ការធ្វើលំហាត់ប្រាណក្នុងទឹក គឺជាវិធីសាស្ត្រមួយដែលអាចជួយបំបាត់អាការៈឈឺខ្នង រមួលក្រពើ ហើមជើង ស្ត្រេស… ដោយសារតែវាអាចជួយកាត់បន្ថយការកន្ត្រាក់សាច់ដុំ។
ចំណុចសំខាន់នៃការធ្វើលំហាត់ប្រាណក្នុងទឹក គឺស្ត្រីមានផ្ទៃពោះអាចធ្វើបានរហូតដល់ទៅ១ម៉ោងជាប់ៗគ្នា ព្រោះរាងកាយត្រូវបានសម្រាលឲ្យស្រាលដោយសារតែទឹក។ លើសពីនេះវាអាចជួយឲ្យស្ត្រីមានផ្ទៃពោះ មានអារម្មណ៍ស្រស់ស្រាយ និងគេងលក់ស្រួល។
សីតុណ្ហភាពនៅក្នុងទឹកមានចន្លោះពី ៣៣ទៅ៣៥អង្សាសេ អាចជួយជំរុញដល់ប្រព័ន្ធឈាមរត់ ព្រោះសរសៃឈាមពង្រីកធំដើម្បីធ្វើឲ្យសួត និងបេះដូងដំណើរការបានល្អ។ ការធ្វើលំហាត់ប្រាណក្នុងទឹក សក្តិសមសម្រាប់ស្ត្រីមានផ្ទៃពោះដែលមានបញ្ហាឈឺសាច់ដុំ ឬរមួលក្រពើញឹកញាប់។
ការធ្វើលំហាត់ប្រាណក្នុងទឹក មានសុវត្ថិភាពចំពោះស្ត្រីមានផ្ទៃពោះដែលមានអាយុចាប់ពី ៤ទៅ៨ខែ ដោយសារតែរចនាសម្ព័ន្ធនៃរាងកាយអំឡុងពេលមានផ្ទៃពោះ។
ទោះជាយ៉ាងណាការធ្វើលំហាត់ប្រាណក្នុងទឹកមិនមែនល្អសម្រាប់ស្ត្រីមានផ្ទៃពោះគ្រប់រូបនោះទេ ជាពិសេសស្ត្រីដែលមានហានិភ័យមួយចំនួនត្រូវបានហាមឃាត់។
- ស្ត្រីមានផ្ទៃពោះមានការកន្ត្រាក់ស្បូនញឹកញាប់
- មានសម្ពាធឈាមខ្ពស់
- ដង្ហើមញាប់
- មានការហូរឈាមតាមទ្វារមាស
- ធ្លាប់មានប្រវត្តិរលូតកូនញឹកញាប់
- មានជំងឺបេះដូង
- មានទឹកនោមផ្អែម…
ស្ត្រីដែលមានបញ្ហាទាំងអស់នេះ ត្រូវបានគេណែនាំមិនឲ្យធ្វើលំហាត់ប្រាណក្នុងទឹកឡើយ ព្រោះប្រព័ន្ធទឹកក្តៅ អាចធ្វើឲ្យសរសៃឈាមត្រូវបានពង្រីក។ លើសពីនេះប្រព័ន្ធឈាមវ៉ែនមានរំញ័រដែលបណ្តោលឲ្យមានការកន្ត្រាក់ស្បូនយ៉ាងងាយ អាចបង្កឲ្យមានការរលូតកើតឡើង។
ការធ្វើលំហាត់ប្រាណស្រាលៗ នៅក្នុងទឹក គឺជាជម្រើសដ៏ល្អមួយទៀតសម្រាប់អ្នកម្តាយសម័យទំនើប។ ប៉ុន្តែប្រសិនបើអ្នកម្តាយកំពុងតែរងបញ្ហាដូចដែលបានបង្ហាញពីខាងលើ សូមកុំធ្វើលំហាត់ប្រាណឲ្យសោះ៕