ទារក ចាប់ពីកើតរហូតដល់អាយុ៦ខែ គ្មានអាហារ ឬទឹកដោះណាដែលមានលក្ខណៈសម្បត្តិល្អជាងទឹកដោះម្តាយឡើយ។ ព្រោះទឹកដោះម្តាយនឹងធ្វើឲ្យសរីរាង្គផ្សេងៗក្នុងរាងកាយធ្វើការមានតុល្យភាព បង្កើតភាពរឹងមាំសម្រាប់ទារកតាំងពីក្បាលដល់ចុងជើង។
ខួរក្បាល៖ បង្កើតបញ្ញា ឬ IQ
ទារក មានខួរក្បាលឆ្លាតវៃ នៅពេលពួកគេបៅដោះម្តាយ។ ដោយសារតែជាតិខ្លាញ់នៅក្នុងទឹកដោះម្តាយ ជួយជំរុញដល់ការលូតលាស់នៃជាលិកាប្រព័ន្ធប្រសាទ រំញោចសកម្មភាពកោសិកាប្រសាទ ធ្វើឲ្យការបញ្ជូនកម្លាំងសរសៃប្រសាទដំណើរការបានល្អ។ លទ្ធផលខួរក្បាល ឬ IQ មានការអភិវឌ្ឍបានល្អ ធ្វើឲ្យទារក មានភាពឆ្លាតវៃ។
ភ្នែក៖ ភ្នែកភ្លឺច្បាស់ល្អ
ទារកដែលបៅដោះម្តាយ មានភ្នែកល្អជាងទារក ដែលមិនបានបៅដោះម្តាយ។ ឱកាសនៃបញ្ហាមីញ៉ូប ត្រូវបានកាត់បន្ថយ ដោយសារតែទឹកដោះមានសារធាតុចិញ្ចឹមសម្រាប់ភ្នែក ដូចជាលូទីន(lutein)ជាដើម។
ត្រចៀក៖ កាត់បន្ថយការឆ្លងមេរោគត្រចៀក
ទារក ដែលបៅទឹកដោះម្តាយ មិនត្រឹមតែប្រព័ន្ធភាពស៊ាំមានសុខភាពល្អនោះទេ ពួកគេក៏អាចជៀសឆ្ងាយពីការឆ្លងមេរោគត្រចៀក ដូចជា ការហើម រលាក ឬអំបៅអំបែកជាដើម។
មាត់៖ មានសុខភាពល្អ
នៅពេលទារក បៅដោះម្តាយ ត្រូវប្រើកម្លាំងប៊ឺតជញ្ជក់ច្រើន ហើយវានឹងជួយរំញោចសាច់ដុំជុំវិញមាត់បានយ៉ាងល្អ។ រចនាសម្ព័នធ្មេញមានភាពរឹងមាំ ហើយស្អាតថែមទៀត។
លើសពីនេះទារក ក៏អាចទទួលអារម្មណ៍ពីរសជាតិ និងក្លិននៃទឹកដោះម្តាយផងដែរ។ ក្លិននឹងផ្លាស់ប្តូរទៅតាមអាហារដែលអ្នកម្តាយបានញ៉ាំ ដូច្នេះការយល់ឃើញអំពីរសជាតិ និងក្លិនកើតមានតាំងពីតូច។
បំពង់ក៖ នៅឆ្ងាយពីជំងឺរលាកបំពង់ក
ទឹកដោះម្តាយ អាចជួយកាត់បន្ថយស្ថានភាពនៃជំងឺរលាកបំពង់ក និងកាត់បន្ថយឱកាសវះកាត់ដុំសាច់ក្នុងខួរក្បាល នៅពេលធំឡើង។ ព្រោះសាច់ដុំមួយគូរដែលនៅខាងលើបំពង់ក គឺជារបាំងការពារមិនឲ្យមេរោគចូលក្នុងរាងកាយបាន។ ប៉ុន្តែនៅពេលរាងកាយចុះខ្សោយ សាច់ដុំទាំងគូរនោះនឹងធ្វើការលែងមានប្រសិទ្ធភាព ដែលធ្វើឲ្យបញ្ហារលាកកើតមានឡើង។
