ស្ត្រីដែលធ្លាប់កើតជំងឺបេះដូង ឬមានជំងឺបេះដូងពីកំណើត តើអាចមានផ្ទៃពោះបានទេ?

0
1

ជំងឺបេះដូង ត្រូវបានគេចាត់ទុកជាឃាតករលាក់មុខ ដែលអាចសម្លាប់មនុស្សបានភ្លាមៗ ហើយបច្ចុប្បន្នជំងឺមួយនេះក៏កើតមានច្រើនចំពោះស្ត្រីមានផ្ទៃពោះផងដែរ។ ជាពិសេសមនុស្សស្រីដែលចូលចិត្តធ្វើលំហាត់ប្រាណហួសប្រមាណ ញ៉ាំអាហារផ្អែមពេក ប្រៃពេក ឬអាហារសម្បូរជាតិខ្លាញ់។ ទម្លាប់ទាំងនេះធ្វើឲ្យប្រព័ន្ធដំណើរការក្នុងរាងកាយមានភាពមិនប្រក្រតី ហើយបេះដូងក៏ត្រូវប្រឈមនឹងជំងឺកើតឡើងដែរ។

តើស្ត្រីដែលមានជំងឺបេះដូង អាចយកកូនបានទេ?

ចំពោះអ្នកម្តាយដែលធ្លាប់មានជំងឺបេះដូងពីមុនមក ឬមានជំងឺបេះដូងពីកំណើត អាចប្រឈមនឹងបញ្ហាគាំងបេះដូងយ៉ាងងាយអំឡុងពេលមានផ្ទៃពោះ។ នេះដោយសារតែពេលមានផ្ទៃពោះ រាងកាយរបស់អ្នកម្តាយ​ មានការផ្លាស់ប្តូរអ័រម៉ូន បរិមាណជាតិទឹកឡើងខ្ពស់ សរសៃឈាមរីកធំ សម្ពាធឈាមទាប ធ្វើឲ្យបេះដូងត្រូវធ្វើការធ្ងន់រហូតដល់គាំង។ ដូច្នេះអ្នកម្តាយដែលមានប្រវិត្តកើតជំងឺបេះដូង គួរតែទៅពិនិត្យសុខភាពមុនពេលមានផ្ទៃពោះ និងតាមដានរោគសញ្ញាតាមកម្រិតដូចខាងក្រោម៖

១.កម្រិតទី១៖ ស្ត្រីអាចធ្វើការដោយមិនអស់កម្លាំង រួមទាំងការដើរ ឬហាត់ប្រាណ គឺមានភាពធម្មតា។

២.កម្រិទី២៖ នៅពេលដែលអ្នកធ្វើការ ឬដើរច្រើនចាប់ផ្តើមមានអារម្មណ៍ហត់នឿយជាងធម្មតា។ ប៉ុន្តែក្រោយពេលសម្រាកមួយរយៈ គឺរាងកាយមានសភាពធម្មតាវិញ។

៣.កម្រិតទី៣៖ ពេលអ្នកកំពុងតែឡើងជណ្តើរ ឬដើរច្រើន អ្នកមានអារម្មណ៍អស់កម្លាំង បេះដូងលោតញាប់ ដង្ហើមខ្លី ត្រូវប្រញាប់ទៅរកគ្រូពេទ្យភ្លាម។

៤.កម្រិតទី៤. ប្រសិនបើអ្នកកំពុងតែដើរយឺតៗ ឬក្រោយឈរដោយមិនបានប្រើកម្លាំងខ្លាំង តែមានភាពអស់កម្លាំង បានន័យថា បេះដូងរបស់អ្នក ស្ថិតក្នុងកដំណាក់កាលធ្ងន់ធ្ងរហើយ។ អ្នកគួរតែពិនិត្យ និងតាមដានសុខភាពជាមួយគ្រូពេទ្យឲ្យបានទៀងទាត់។

ចំពោះស្ត្រីដែលស្ថិតក្នុងកម្រិតទី១ និងទី២ អាចមានផ្ទៃពោះបានធម្មតា។ សម្រាប់ស្ត្រីដែលស្ថិតក្នុងកម្រិតទី៣ គ្រូពេទ្យនឹងពិនិត្យមើលថា ស្ថានភាពរាងកាយរបស់អ្នកអាចទ្រាំទ្ររួចឬអត់។ ប្រសិនបើអាចទៅរួច គ្រូពេទ្យអនុញ្ញាតឲ្យមានផ្ទៃពោះបាន ប៉ុន្តែត្រូវធ្វើការតាមដានសុខភាពជាប្រចាំ បើមានករណីមិនស្រួលណាមួយ អាចធ្វើការវះកាត់សម្រាលមុនពេលកំណត់ ដើម្បីសង្គ្រោះជីវិតម្តាយ។

ប៉ុន្តែសម្រាប់ស្ត្រីដែលមានជំងឺបេះដូង ស្ថិតក្នុងកម្រិតទី៤ គ្រូពេទ្យណែនាំឲ្យជៀសវាងមានផ្ទៃពោះ។ ព្រោះវាអាចបង្កគ្រោះថ្នាក់ទាំងម្តាយ និងកូន។ ប្រសិនបើមានផ្ទៃពោះ អាចមានហានិភ័យរលូត ឬអាចត្រូវគាំងបេះដូងស្លាប់ អំឡុងពេលសម្រាល៕

LEAVE A REPLY

Please enter your comment!
Please enter your name here