Skip to content

វិធីដោះស្រាយបញ្ហានោមទាស់ ក្នុងពេលមានផ្ទៃពោះ

តាមពិតបញ្ហានោមទាស់ មិនត្រឹមតែអាចកើតឡើងចំពោះស្ត្រីមានផ្ទៃពោះប៉ុណ្ណោះទេ សូម្បីតែមនុស្សទីទភក៏កើតឡើងដែរ។ ជាធម្មតាយើងអាចគ្រប់គ្រងលំហូរទឹកនោមរបស់យើងបាន ប៉ុន្តែក្នុងករណីខ្លះនៅតែមិនអាចគ្រប់គ្រងបាន ដោយសារតែសម្ពាធពីខាងក្នុងពោះ ដូចជាក្អក កណ្តាស់ សើច ឬពេលលើករបស់ធ្ងន់ (អ្នកខ្លះខ្លាចខ្លាំងក៏អាចលេចនោមដាក់ខោដែរ)។

សម្រាប់អ្នកម្តាយដែលមានផ្ទៃពោះ ដោយសារតែរាងកាយមានការផ្លាស់ប្តូរច្រើន ហើយទារកលូតលាស់កាន់តែធំ ធ្វើឲ្យដាក់សម្ពាធលើប្លោកនោម។ ទីបំផុតស្ត្រីអាចមានបញ្ហានោមទាស់កើតឡើងជាញឹកញាប់ ជាពិសេសក្នុងរយៈពេល ៣ខែចុងក្រោយ។

ទោះជាយ៉ាងណាបញ្ហានោមទាស់ អាចដោះស្រាយបានដោយប្រើប្រាស់វិធីសាស្ត្រមួយចំនួន៖

១.ទៅបន្ទប់ទឹកភ្លាមៗ នៅពេលដែលអ្នកម្តាយមានអារម្មណ៍ថា ឈឺនោម។ ទោះបីជាអ្នកខ្លះនិយាយថា ពួកគេធុញទ្រាន់នឹងការក្រោកទៅបន្ទប់ទឹកជាញឹកញាប់ក៏ដោយ ប៉ុន្តែការអត់ទ្រាំកាន់តែយូរវានឹងធ្វើឲ្យអ្នកមិនអាចគ្រប់គ្រងទឹកនោមបានឡើយ។ ជាពិសេសប្រសិនបើការក្អក កណ្តាស់ សើច នឹងលេចនោមភ្លាម។

២.កុំព្យាយាមកាត់បន្ថយការទទួលទានទឹក ដោយសារតែមិនចង់ចូលបន្ទប់ទឹកញឹកឲ្យសោះ ព្រោះវាមិនត្រឹមតែធ្វើឲ្យអ្នកនោមទាស់នោះទេ វាក៏អាចបង្កឲ្យមានបញ្ហាសុខភាពផ្សេងៗ ដូចជាទល់លាមកថែមទៀត។

៣.ប្រសិនបើអ្នកមានការព្រួយបារម្ភខ្លាំង គួរតែពិគ្រោះជាមួយគ្រូពេទ្យដើម្បីរកវិធីដោះស្រាយ។ ក៏ប៉ុន្តែរោគសញ្ញាមួយនេះនឹងបាត់ទោវិញជាបណ្តើរៗ ក្រោយពេលសម្រាលកូនហើយ៕