ប្រព័ន្ធភាពស៊ាំ៖ បង្កើនប្រព័ន្ធភាពស៊ាំរឹងមាំ
កុមារដែលបៅដោះម្តាយ នឹងធ្វើឲ្យប្រព័ន្ធភាពស៊ាំមានភាពរឹងមាំ អាចការពារជំងឺផ្សេងៗ រួមទាំងជំងឺមហារីកកូនកណ្តុលផងដែរ។ ដោយសារតែទឹកដោះម្តាយមានសារធាតុការពាររាងកាយ ដែលអាចជួយការពារ និងសម្លាប់មេរោគបាន។
ប្រព័ន្ធដង្ហើម៖ ប្រឆាំងនឹងបញ្ហាអាឡែកស៊ី ជំងឺហឺត
ទឹកដោះម្តាយ អាចជួយបង្កើតប្រព័ន្ធការពាររាងកាយឲ្យមានសុខភាពល្អ ដូច្នេះវាអាចជួយកាត់បន្ថយការឆ្លងមេរោគផ្លូវដង្ហើម។ លទ្ធភាពនៃការវិវត្តទៅជាអាឡែកស៊ី ជំងឺហឺត រលាកសួត និងផ្តាសាយទូទៅ ត្រូវបានកាត់បន្ថយ។ ដោយសារតែរាងកាយរឹងមាំ មានប្រព័ន្ធការពារល្អ ដែលអាចប្រឆាំងនឹងការបង្កជំងឺផ្សេងៗ។
ស្បែក៖ ធ្វើឲ្យស្បែកមានសុខភាពល្អ
ទារក ដែលបៅដោះម្តាយ អាចកាត់បន្ថយបញ្ហាអាឡែកស៊ីស្បែក បាន។ ព្រោះទឹកដោះម្តាយមានសមត្ថភាពអាចជួយបង្កើតប្រព័ន្ធភាពស៊ាំ ធ្វើឲ្យរាងកាយមានសុខភាពល្អ និងជួយកាត់បន្ថយបញ្ហាកន្ទួលរមាស់លើស្បែកផងដែរ។
បេះដូង៖ មានភាពរឹងប៉ឹង
ទារក ដែលបៅដោះម្តាយ មានកម្រិតកូលេស្តេរ៉ុលក្នុងឈាមទាប ជាងកុមារដែលបៅទឹកដោះគោ។ នៅពេលកូលេស្តេរ៉ុល ក្នុងរាងកាយមានកម្រិតទាប ជំងឺបេះដូង អាចការពារបាន ហើយបើមានជំងឺបេះដូងក៏កម្រិតតិចតួចបំផុត។
ប្រព័ន្ធអង់ដូគ្រីន (Endocrine)៖ កាត់បន្ថយអត្រាកើតជំងឺទឹកនោមផ្អែមចំពោះកុមារ
ដោយសារតែទឹកដោះម្តាយ មានជាតិផ្អែមធម្មជាតិ កុមារដែលបៅដោះម្តាយមិនធាត់នោះទេ។ ដូច្នេះឱកាសនៃការវិវត្តទៅជាជំងឺទឹកនោមផ្អែម គឺតិចជាងកុមារ ដែលបៅទឹកដោះគោ។ ដោយសារតែប្រូតេអ៊ីននៅក្នុងទឹកដោះគោ អាចជួយរំញោចរាងកាយឲ្យផលិតសារធាតុប្រឆាំងកោសិកាលំពែង ដែលផលិតអាំងស៊ុយលីន បណ្តោលឲ្យកម្រិតអាំងស៊ុយលីនធ្លាក់ចុះ ដូច្នេះការមឹមទឹកដោះគោកាន់តែច្រើន វាជំរុញហានិភ័យនៃជំងឺទឹកនោមផ្អែមកាន់តែខ្លាំង។
