ការមានកូន មិនត្រឹមតែអាចជួយសាងចំណងអាពាហ៍ពិពាហ៍ ឲ្យកាន់តែមានភាពរឹងមាំនោះទេ វាក៏ធ្វើឲ្យជីវិតគ្រួសារមានភាពរីករាយពេញលេញផងដែរ។ ដូច្នេះគូស្វាមីភរិយា ជាច្រើនតែងព្យាយាមយកកូនភ្លាមៗបន្ទាប់ពីរៀបការហើយ។ ប៉ុន្តែក្នុងអំឡុងពេលមានផ្ទៃពោះ តើអ្នកដឹងពីរបៀបថែក្សាសុខភាពទាំងម្តាយ និងទារកក្នុងផ្ទៃឲ្យបានល្អហើយឬនៅ? ខាងក្រោមនេះ គឺជាគន្លឹះល្អមួយចំនួនសម្រាប់អ្នកម្តាយថ្មោងថ្មី៖
១.ញ៉ាំឲ្យត្រឹមត្រូវ
អ្នកម៉ាក់ត្រូវដឹងថា ការញ៉ាំពិតជាសំខាន់ណាស់ ព្រោះពេលនេះអ្នកមិននៅខ្លួនមួយដូចពីមុនទៀតទេ។ មិនថាអ្នកញ៉ាំអ្វី កូនរបស់អ្នកក៏ទទួលបានដូចគ្នាដែរ ហេតុនេះក្នុងអំឡុងពេលមានផ្ទៃពោះ អ្នកគួរតែមានការប្រុងប្រយ័ត្នបន្ថែម និងទទួលទានអាហារដែលសម្បូរសារធាតុចិញ្ចឹម កុំធ្វើតាមមាត់ឃ្លានឲ្យសោះ។
២.ធ្វើលំហាត់ប្រាណ
អ្នកម៉ាក់ ត្រូវចំណាយពេលខ្លះជាមួយនឹងការធ្វើលំហាត់ប្រាណដូចជា ការដើរជាដើម។ ព្រោះវានឹងជួយកាត់បន្ថយហានិភ័យនៃជំងឺផ្សេងៗក្នុងពេលសម្រាល ហើយអ្នក និងកូនក្នុងផ្ទៃក៏មានសុខភាពល្អដែរ។
៣.គ្រប់គ្រងទម្ងន់
ការឡើងទម្ងន់អំឡុងពេលមានផ្ទៃពោះ គឺជារឿងធម្មតា ក៏ប៉ុន្តែមិនត្រូវបណ្តោលឲ្យការឡើងទម្ងន់ជ្រុលនោះទេ។ ដោយសារតែវាអាចបង្កគ្រោះថ្នាក់ ទាំងម្តាយ និងកូនក្នុងផ្ទៃ។ ដូច្នេះ បើអ្នកចង់ទទួលទានអាហារបំប៉ន គួរតែគ្រប់គ្រងបរិមាណឲ្យបានត្រឹមត្រូវ ហើយការឡើងទម្ងន់គួរតែមានចាប់ពី ១១ ទៅ ១៥គីឡូក្រោម នៃសមាមាត្ររាងកាយរបស់អ្នកគឺគ្រប់គ្រាន់ហើយ។
៤.កាត់បន្ថយជាតិកាហ្វេអ៊ីន
មិនថា អ្នកចូលចិត្តភេសជ្ជៈប្រភេទនេះខ្លាំងប៉ុណ្ណោនោះទេ អ្នកត្រូវតែផ្អាកបណ្តោះអាសន្នសិនទៅ ខណៈមានផ្ទៃពោះ។ ព្រោះវានឹងជំរុញឲ្យមានសម្ពាធក៏ដូចជាចង្វាក់បេះដូង ប៉ះពាល់ដល់ការលូតលាស់របស់ទារកក្នុងផ្ទៃ។ ដូច្នេះសូមព្យាយាមងាកចេញពីរឿងមួយនេះ មួយរយៈសិន ដើម្បីកូនក្នុងផ្ទៃមានសុខភាពល្អ។
៥.ផឹកទឹកឲ្យបានច្រើន
កុំគិតថា ទឹកមិនសំខាន់ឲ្យសោះ ព្រោះការពិតវាប៉ះពាល់រយៈពេលនៃការមានផ្ទៃពោះខ្លាំងណាស់។ ប្រសិនបើអ្នកមិនទទួលទានទឹកបានគ្រប់គ្រាន់ទេ អ្នកអាចប្រឈមនឹងជំងឺជាច្រើនដូចជា ឬសដូងបាត អស់កម្លាំង សម្រាលកូនមិនគ្រប់ខែ ជាដើម។
៦.ឈប់ជក់បារី
ការជក់បារី សព្វថ្ងៃនេះត្រូវបានគេចាត់ទុកថា ជាកំហុសធ្ងន់ធ្ងរណាស់ ព្រោះវាធ្វើឲ្យប៉ះពាល់ពាល់ដល់ទារកដោយផ្ទាល់។ ជាពិសេស ទារកលូតលាស់មិនបានល្អ និងប្រឈមជំងឺមហារីក ជាដើម។
៧.កុំប្រើប្រាស់ដោយគ្មានវេជ្ជបញ្ជារ
ក្នុងអំឡុងពេលមានផ្ទៃពោះ អ្នកគួរប្រយ័ត្នចំពោះការប្រើប្រាស់ថ្នាំ ជាពិសេសបើមិនចាំបាច់។ ព្រោះថ្នាំមួយចំនួនអាចប៉ះពាល់ដល់ទារក ហេតុនេះមុននឹងទិញថ្នាំណាមួយមកប្រើ សូមសិក្សាព័ត៌មាន ឬព្រោះជាមួយគ្រូពេទ្យឲ្យបានត្រឹមត្រូវ។
៨.ជៀសវាងគ្រឿងស្រវឹង
អ្នកម្តាយត្រូវដឹងថា នៅពេលទទួលទានគ្រឿងស្រវឹង ជាតិអាល់កុលនឹងចូលទៅក្នុងចរន្តឈាម ហើយបញ្ជូនបន្តទៅទារក។ លទ្ធផល វាអាចបង្កផលវិបាកធ្ងន់ធ្ងរដល់ទារក ដូចជាមានការវិវត្តខុសប្រក្រតី។ ដូច្នេះអំឡុងពេលនេះ អ្នកម្តាយ គួរតែជំនួសដោយទឹក ឬទឹកផ្លែឈើជំនួសវិញល្អជាង៕