អ្នកម្តាយគួរដឹង! ការទទួលទានអាហារដែលត្រឹមត្រូវទាំង៣ត្រីមាស

0
1

ក្នុងអំឡុងពេលមានផ្ទៃពោះ រាងកាយរបស់អ្នកម្តាយមានការផ្លាស់ប្តូរជាខ្លាំង ទាំងកម្រិតអ័រម៉ូន និងតម្រូវការសារធាតុចិញ្ចឹម។ អ្នកឯកទេសផ្នែកសុខភាពស្ត្រី និងអាហារូបត្ថម្ភ បានបង្ហាញថា ការរក្សាតុល្យភាពរបបអាហារទាំង៣ត្រីមាសពិតជាសំខាន់ណាស់ ព្រោះវាអាចជួយឲ្យអ្នកម្តាយ និងកូនមានសុខភាពល្អ។

ត្រីមាសទី១ (ចាប់ពីខែទី១ដល់ទី៣)

ក្នុងអំឡុងពេលត្រីមាសទី១ របបអាហារតម្រូវឲ្យមានថាមពល ហើយងាយស្រួលក្នុងការស្រូបយក ដើម្បីជំរុញដល់ការលូតលាស់ទារក។ ក្នុងអំឡុងពេលនេះអ្នកម្តាយអាចទទួលទានអាហារទាំង៣ពេល ដូចធម្មតា ប៉ុន្តែត្រូវជ្រើសរើសអាហារដែលសម្បូរជីវិតជាតិ។ ផ្ទុយទៅវិញសម្រាប់អាហារមួយចំនួនដូចជា ភេសជ្ជៈប៉ូវកម្លាំង ឬអាហារសម្រន់ផ្សេងៗគួរតែជៀសវាង ព្រោះវាគ្មានប្រយោជន៍សម្រាប់អ្នក និងកូនទាល់តែសោះ។

អាហារដែលអ្នកស្ត្រីមានផ្ទៃពោះញ៉ាំជាប្រចាំ គួរតែមានបន្លែ ផ្លែឈើ ដើម្បីសម្រួលដល់ប្រព័ន្ធរំលាយអាហារ។ លើសពីនេះទឹកផ្លែឈើស្រស់ៗដូចជា ទឹកក្រូច ទឹកឪឡឹក ឬទឹកដូង មានផ្ទុកជាតិកាល់ស្យូមខ្ពស់ អ្នកម្តាយគួរទទួលទាននៅពេលព្រឹក ឬពេលថ្ងៃ។

ត្រីមាសទី២(ចាប់ពីខែទី៣ដល់ខែទី៦)

វាគឺជារយៈពេលដែលទារក រីកធំធាត់នៅក្នុងស្បូនយ៉ាងឆាប់រហ័ស ហើយតម្រូវការអាហារូបត្ថម្ភក៏កាន់តែកើនឡើងដែរ។ អ្នកម្តាយអាចទទួលទានបានគ្រប់ពេលនៅពេលដែលពួកគេឃ្លាន ដោយមិនត្រូវគិតដល់រឿងធាត់នោះទេ។ ប៉ុន្តែអាហារដែលល្អបំផុត គឺអាហារធម្មជាតិ ឬអាហារដែលអាចផលិតបានដោយខ្លួនឯងទៀតវាកាន់តែល្អ។ ចំពោះអាហារក្លាសេ ឬអាហារកំប៉ុងវិញ វាគ្មានអាហារូបត្ថម្ភគ្រប់គ្រាន់សម្រាប់ស្ត្រីមានផ្ទៃពោះនោះទេ។

អាហារដែលស្ត្រីមានផ្ទៃពោះគួរញ៉ាំនៅពេលនេះ គឺអង្ករសំរូប ស្លឹកបន្លែពណ៌បៃតង ស្ពៃក្តោប ការ៉ុត សណ្តែក ត្រសក់ ប៉េងប៉ោះ ម្ទេសប្លោក…។ អាហារទាំងនេះសម្បូរទៅដោយវីតាមីន ដែលស្ត្រីមានផ្ទៃពោះត្រូវការជាចាំបាច់។ លើសពីនេះ ស្ត្រីមានផ្ទៃពោះអាចទទួលទានតែខ្ញី ឬទឹកក្រូចឆ្មារ ដើម្បីជួយសម្រួលដល់ប្រព័ន្ធរំលាយអាហារឲ្យដំណើរការបានល្អ។

៣.ត្រីមាសទី៣(ចាប់ពីខែទី៦ដល់ខែទី៩)

ទារកនៅក្នុងផ្ទៃលូតលាស់ធំកាន់តែខ្លាំង ហើយអាហារនៅក្នុងត្រីមាសនេះក៏មិនខុសពីត្រីមាសមុនៗដែរ។ ប្រសិនបើអ្នកម្តាយឃ្លានអាចញ៉ាំបានគ្រប់ពេល តែកុំញ៉ាំច្រើនពេក។ គោលការណ៍នៃការញ៉ាំ គឺញ៉ាំតិច តែឲ្យបានច្រើនដងក្នុងមួយថ្ងៃ ព្រោះអំឡុងពេលនេះអ្នកម្តាយមានការផ្លាស់ប្តូរច្រើន ប្រព័ន្ធរំលាយអាហារមានថាមពលខ្សោយ ដំណើរការមិនបានលឿនឡើយ។ មិនតែប៉ុណ្ណោះរាងកាយត្រូវការសម្រាកច្រើន និងត្រូវការភាពរីករាយជានិច្ច។

ក្រៅពីការជ្រើសរើសរបបអាហារដែលសម្បូរជីវជាតិ អ្នកម្តាយក៏ត្រូវជៀសឲ្យឆ្ងាយពីបញ្ហាស្ត្រេសផងដែរ។ ប្រសិនបើមានបញ្ហានេះកើតឡើង រាងកាយមិនអាចរំលាយអាហារអស់ ១០០ភាគរយទេ។ សូម្បីតែសារធាតុចិញ្ចឹម ក៏រាងកាយមិនអាចស្រូបយកបានពេញលេញ លទ្ធផលទារកមិនអាចទទួលបានសារធាតុចិញ្ចឹមគ្រប់គ្រាន់ដូចគ្នា។ ស្ត្រេស គឺជាដើមហេតុដែលធ្វើឲ្យប៉ះពាល់ការស្រូបយកសារធាតុចិញ្ចឹម ដូច្នេះអ្នកម្តាយគួរតែព្យាយាមធ្វើសកម្មភាពណាដែលសប្បាយឲ្យបានច្រើន៕

LEAVE A REPLY

Please enter your comment!
Please enter your name here