ពោះវៀន៖ ការបញ្ចេញចោបានល្អ
ទារក ដែលបៅដោះម្តាយ នឹងមានប្រព័ន្ធរំលាយអាហារល្អ គ្មានការទល់លាមក។ នេះដោយសារតែទឹកដោះម្តាយមានផ្ទុកសារធាតុចិញ្ចឹម ដែលគេហៅថា ជីវឧស្ម័នប្រូបាយអូទិក(probiotics) និងឡាក់តូបាស៊ីលីស(lactobacillus) ដែលជាអតិសុខុមប្រាណល្អសម្រាប់ ពោះវៀន។ លើពីនេះវាអាចជួយបំផ្លាញ់បាក់តេរីមិនល្អ ដូច្នេះឱកាសនៃការឆ្លងមេរោគគឺមានតិច។
តម្រងនោម៖ តម្រងនោមមានដំណើរការបានល្អ
ទារក ដែលបៅដោះម្តាយ នឹងមានប្រព័ន្ធតម្រងនោមដែលមានសុខភាពល្អ ព្រោះទឹកដោះម្តាយមានបរិមាណប្រូតេអ៊ីនត្រឹមត្រូវ។ មិនដូចទឹកដោះគោ មានមាតិកាប្រូតេអ៊ីនខ្ពស់ ជាលទ្ធផលធ្វើឲ្យតម្រងនោមធ្វើការកាន់តែខ្លាំង ពិបាកបញ្ចេញកាកសំណល់។ ប៉ុន្តែប្រូតេអ៊ីននៅក្នុងទឹកដោះម្តាយ អាចជួយឲ្យតម្រងនោមដំណើរការមានតុល្យភាព និងមិនមានជំងឺតម្រងនោមពេលអនាគត់។
ប្រព័ន្ធទឹកនោម៖ កាត់បន្ថយការឆ្លងមេរោគលើផ្លូវបង្ហូរនោម
ទារក បៅដោះម្តាយ អាចកាត់បន្ថយឱកាសនៃការឆ្លងមេរោគនៅក្នុងបំពង់ទឹកនោម ព្រោះទឹកដោះម្តាយអាចបង្កើតប្រព័ន្ធការពាររាងកាយបានល្អ។ កាត់បន្ថយការឆ្លងមេរោគក្នុងរាងកាយ ដូច្នេះការឆ្លងមេរោកនៅគ្រប់ប្រព័ន្ធទាំងអស់មិនតិច រួមទាំងផ្លូវបង្ហូរនោមផងដែរ។
ឆ្អឹង និងសាច់ដុំ៖ មានភាពរឹងមាំ
សារធាតុចិញ្ចឹម នៅក្នុងទឹកដោះម្តាយ រួមចំណែកជួយពង្រឹងដល់ឆ្អឹង និងសាច់ដុំឲ្យមានភាពរឹងមាំល្អ។ ខុសពីទារកដែលបៅទឹកដោះគោ អាចមានឆ្អឹងទន់ខ្សោយ និងសាច់ដុំទន់ជ្រាយ។
ការបំបៅដោះកូន មិនត្រឹមតែល្អសម្រាប់ប្រព័ន្ធសរីរាង្គនោះទេ អ្នកក៏មិនចាំបាច់ចំណាយប្រាក់ច្រើនដែរ។ គ្រាន់តែថែរក្សារាងកាយឲ្យមានសុខភាពល្អ តាមរយៈការទទួលទានអាហារដែលមានជីវជាតិ ធ្វើលំហាត់ប្រាណជាប្រចាំ និងសម្រាកឲ្យបានគ្រប់គ្រាន់ ជាការស្រេច៕