ថ្ងៃជិតសម្រាលកាន់តែខិតជិតមកដល់ ការព្រួយបារម្ភរបស់អ្នកម្តាយកើតមានកាន់តែខ្លាំង ហើយរឿងតែមួយគត់ដែលអ្នកម្តាយប្រាថ្នា គឺចង់ឲ្យការសម្រាលមានភាពរលូនល្អ។ ប៉ុន្តែមានបញ្ហាមួយដែលអាចកើតឡើងចំពោះស្ត្រីមានផ្ទៃពោះមួយចំនួនតូច គឺដល់ថ្ងៃកំណត់ហើយ ទារកនៅតែមិនទាន់បង្វិលក្បាលចុះទៀត។
ជាទូទៅនៅសប្តាហ៍ទី ៣៧ ទារក ត្រូវតែបង្វិលក្បាលចុះក្រោម ដោយសារតែផ្នែកខាងក្បាលធ្ងន់ជាងផ្នែករាងកាយ។ ប៉ុន្តែ ៣ទៅ ៤ភាគរយ នៃទារក នៅមានទីតាំងបញ្ជ្រាស់ដដែល។ តើមូលហេតុអ្វីទៅដែលធ្វើឲ្យទារក គ្រប់ខែហើយនៅតែមិនបង្វិលក្បាលចុះក្រោមទៀត?
មូលហេតុដែលធ្វើឲ្យទារក មិនបង្វិលក្បាលចុះ ដើម្បីត្រៀមខ្លួនក្នុងដំណើរការសម្រាលតាមធម្មជាតិ ដោយសារតែហេតុផលជាច្រើន៖
១.ទារកកើតមុនពេលកំណត់ ធ្វើឲ្យដំណើរការអភិវឌ្ឍមិនទាន់ឈានដល់ដំណាក់កាលតែត្រូវបង្វិល។
២.ការមានផ្ទៃពោះកូនភ្លោះ ធ្វើឲ្យចន្លោះនៅក្នុងស្បូនសល់កន្លែងទំនេរតិច ពិបាកដល់ទារកក្នុងការដាំក្បាលចុះក្រោម។
៣.បរិមាណទឹកភ្លោះច្រើនពេក ឬតិចខុសពីធម្មតា។
៤.មានពិការភាពពីកំណើត ឬមានបញ្ហាក្បាល និងប្រព័ន្ធប្រសាទរបស់ទារក។
៥.សុកពាំងមាត់ស្បូន ធ្វើឲ្យទារក មិនអាចបង្វិលក្បាលចុះក្រោមបាន។
៦.ភាពមិនប្រក្រតីនៃស្បូនរបស់អ្នកម្តាយ តាំងពីកំណើតដូចជា មានដុំសាច់នៅក្នុងស្បូន។
៧.ពោះលាតសន្ធឹងខ្លាំងពេក អាចបណ្តោលមកពីការមានផ្ទៃពោះច្រើនដង ហើយសាច់ពោះមានភាពទន់ខ្សោយ។
ក្នុងករណីកូននៅទីតាំងបញ្ជ្រាស់ អ្នកនៅតែអាចសម្រាលកូនដោយធម្មជាតិបាន ប្រសិនបើទារកមានទម្ងន់ចន្លោះពី ២៥០០ ទៅ ៣០០០ក្រាម។ ក៏ប៉ុន្តែអ្នកត្រូវតែទៅសម្រាលកូននៅមន្ទីរពេទ្យ ទើបមានសុវត្ថិភាព៕