ឪពុកម្តាយមួយចំនួនយល់ថា ការឲ្យកុមារទទួលទានគ្រឿងក្នុងសត្វពិតជាល្អ ព្រោះវាមានរសជាតិឆ្ងាញ់ ហើយផ្តល់អត្ថប្រយោជន៍ដល់សុខភាពកូនថែមទៀត។ ប៉ុន្តែធាតុពិតមិនដូចអ្វីដែលពួកគេបានយល់ទាំងស្រុងនោះទេ ដើម្បីយល់ច្បាស់ពីតម្លៃអាហារូបត្ថម្ភនៃគ្រឿងក្នុងសត្វ ក៏ដូចជាការប្រើប្រាស់ប្រកដោយសុវត្ថិភាព អ្នកជំនាញផ្នែកអាហារូបត្ថម្ភបានធ្វើការកត់កំគាល់ដូចខាងក្រោម៖
ថ្លើមសត្វ
ថ្លើមជាប្រភពដ៏ល្អនៃវីតាមីន A អាស៊ីតហ្វូលិក ជាតិដែក ក្រូមីញ៉ូម ទង់ដែង ស័ង្កសី… ដែលរួមចំណែកដល់ការធ្វើឲ្យប្រសើរឡើងនៃចំនួនអេម៉ូក្លូប៊ីន ចំពោះអ្នកជំងឺខ្វះឈាម។
ក្រលៀសត្វ
សរីរាង្គមួយប្រភេទនេះ មានផ្ទុកសារធាតុដែលមានឥទ្ធិពលប្រឆាំងនឹងការរលាក ជាពិសេសប្រូតេអ៊ីន និងអាស៊ីតខ្លាញ់អូមេហ្គា៣ ផងដែរ។
បេះដូង
ប្រភពអាស៊ីតហ្វូលិក ជាតិដែក ស័ង្កសី សេលេញ៉ូម វីតាមីន B1 វីតាមីន B6 និងវីតាមីន B12 នៅក្នុងសរីរាង្គបេះដូង មានឥទ្ធិពលការពារប្រព័ន្ធសរសៃឈាមបេះដូង រួមចំណែករក្សាសម្ពាធឈាមអោយមានស្ថេរភាព បញ្ចុះកូលេស្តេរ៉ុល និងជួយឲ្យជញ្ជាំងឈាមមានសុខភាពល្អ។
មិនតែប៉ុណ្ណោះវាអាចជួយជំរុញឲ្យខួរក្បាលដំណើរការបានល្អ កាត់បន្ថយហានិភ័យជំងឺវង្វេង ជំងឺធ្លាក់ទឹកចិត្ត និងបញ្ហាថប់អារម្មណ៍។ បេះដូងសត្វ ក៏ជាប្រភពនៃអង់ទីអុកស៊ីដង់ ដែលអាចជួយការពារមិនឲ្យកោសិការឆាប់ងាប់ ជាពិសេសកោសិកាសាច់ដុំបេះដូង។
អ្វីដែលអ្នកត្រូវកត់សម្គាល់
- ទោះបីជាគ្រឿងក្នុងសត្វសម្បូរសារធាតុចិញ្ចឹមក៏ដោយ អ្នកគួរតែកំណត់ការទទួលទានរបស់កុមារ ព្រោះវាមានផ្ទុកកូលេស្តេរ៉ុលខ្ពស់ និងខ្លាញ់ឆ្អែតច្រើនដែលធ្វើឲ្យប៉ះពាល់ដល់សុខភាព។ លើសពីនេះវាសម្បូរទៅដោយសារធាតុ Purine ដែលមិនគួរប្រើចំពោះអ្នកជំងឺលើសឈាមឡើយ។
- មួយវិញទៀតឪពុកម្តាយ គួរតែយកចិត្តទុកដាក់ចំពោះសុវត្ថិភាព ប្រសិនបើប្រភពដើមមិនច្បាស់សាស់កុំទិញឲ្យសោះ ជាពិសេសនៅពេលសត្វកំពុងផ្ទុះជំងឺផ្សេងៗ។
- ចំណុចសំខាន់បំផុតពេលយកគ្រឿងក្នុងសត្វមកធ្វើម្ហូប ត្រូវសម្អាតឲ្យបានស្អាតល្អ និងចម្អិនឲ្យបានឆ្អិនមួយរយភាគរយ។
អាណាព្យាបាលទាំងឡាយត្រូវចាំថា ដើម្បីឲ្យកុមារមានការលូតលាស់បានល្អ ត្រូវផ្តល់អាហារចម្រុះ៤ក្រុមដល់កូនជាប្រចាំ គឺអាហារប្រភេទម្សៅ ប្រូតេអ៊ីន ខ្លាញ់ វីតាមីន និងជាតិសរសៃ៕