ធ្មេញពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការជួយបំបែកអាហារ និងបញ្ចេញសំលេងបានច្បាស់ល្អ។ ប៉ុន្តែធ្មេញអាចនឹងពុកខូច ឬមានការឈឺចាប់ភ្លាមៗ ប្រសិនបើវាប៉ះពាល់ញឹកញាប់ជាមួយនឹងរបស់ផ្អែម។
ហេតុនេះ អ្នកម៉ាក់គួរតែជួយសម្អាតធ្មេញកូនតូចឲ្យបានទៀងទាត់ ដោយប្រើក្រណាត់ស្អាតជ្រលក់ក្នុងទឹកក្តៅឧណ្ឌៗ មកជូតសម្អាតទាំងធ្មេញ ទាំងអញ្ចាញធ្មេញ និងអណ្តោត បន្ទាប់ពីពួកគេមឹមដោះ ឬញ៉ាំអាហារផ្សេងៗ។
ចំពោះកូនវ័យ ១៨ខែឡើងទៅ អ្នកអាចបង្រៀនពួកគេឲ្យចេះប្រើច្រាស់ដុះធ្មេញ ជាមួយថ្នាំដែលមានជាតិ fluoride កម្រិតទាប ហើយហាមកុំឲ្យពួកគេលេបឲ្យសោះ។ ជាពិសេសត្រូវខ្ពុរមាត់ជាមួយនឹងទឹកស្អាតភ្លាមៗ ពេលដុះធ្មេញរួច។
ម្យ៉ាងវិញទៀត ដើម្បីកាត់បន្ថយហានិភ័យដង្កូវស៊ីធ្មេញ អ្នកមិនត្រូវទម្លាប់ឲ្យពួកគេគេងមឹមទឹកដោះរហូតទាល់តែលក់នោះទេ ហើយក៏កុំឲ្យពួកគេញ៉ាំភេសជ្ជៈ ឬរបស់ដែលមានជាតិផ្អែម។ ចុងក្រោយត្រូវនាំកូនទៅជួបពេទ្យធ្មេញរៀងរាល់ ១២ខែម្តង៕