ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Texas បានបង្ហាញថា ការតមអាហារក្នុងពេលមានផ្ទៃពោះ អាចបណ្តោលឲ្យខូចខាតយ៉ាងច្រើនដល់ការលូតលាស់ខួរក្បាលរបស់ទារកមិនទាន់កើត។ វាអាចបណ្តោលឲ្យទារកមានបញ្ញាទាប និងមានបញ្ហាអាកប្បកិរិយា។ គ្រោះថ្នាក់នេះកើតឡើងដោយសារតែ ការទទួលទានអាហារមានកាឡូរីទាប ហើយហានិភ័យខ្ពស់បំផុតត្រូវបានគេរកឃើញចំពោះអ្នកម្តាយវ័យជំទង់ និងវ័យកណ្តោល។
បន្ទាប់ពីការស្រាវជ្រាវ អ្នកជំនាញបានរកឃើញថា ទារកមានគ្រោះថ្នាក់ដោយសារតែការភ្ជាប់កោសិកា និងការបែងចែកកោសិកា ហើយការលូតលាស់ផ្នែកផ្សេងៗបានថយចុះ។ ការស្រាវជ្រាវបានរកឃើញទៀតថា ការទទួលសារធាតុចិញ្ចឹមមិនគ្រប់គ្រាន់ បណ្តោលឲ្យរារាំងដល់ការលូតលាស់កោសិកាប្រសាទ និងហ្សែនរាប់រយ ដែលគ្រប់គ្រងកោសិកាសម្រាប់ការលូតលាស់ និងការអភិវឌ្ឍ។
លោកវេជ្ជបណ្ឌិត Peter Nathanielz នាយកមជ្ឈមណ្ឌលស្រាវជ្រាវការមានផ្ទៃពោះ និងទារក នៃសាកលវិទ្យាល័យ Texas បានមានប្រសាសន៍ថា ក្នុងត្រីមាសទី១នៃការមានផ្ទៃពោះ គឺជារយៈពេលដ៏សំខាន់ ដែលខួរក្បាលទារកកំពុងតែផលិតកោសិកាប្រសាទ និងកាសិកាដែលគាំទ្រដល់មុខងាររបស់កោសិកាប្រសាទ។
បើទោះបីជាការស្រាវជ្រាវនេះត្រូវបានធ្វើឡើងនៅលើសត្វ ក៏ប៉ុន្តែវេជ្ជបណ្ឌិត Peter ជឿជាក់ថា លទ្ធផលក៏អាចកើតមានលើមនុស្សដូចគ្នា។ ការស្រាវជ្រាវពីមុនក៏បានបង្ហាញផងដែរថា កង្វះអាហារូបត្ថម្ភរបស់ស្ត្រីមានផ្ទៃពោះ មានផលប៉ះពាល់ខ្លាំងដល់ការលូតលាសខួរក្បាលទារក។
វេជ្ជបណ្ឌិត Thomas Macdonald អ្នកស្រាវជ្រាវជាន់ខ្ពស់មានប្រសាសន៍ថា ការសិក្សានេះបានបង្ហាញបន្ថែមពីសារៈសំខាន់នៃសុខភាព និងអាហារូបត្ថម្ភរបស់ស្ត្រីមានផ្ទៃពោះ។ ជាពិសេស កង្វះអាហារូបត្ថម្ភអំឡុងពេលមានផ្ទៃពោះ រារាំងដល់ការវិវត្តនៃសរីរាង្គរបស់ទារក ហើយប្រសិនបើមានឥទ្ធិពលយូរអង្វែងលើកោសិកាខួរក្បាល អាចបណ្តោលឲ្យទារកមានភាពវៃឆ្លាតទាប និងនាំឲ្យមានបញ្ហាអាកប្បកិរិយា។ វេជ្ជបណ្ឌិត Thomas បង្ហាញយ៉ាងច្បាស់ថា អ្នកម្តាយអាចការពារបញ្ហាទាំងនេះបាន ដោយព្យាយាមទទួលទានដែលសម្បូរអាហារូបត្ថម្ភខ្ពស់។
ការថែរក្សាសុខភាពខ្លួនឯង គឺចាំបាច់សម្រាប់សុខភាពទារកដែលមិនទាន់កើត។ ទោះបីជាយ៉ាងអ្នកម្តាយគួរតែជៀសវាងអាហារសម្បូរខ្លាញ់ ព្រោះលទ្ធផលនៃការស្រាវជ្រាវបង្ហាញថា ការញ៉ាំខ្លាញ់ច្រើនពេកអាចជះឥទ្ធិពលអវិជ្ជមានដល់ទារកមិនទាន់កើត។ ការញ៉ាំអាហារដែលមានផាសុខភាពក្នុងកម្រិតមធ្យម វានឹងជួយអ្នកឲ្យទទួលបានសារធាតុចិញ្ចឹមគ្រប់គ្រាន់ ហើយការឡើងទម្ងន់ក៏មិនច្រើនដែរ៕