នៅពេលមានជីវិតតូចមួយទៀតចូលមកនៅក្នុងផ្ទៃ អ្នកម្តាយត្រូវមានគោលដៅធ្វើយ៉ាងណាថែរក្សារាងកាយខ្លួនឯង និងទារកឲ្យមានសុខភាពល្អពេញលេញ។ ដូច្នេះអ្នកម្តាយត្រូវប្រយ័ត្ន និងត្រូវចេះការពារផលវិបាកអំឡុងពេលមានផ្ទៃពោះ។ ជាពិសេសអ្នកដែលមានជំងឺលើសឈាមមុន និងអំឡុងពេលមានផ្ទៃពោះ សូមព្យាយាមស្វែងយល់ផលវិបាកទាំងនេះ។
ជំងឺលើសឈាម អាចបណ្តោលឲ្យបេះដូងត្រូវប្រឹងបូមឈាម ដើម្បីផ្គត់ផ្គង់ឈាមដល់សរីរាង្គផ្សេងៗ។ ប្រសិនបើបេះដូង ធ្វើការខ្លាំងជ្រុល វាអាចបណ្តោលឲ្យគាំងបេះដូង ហើយវាក៏អាចប៉ះពាល់ដល់ថ្លើម តម្រងនោម ឬបណ្តោលឲ្យប្រេះសរសៃឈាមខួរក្បាល របស់អ្នកម្តាយផ្ទាល់តែម្តង។
ផលវិបាកចំពោះទារក សម្ពាធឈាមឡើងខ្ពស់ អាចធ្វើឲ្យខូចដំណើរការផ្លាស់ប្តូរអាហារ និងកាកសំណល់រវាងស្បូន និងសុក។ ការលូតលាស់របស់ទារកមានភាពខុសប្រក្រតី ខ្វះអុកស៊ីសែន ទារកអាចរលូត ឬស្លាប់ក្នុងផ្ទៃ។
ប៉ុន្តែជំងឺលើសឈាម អាចគ្រប់គ្រងបាន ប្រសិនបើស្ត្រីមានផ្ទៃពោះទៅពិនិត្យសុខភាពឲ្យបានទៀងទាត់តាមការណាត់ជួប និងប្រើប្រាស់ថ្នាំតាមវេជ្ជបញ្ជារឲ្យបានត្រឹមត្រូវ។
ក្នុងករណីដែលអ្នកម្តាយមានជំងឺលើសឈាមកម្រិតស្រាល អាចរក្សាសុខភាពតាមរយៈការសម្រាកឲ្យបានច្រើន ទទួលទានអាហារដែលមានផាសុខភាព ជៀសវាងអាហារប្រៃ និងមានសម្បូរខ្លាញ់។ លើសពីនេះអ្នកម្តាយពុំគួរបណ្តោលខ្លួនឲ្យធាត់ពេកនោះទេ គឺត្រូវធ្វើលំហាត់ប្រាណស្រាលៗ ដោយដើរ២០នាទីក្នុងមួយថ្ងៃ ដើម្បីធ្វើឲ្យចិត្តស្ងប់ស្ងាត់ និងគ្មានភាពភ័យព្រួយ។ ជាចុងក្រោយ ត្រូវជៀសវាងដែលធ្វើឲ្យអ្នកឆាប់ខឹង និងឆាប់រំភើបពេក ព្រោះវាអាចបង្កឲ្យមានបន្ទុកធ្ងន់ដល់សរសៃឈាម៕