការចម្លងមេរោគអតិសុខុមប្រាណ ដែលបណ្តោលឲ្យអ្នកម្តាយរាគយ៉ាងងាយ។ ប្រសិនបីជាអ្នកដាក់កម្តៅឡើងវិញ វានឹងបាត់បង់ជីវជាតិកាន់តែច្រើន ហើយអាចប្រឈមនឹងជំងឺផ្សេងៗ។
៣.ជៀសវាងភេសជ្ជៈមានជាតិអាល់កុល
អំឡុងពេលបំពោះដោះកូនអ្នកម្តាយមិនអាចទទួលទានជាតិអាល់កុលបាននោះទេ ទោះតិចតួចក៏ដោយ។ ព្រោះនៅពេលដែលអ្នកទទួលទានចូលទៅក្នុងពោះ ជាតិអាល់កុលនឹងជ្រាបចូលក្នុងទឹកដោះ ហើយវានឹងបញ្ចូនបន្តទៅកាន់ទារកនៅពេលបៅដោះ។ ទីបំផុតវាអាចប៉ះពាល់ដល់ការអភិវឌ្ឍខួរក្បាល និងសុខភាពរបស់ទារក។
៤.ផ្លែក្រូចមួយចំនួន
ផ្លែក្រូចមួយចំនួនដូចជា ក្រូចពណ៌លឿង និងក្រូចឆ្មារមានផ្ទុកជាតិអាស៊ីត ដែលអាចបណ្តោលឲ្យកូនមានបញ្ហាស្បែក។ ទារកអាចមានអារម្មណ៍ឈឺរមាស់នៅតាមស្បែក ឬចេញកន្ទួលរមាស់នៅលើស្បែក។ ប៉ុន្តែសម្រាប់អ្នកម្តាយដែលចង់បង្កើនវីតាមីន C នៅក្នុងទឹកដោះ គួរតែញ៉ាំផ្លែម្នាស់ ឬស្វាយ ជំនួយវិញ។
៥.ភេជ្ជៈ និងអាហារសម្រន់
មិនថា តែ កាហ្វេ ឬភេជ្ជៈប៉ូវកម្លាំងផ្សេងៗនោះទេ មានផ្ទុកជាតិកាហ្វេអ៊ីនខ្ពស់ ដែលអាចបង្កផលប៉ះពាល់ដល់ការលូតលាស់ខួរក្បាលរបស់ទារក។ នៅពេលដែលអ្នកម្តាយទទួលទាន ជាតិកាហ្វេអ៊ីនស្ថិតនៅក្នុងរាងកាយរយៈពេល ៥ទៅ៧ម៉ោង ហើយត្រូវចំណាយពេលរហូតដល់ ២៤ម៉ោងទើបអាចកម្ចាត់ពីរាងកាយអស់ទាំងស្រុង។
៦.អាហារហិរ
រសជាតិនៃទឹកដោះរបស់អ្នកម្តាយអាចផ្លាស់ប្តូរទៅតាមអាហារដែលពួកគេបរិភោគ។ ប្រសិនបើអ្នកចូលចិត្តញ៉ាំអាហារហិរក្នុងពេលបំបៅដោះ វានឹងប៉ះពាល់ដល់អារម្មណ៍របស់កូន។ សូមកត់សម្គាល់ថា ទារកងាយនឹងឆាប់ខឹង យំ មិនសូវបៅ គេងតិច ដូច្នេះអ្នកម្តាយគួរតែជៀសវាងទទួលទានអាហារហិរ។
៧.អាហារធ្វើពីទឹកដោះគោ
ក្នុងអំឡុងពេលបំបៅដោះកូន ប្រសិនបើអ្នកម្តាយញ៉ាំអាហារសម្រន់ដែលមានផ្ទុកជាតិទឹកដោះគោ វាអាចបណ្តោលឲ្យកូនរបស់អ្នកមានប្រតិកម្មទៅនឹងប្រូតេអ៊ីនដែលមាននៅក្នុងទឹកដោះគោ។ មិនតែប៉ុណ្ណោះវាក៏ជាមូលហេតុដែលបណ្តោលឲ្យកើតមានការចាល់ជាតិអាស៊ី ទល់លាមក និងបញ្ហាឡើងទម្ងន់ចំពោះទារកផងដែរ។
នៅក្រោយពេលសម្រាល គឺជារយៈពេលដែលទារកត្រូវការសារធាតុចិញ្ចឹមច្រើនបំផុតពីក្នុងទឹកដោះម្តាយ។ ដូច្នេះអ្នកម្តាយគួរតែជ្រើសរើសអាហារឲ្យបានត្រឹមត្រូវអំឡុងពេលនេះ ហើយគួរតែជៀសវាងអាហារមួយចំនួនដូចដែលបានរៀបរាប់ពីខាងលើ៕