តើម៉ាក់ៗទាំងឡាយកំពុងតែមានបញ្ហាហើមជើងមែនទេ? អាការៈហើមជើង គឺជារោគសញ្ញាមួយក្នុងចំណោមរោគសញ្ញាជាច្រើនដែលម្តាយមានផ្ទៃពោះតែងតែជួបប្រទេះ។ ជាពិសេសនៅត្រីមាសចុងក្រោយ ដោយសារតែហេតុផលមួយចំនួនដូចជា ការផ្លាស់ប្តូរអ័រម៉ូន ស្បូនរីកធំដាក់សម្ពាធលើសរសៃវ៉ែនធ្វើឲ្យឈាមហូរទៅតំបន់ជើងមិនស្រួល ឬអ្នកម៉ាក់មានទម្លាប់ឈរច្រើនយូរពេក ជាដើម។
ទោះជាយ៉ាងណា អាការៈហើមជើងមិនមែនគ្មានវិធីដោះស្រាយនោះទេ អ្នកម៉ាកអាចការពារ និងបំបាត់រោគសញ្ញាបាន ប្រសិនបើអនុវត្តតាមការណែនាំទាំងនេះ។
១.ទទួលទានទឹកឲ្យបានច្រើនជាប្រចាំថ្ងៃ ព្រោះកង្វះជាតិទឹកនៅក្នុងរាងកាយ អាចធ្វើឲ្យអាការៈហើមកើតមានកាន់តែធ្ងន់ធ្ងរ។
២.ជៀសវៀងអាហារប្រៃ ព្រោះជាតិប្រៃច្រើនពេកអាចធ្វើឲ្យរាងកាយហើមបាន។
៣.គ្រប់គ្រងទម្ងន់ឲ្យមានភាពសមស្រប ដោយសារតែការលើសទម្ងន់បណ្តោយឲ្យមានបន្ទុកនៅលើជើងកាន់តែខ្លាំង។ ទីបំផុតអាការៈហើមនឹងកើតមានឡើង ហើយមានបញ្ហាដល់សុខភាពថែមទៀត។
៤.ធ្វើលំហាត់ប្រាណជាប្រចាំ ដូចជាការដើរ ហែលទឹក និងហាត់យូហ្គា ជាដើម។
៥.ពង្រឹងជើង និងកជើងរបស់អ្នក ដោយការធ្វើចលនាបង្វិលកជើងយឺតៗចុះឡើងៗ វានឹងជួយឲ្យចរន្តឈាមរត់បានល្អ និងជួយកាត់បន្ថយអាការៈហើមបាន។
៦.ជៀសវាងការដើរ ឬឈរយូរៗពេក គឺត្រូវសម្រាកឲ្យបានញឹកញាប់ ហើយអង្គុយចុះលើជើងឲ្យខ្ពស់បន្តិច ដើម្បីឲ្យឈាមរត់បានស្រួល។
៧.កុំអង្គុយគងទាក់ខ្លា ព្រោះវានឹងធ្វើឲ្យលំហូរឈាមរត់មិនស្រួល បណ្តោលឲ្យជើងហើម។ ប្រសិនបើអ្នកត្រូវអង្គុយយូរ គួរតែឧស្សាហ៍ផ្លាស់ប្តូរឥរិយាបទជាប្រចាំ ឬក្រោយដើររៀងរាល់១៥ ទៅ២០នាទីម្តង។
៨.នៅពេលគេង ត្រូវដាក់ជើងឲ្យខ្ពស់ជាងដងខ្លួនបន្តិច ដើម្បីជួយសម្រួលដល់ដល់បេះដូង ក្នុងការសប់បូមឈាមបញ្ចេញបញ្ចូល។
៩.កុំស្លៀកសម្លៀកបំពាក់ ពាក់ស្រោមជើង និងទ្រនាប់ជើងចង្អៀតខ្លាំងពេក ពុំដូច្នោះទេ វានឹងធ្វើឲ្យឈាមហូរមិនបានស្រួល។ ក្នុងករណីហើមជើង អ្នកគួរតែដោះស្រោមជើងចេញ និងផ្លាស់ប្តូរទ្រនាប់ជើងឲ្យមានទំហំឲ្យសមស្រប។
គន្លឹះទាំងប៉ុន្មាននៅខាងលើ មិនពិបាកអនុវត្តនោះទេ ប៉ុន្តែប្រសិនបើអាការៈហើមជើងនៅតែកើតមាន ឬមានភាពធ្ងន់ធ្ងរ គួរតែពិគ្រោះជាមួយអ្នកជំនាញ ដើម្បីពិនិត្យថា តើមានបញ្ហាសុខភាព ឬអត់៕