ការធ្លាក់កម្ទេសកម្ចីសៗធ្លាក់ពីលើក្បាល អមទៅដោយភាពរមាស់ គឺជាសញ្ញាមួយដែលបង្ហាញថា ស្បែកក្បាលរបស់អ្នកកំពុងតែប្រឈមនឹងបញ្ហាកើតអង្គែហើយ។
តើអង្គែនៅលើស្បែកក្បាលកើតចេញពីណា? សម្រាប់អ្នកម្តាយមានផ្ទៃពោះត្រូវបានគេសន្មត់ថា មកពីកម្រិតអ័រម៉ូននៅក្នុងរាងកាយមានការកើនឡើងឆាប់រហ័សពេក។ ប៉ុន្តែវាគ្រាន់តែជាមូលហេតុមួយក្នុងចំណោមបុព្វហេតុជាច្រើន នៃបញ្ហាអង្គែលើស្បែកក្បាលប៉ុណ្ណោះ។ អាការសធាតុក្តៅ ត្រជាក់ សំណល់គីមីនៅលើស្បែកក្បាលដោយសារការលាបថ្នាំសក់ ឬការប្រើសាប៊ូកក់សក់ ការថប់បារម្ភ និងស្ត្រេស ក៏អាចបង្កឲ្យមានបញ្ហាអង្គែដែរ។
តើគួរធ្វើដូចម្តេចនៅពេលអ្នកម្តាយមានផ្ទៃពោះកើតមានអង្គែ?
១.ជ្រើសរើសសាប៊ូកក់សក់ដែលត្រឹមត្រូវសម្រាប់ប្រភេទស្បែកក្បាលរបស់អ្នក ព្រោះការរក្សាអនាម័យ គឺមានសារៈសំខាន់ខ្លាំងណាស់។
២.ព្យាយាមប្តូរសាប៊ូកក់សក់ ប្រសិនបើរោគសញ្ញាមិនថមថយ។ នៅពេលកក់សក់ អ្នកគួរតែធ្វើវាថ្នមៗដូចជាការម៉ាស្សា ដើម្បីការពារស្បែកក្បាលមិនឲ្យរលាក ហើយត្រូវអនុវត្តបែបនេះរហូតទាល់តែបញ្ហាបាត់ទៅវិញ។
៣.បន្ទាប់ពីងូតទឹកហើយ អ្នកត្រូវយកកន្សែងជូតសម្អាត ហើយប្រើម៉ាស៊ីនផ្លុំតិចៗដើម្បីឲ្យវាឆាប់ស្ងួត។
ក្រៅពីនេះ អ្នកម្តាយមានផ្ទៃពោះគួរតែជៀសវាងធ្វើរឿងមួយចំនួន៖
១.ជៀសវាងលាងសម្អាតសក់ជាមួយទឹកក្តៅឧណ្ឌៗ ដោយសារតែកម្តៅនឹងរំលាយស្រទាប់ខ្លាញ់នៃស្បែកក្បាល ដែលធ្វើឲ្យស្បែកក្បាលស្ងួតកាន់តែខ្លាំង។
២.ជាពិសេសកន្សែងជូតសក់ មិនគួរប្រើលាយឡំជាមួយអ្នកដទៃដាច់ខាត។
៣.កុំចូលគេងទាំងសក់នៅសើមឲ្យសោះ។
៤.ប្រសិនបើការប្រើផលិតផលណាមួយមានបញ្ហារលាកដល់ស្បែកក្បាលដូចជា សាប៊ូកក់សក់ ឬប្រេងលាបសក់ គួរឈប់ប្រើភ្លាម។
៥.កុំអេស ឬសិតសក់របស់អ្នកខ្លាំងៗពេក ព្រោះវានឹងធ្វើឲ្យស្បែកក្បាលត្រូវក្បាលដាក់រលាត់ ហើយអង្គែកើតមានកាន់តែច្រើន។
៦.ប្រសិនបើស្បែកក្បាលរបស់អ្នកនៅតែមានបញ្ហាច្រើន សូមកុំប្រើផលិតផលផ្តេសផ្តាស់ គួរតែទៅជួបពេទ្យជំនាញប្រសើរជាង៕